Advertisement
សហគ្រិនភាព-ជំនួយ​អាមេរិក

អាមេរិក​ជួយ ១០លានដុល្លារដើម្បីគាំទ្រ​សហគ្រិន​ស្ត្រីវ័យ​ក្មេង​នៅ​កម្ពុជា


សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍អន្តរជាតិរបស់​ខ្លួនហៅកាត់ថា USAID បាន​ប្រកាស​ចាប់​ផ្ដើម​គម្រោង​គាំទ្រ​សហគ្រិន​ស្ត្រី​វ័យ​ក្មេង​​កម្ពុជា ក្នុង​ទឹកប្រាក់​ប្រមាណ ១០លានដុល្លារ​អាមេរិក សម្រាប់រយៈពេល​ ៥ឆ្នាំ ពីឆ្នាំ​២០១៨ ដល់ឆ្នាំ​២០២៣។
គម្រោង សហគ្រិន​នារី​សកម្ម សម្ពោធ​ចាប់ផ្ដើម​នៅ​ថ្ងៃទី៦ មីនា ២០១៩។
ដោយ
Advertisement

គម្រោង​ដែលមានឈ្មោះថា សហគ្រិន​នារី​សកម្ម (WE Act) ដែល​ជាជំនួយ​របស់​អាមេរិកនេះ អនុវត្ត​ដោយ​អង្គការ ផេកកម្ពុជា និង​ប្រកាស​ចាប់ផ្ដើម​កាល​ពី​ថ្ងៃទី៦ មីនា កន្លង​ទៅនេះ ដោយមាន​ការចូលរួម​ពីតំណាងមក​ពី​​ទីភ្នាក់ងារ USAID ក្រសួង​អប់រំ យុវជន និងកីឡា និង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។ 

ថ្លែងក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គម្រោង សហគ្រិន​នារី​សកម្ម លោកស្រី វីណា រេដឌី នាយិកាបេសកកម្ម​ស្ដីទី​របស់ USAID មានប្រសាសន៍ថា «ទិសដៅរបស់​យើង គឺ​ផ្ដល់​សិទ្ធិ​អំណាច​ដល់ស្ត្រី​ដើម្បីដឹកនាំ​ជីវិត​ដែល​ពួកគេ​ជ្រើសរើស​សម្រាប់​ខ្លួន​ឯង សម្រាប់​គ្រួសារ និង​សហគមន៍​របស់ពួកគេ។ យើង​ជឿថា ការគាំទ្រ​ដល់​សហគ្រាស​ដែលមាន​ស្ត្រី​ជា​ម្ចាស់ នឹងជួយ​ស្ត្រី​វ័យក្មេងទាំងនេះ ទទួលបាន​តួនាទី​ជាអ្នកដឹកនាំ​នៅ​ក្នុង​សង្គម​កម្ពុជា»។ 

របាយការណ៍ស្រាវជ្រាវ​បង្ហាញថា នៅកម្ពុជា ស្ត្រី​ជាង ៦០% មាន​អាជីវកម្ម​ផ្ទាល់ខ្លួន អាជីវកម្មតូចតាច​ដែល​មានបុគ្គលិកចាប់ពី ១០នាក់​ឡើង​ទៅ មានចំនួន ២៦%។ ប៉ុន្តែ អាជីវកម្ម​របស់​ស្ត្រី​បាន​ចុះ​បញ្ជី​ជាផ្លូវការក្នុង​ចំនួនតិចជាង ២% ប៉ុណ្ណោះ ដែល​នេះ​បង្ហាញថា នៅមាន​ឧបសគ្គ​ចំពោះ​សហគ្រិន​ស្ត្រី ដែលគេមិនទាន់ដោះស្រាយ។

លោកស្រី សាប៊ីន យុគ្គ នាយិកា​អង្គការ ផេក ប្រចាំកម្ពុជា និងជាអ្នកដឹកនាំ​គម្រោង​ សហគ្រិន​នារីសកម្ម ថ្លែងថា គម្រោង​នេះ​​គឺដើម្បី​ផ្ដល់​សិទ្ធិ​អំណាច​ដល់​សហគ្រិន​នារី ដោយធ្វើការជាដៃគូ​ជាមួយ​ដៃគូដែលកំពុង​ពង្រីក​សេវាកម្ម​របស់​ខ្លួន ដល់សហគ្រិន​វ័យ​ក្មេង​ និង​ធ្វើការរួមគ្នា​ជាប្រព័ន្ធ​ ក្នុង​ទិសដៅ​លើក​ស្ទួយ​សហគ្រិន​ស្ត្រី នៅក្នុង​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ ឆ្ពោះ​ទៅរក​ភាព​រីកចម្រើ​និង​ភាពជោគជ័យ។

ទាក់ទង​នឹង​វិស័យ​សហគ្រិនភាព​នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បាន​ចាប់ផ្ដើម​កម្មវិធី​បណ្ដុះ​បណ្ដាល​អំពី​សហគ្រិន​ភាព ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សិក្សា​នៅ​កម្រិត​វិទ្យាល័យ ចាប់តាំងពី​ដើម​ឆ្នាំ​២០១៧ មក។ 

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួងអប់រំ មានប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រកាស​គម្រោង សហគ្រិន​នារី​សកម្ម ថា «យើងចង់​ឲ្យ​សិស្សានុសិស្ស​ចេះ​ដឹង​ពីរបៀប​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន ស្របទៅតាម​សក្ដានុពល​របស់​ខ្លួន។ យើង​ចង់​ឃើញ​សិស្សានុសិស្ស​នៅតាម​សាលា ចូលរួម​សិក្សា​រៀនសូត្រ​ពីជំនាញ​សហគ្រិន និង​បំនិន​ជីវិត»។ 

លោកជំទាវបន្តថា យើង​​ចង់​បាន​ការគាំទ្រ​បន្ថែមទៀត ពីដៃគូ​អភិវឌ្ឍន៍​ទាំងអស់ រួមទាំង​អង្គការ ផេក ផងដែរ ដោយ​សង្ឃឹមថា សហគ្រិន​ជំនាន់​ថ្មី​នឹង​អាច​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការ​បង្កើត​ការងារ​ដោយការបណ្ដាក់ទុនរបស់​ពួកគេ។

គួរបញ្ជាក់ថា បើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ ផេកកម្ពុជា គម្រោង​ សហគ្រិន​នារី​សកម្ម​ នេះ ផ្ដោត​សំខាន់ទៅ​លើ​សហគ្រិន​នារី​ អាយុពី១៥ឆ្នាំ ដល់​ ៣៥ឆ្នាំ នៅ​ក្នុងទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង រួមទាំង​ខេត្តពីរផ្សេងទៀត នៅ​ថ្ងៃ​ខាងមុខ៕ 




អត្ថបទបន្ទាប់


ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី រួមគ្នា កាត់បន្ថយការនាំចេញកៅស៊ូ ដើម្បីស្ដារតម្លៃទីផ្សារសកលឡើងវិញ

ព័ត៌មាន
ក្នុងរយៈពេល ៤ ខែ កៅស៊ូប្រមាណ ២៤ ម៉ឺនតោន ត្រូវបានប្រទេសផលិតជ័រកៅស៊ូធំៗបី នៅអាស៊ាន គឺឥណ្ដូនេស៊ីថៃ និងម៉ាឡេស៊ី បានប្រកាសនឹងកាត់បន្ថយ...

តើ​អ្នកសារព័ត៌មាន​ស្ត្រី​និយាយ​អ្វីខ្លះ នា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំនេះ?

ព័ត៌មាន
មួយថ្ងៃ​នៅមុន​ទិវា​នារី​អន្តរជាតិ ៨ មីនា ក្រុម​អ្នកសារព័ត៌មាន​លេច​ធ្លោ​មួយ​ក្រុម​បាន​បើក​កិច្ច​ពិភាក្សា​គ្នា​មួយ នៅ​ក្នុង​វេទិកា​តុម...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ