ទោះយ៉ាងណា បច្ចុប្បន្ននេះ សកម្មភាពនៃការនាំចូលសត្វជ្រូក និងសាច់ជ្រូក ដោយខុសច្បាប់ពីប្រទេសជិតខាង នៅតែមានបន្ដកើតមានជាហូហែរដដែល ពិសេសការនាំចូលពីប្រទេសវៀតណាម តាមច្រករបៀងមួយចំនួន ក្នុងខេត្តស្វាយរៀង ដែលជាខេត្តជាប់ព្រំប្រទល់ប្រទេសវៀតណាមតែម្ដង។ ជុំវិញបញ្ហានេះ ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុកក៏បានបង្ហាញពីការព្រួយបារម្ភ ចំពោះទីផ្សារជ្រូករស់ និងសាច់ជ្រូករបស់កសិករខ្មែរ ខណៈសកម្មភាពនៃការនាំចូលសត្វជ្រូក និងសាច់ជ្រូកខុសច្បាប់ ពីប្រទេសជិតខាងចូលមកកម្ពុជា នៅតែបន្ត បើទោះបីជាមានការបង្ក្រាបពីខាងអាជ្ញាធរយ៉ាងណាក្ដី។
លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានអះអាងប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ពិតណាស់ សព្វថ្ងៃ សកម្មភាពនៃការនាំចូលជ្រូកខុសច្បាប់នៅតែបន្តកើតមាន ជារៀងរាល់ថ្ងៃ ពិសេសការនាំចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាម។ បើតាមលោក ស្រ៊ុន ពៅ ដ្បិតស្ថានភាពក្នុងវិស័យចិញ្ចឹមជ្រូកនៅកម្ពុជា នៅមានភាពនឹងនរនៅឡើយ តែសកម្មភាពនៃការនាំចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ក៏អាចជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់ទីផ្សារជ្រូករស់ និងក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុកដែរ ខណៈសព្វថ្ងៃ ទីផ្សារជ្រូករស់នៅតែរក្សាតម្លៃ ពី ១ម៉ឺន២ពាន់រៀល ទៅ១ម៉ឺន៣ពាន់រៀល ក្នុងមួយគីឡូក្រាមដដែល។ ក៏ប៉ុន្តែ ថ្លៃដើមនៃការចិញ្ចឹមវិញបានឡើងថ្លៃជាបន្តបន្ទាប់ ដែលអាចប៉ះពាល់ការចិញ្ចឹម និងសេដ្ចកិច្ចរបស់ប្រជាពលរដ្ឋ។
ដោយឡែក លោក មៀច ពុទ្ធា កសិករចិញ្ចឹមជ្រូកម្នាក់ នៅក្នុងខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ ថា ការចិញ្ចឹមជ្រូក នាពេលបច្ចុប្បន្ន មានសភាពជាធម្មតា និងមិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ខណៈតម្លៃជ្រូករស់វិញ ទើបតែប្រសើរឡើង នារយៈពេលប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ ដែលមានតម្លៃចន្លោះ ១ម៉ឺន១ពាន់រៀល ទៅ១ម៉ឺន២ពាន់រៀល ក្នុងមួយគីឡូក្រាម។ យ៉ាងណាក៏ដោយ កសិកររូបនេះ ក៏បានកត់សម្គាល់ឃើញថា បច្ចុប្បន្ន សកម្មភាពនៃការនាំចូលជ្រូករស់ខុសច្បាប់ពីខាងក្រៅ នៅតែបន្តដែលជាក្ដីព្រួយបារម្ភសម្រាប់កសិករ ព្រោះបញ្ហានេះអាចប៉ះពាល់ដល់ទីផ្សារជ្រូកក្នុងស្រុក គួបផ្សំថ្លៃដើមកាន់តែខ្ពស់ដែលធ្វើឲ្យកសិករប្រឈមនឹងការខាតបង់។
ជុំវិញបញ្ហានេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសង្កេតឃើញថា បច្ចុប្បន្ននេះ មានអាជីវករមួយចំនួនបានលួចនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង ចូលមកខេត្តស្វាយរៀង តាមច្រករបៀងមួយចំនួន ដោយមិនបានត្រួតពិនិត្យសុខភាពសត្វឲ្យបានត្រឹមត្រូវ និងមួយផ្នែកធ្វើឲ្យបាត់បង់ចំណូលពីការបង់ពន្ធចូលថវិកាជាតិ។ ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានគូសបញ្ជាក់ដូច្នេះថា ដើម្បីចូលរួមទប់ស្កាត់បញ្ហាកើតមានអសកម្មខាងលើ រដ្ឋបាលខេត្តស្វាយរៀង បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមច្រកព្រំដែន ត្រូវផ្ដល់កិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួមទប់ស្កាត់ និងចាត់វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក និងសាច់ជ្រូក ដែលគ្មានការអនុញ្ញាត។ សារព័ត៌មានឌីជីថលខេមបូណូមីស ក៏បានទាក់ទងទៅឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វដែរ ជុំវិញបញ្ហានេះ ប៉ុន្ដែ មិនទាន់មានការឆ្លើយតបនោះទេ។
សូមបញ្ជាក់ថា បច្ចុប្បន្ន វិស័យចិញ្ចឹមជ្រូកនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងអាចផ្គត់ផ្គង់ជ្រូករស់ដោយខ្លួនឯង នៅលើទីផ្សារក្នុងស្រុក ដោយមិនចាំបាច់នាំចូលជ្រូករស់ពីខាងក្រៅ។ ជាក់ស្ដែង បច្ចុប្បន្ន ជាមធ្យម កម្ពុជា មានតម្រូវការជ្រូករស់លើទីផ្សារ ប្រមាណ ៨ពាន់ក្បាល ក្នុងមួយថ្ងៃ ខណៈកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់ជ្រូករស់ ដោយខ្លួនឯង១០០ភាគរយ។ នេះបើតាមការគូសបញ្ជាក់ពីលោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា៕