អ្នកនាំពាក្យអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ថា IMF បានគូសបញ្ជាក់ បច្ចុប្បន្ននេះអាហ្វហ្គានីស្ថាន ខ្វះខាតនូវភាពច្បាស់លាស់ នៃក្បាលម៉ាស៊ីនដឹកនាំរដ្ឋ ខណៈក្នុងសហគមន៍អន្តរជាតិ ក៏មិនទាន់ មានការទទួលស្គាល់ រដ្ឋាភិបាល ក្រុមតាលីបង់ជាផ្លូវការណាមួយនោះដែរ។ ប្រការនេះ IMF បានសម្រេចផ្អាកសិទ្ធិពិសេសក្នុងការដកយកប្រាក់ទុនបម្រុងរបស់ អាហ្វហ្គានីស្ថាន ដើម្បីធានាថា ប្រាក់ទាំងនេះ នឹងមិនធ្លាក់ក្នុងដៃក្រុមតាលីបង់។
នេះមិនមែនជារឿងថ្មីនោះទេ មែនទែនទៅវាជាទម្លាប់មួយរបស់ IMF ក្នុងការផ្អាកការដកយកទុនបម្រុងពីប្រទេសសមាជិកណាមួយ ក្នុងពេលដែលប្រទេសនោះកំពុងស្ថិតក្នុងភាពចលាចល ឬការបែកបាក់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋ ដែលអាចបណ្តាលមកពីការធ្វើរដ្ឋប្រហារ ឬជម្លោះនយោបាយក្រោយការបោះឆ្នោតជាដើម។
ជាក់ស្តែង IMF ក្នុងពេលថ្មីៗនេះ ក៏បានធ្វើរឿងដូចគ្នាទៅលើប្រទេសភូមាដែរ ក្រោយពីរដ្ឋាភិបាលស៊ីវិលត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច។ ដោយឡែកកាលពីឆ្នាំ២០១៩ IMF បានផ្អាកការដកយកទុនបម្រុងរបស់ ប្រទេសវេណេហ្សូឡា ថែមទៀត ក្រោយមានជម្លោះពីការបោះឆ្នោតរវាងលោក នីកូឡាស ម៉ាឌូរ៉ូ និង លោកហ៊័ន កៃដូ ដែលបានធ្វើឲ្យ ជាប់គាំងក្នុងការដំណើរការរដ្ឋាភិបាល។
សូមជម្រាបថា ចាប់តាំងពីក្រុមតាលីបង់បាន បានយកឈ្នះលើរដ្ឋាភិបាលអាហ្វហ្គានីស្ថានកាលពីដើមសប្តាហ៍នេះរួចមក ពុំទាន់មានប្រទេសណាមួយចេញមុខទទួលស្គាល់ក្រុមតាលីបង់ថា ជារដ្ឋាភិបាលស្របច្បាប់របស់អាហ្វហ្គានីស្ថាននោះទេ។ ផ្ទុយទៅវិញប្រទេសជាច្រើន ពិសេស ប្រទេសនៅបស្ចិមលោក បានបង្ហើបថា ខ្លួនមិនមានគម្រោងទទួលស្គាល់ក្រុមតាលីបង់ឡើយ ដោយពួកគេបារម្ភតែពីសុវត្ថិភាពជនភៀសខ្លួន និងពលរដ្ឋអាហ្វហ្គានីស្ថានស្លូតត្រង់ប៉ុណ្ណោះ៕