លោក ហួត រ៉ាដេត នាយកប្រតិបត្តិក្រុមហ៊ុនសាច់ជ្រូកជាតិ អ អេស ហ្វាម បានលើកឡើងថា ការនាំចូលសាច់បង្កកពីក្រៅស្រុកមកកាន់ទីផ្សារកម្ពុជា ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ប្រសិនបើការនាំចូលនោះជាប្រទេសសាច់មិនមានស្ដង់ដា និងគុណភាពល្អ ដ្បិតសាច់ប្រភេទនេះវាតម្លៃថោកជាងតម្លៃសាច់សត្វក្នុងស្រុក។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នទីផ្សារសាច់ជ្រូកមិនទាន់អាចលក់បានក្នុងតម្លៃល្អប្រសើរនៅឡើយទេ ពិសេសការលក់បោះដុំហាក់មានភាពលំបាកបន្តិច ដោយសាច់ជ្រូក១គីឡូក្រាមអាចលក់បានក្នុងតម្លៃរង្វង់១ម៉ឺនរៀលប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យជ្រូករស់មិនអាចលក់បានថ្លៃ។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យរាជរដ្ឋាភិបាលគួររឹតបន្តឹង ឬបិទការនាំចូលទាំងស្រុងសម្រាប់សាច់បង្កកមិនមានគុណភាព ដើម្បីផ្ដល់ឱកាសដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។
ជាមួយគ្នានេះ លោក សុក សីហា អនុប្រធានសមាគមចិញ្ចឹមមាន់ បានអះអាងថា ជាទូទៅការចិញ្ចឹមសត្វមាន់ គឺមានគោលបំណងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដោយមិនទាន់អាចនាំចេញទៅលក់នៅទីផ្សារក្រៅស្រុកបាននោះទេ គួបផ្សំផ្លៃដើមផលិតមានតម្លៃខ្ពស់ ដូចនេះការហូរចូលសាច់បង្កកពីក្រៅស្រុកមានចំនួនច្រើននោះនឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុកជាក់ជាមិនខាន។ តែយ៉ាងណាការនាំចូលសាច់សត្វបង្កក ដែលមានស្ដង់ដា និងគុណភាពល្អ មិនបានជះផលប៉ះពាល់នោះទេ ដោយសារអ្នកចិញ្ចឹមសត្វក្នុងស្រុកអាចមានឱកាសប្រកួតប្រជែងជាមួយទីផ្សារតម្លៃបាន។ ទន្ទឹមនឹងនេះ អនុប្រធានសមាគមចិញ្ចឹមមាន់រូបនេះ ស្នើឱ្យពលរដ្ឋជួយគាំទ្រសាច់សត្វក្នុងស្រុក និងស្នើដល់រដ្ឋាភិបាលជួយទប់ស្កាត់ការនាំចូលសាច់បង្កកខុសច្បាប់ឱ្យបានតឹងបន្ថែមទៀត។
មិនខុសគ្នានោះទេ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា យល់ថា សាច់បង្កកដែលនាំចូលមកក្នុងទីផ្សារកម្ពុជា សព្វថ្ងៃនេះ វាពិតជាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងធ្វើឱ្យជះផលប៉ះពាល់ដល់ការផលិតរបស់កសិករ និងក្រុមហ៊ុនផលិតក្នុងស្រុកពិតប្រាកដមែន ដែលកត្តានេះ លោកស្នើដល់ស្ថាប័នពាក់ព័ន្ធជួយចាត់វិធានការណ៍ដោះស្រាយលើបញ្ហានេះ។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីប្រកាសជុំវិញការបញ្ចប់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក៕
អត្ថបទ៖ ជា ម៉ារ៉ា