ក្នុងការពិគ្រោះយោបល់ ដែលធ្វើឡើងជាមួយមន្ត្រីជាន់ខ្ពស់វៀតណាមនាពេលថ្មីៗនេះ លោកស្រី Era Dabla-Norris ប្រធានបេសកកម្មប្រចាំប្រទេសវៀតណាម និងជាប្រធានផ្នែកនៅក្នុងនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បាននិយាយថា ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនទំនងជាមានផលប៉ះពាល់កម្រិតមធ្យមទៅលើល្បឿននៃការងើបឡើងវិញ និងអតិផរណានៅក្នុងប្រទេសវៀតណាម។
ទោះបីជាមានការកើនឡើងនៃតម្លៃទំនិញ និងវត្ថុធាតុដើមក៏ដោយ IMF ជឿជាក់ថា អតិផរណានៅតែស្ថិតក្រោមការគ្រប់គ្រងបាន ដែលនេះក៏បង្ហាញឱ្យឃើញថា សកម្មភាពសេដ្ឋកិច្ចវៀតណាមនៅតែមានកម្រិតមធ្យម។ IMF រំពឹងថា អតិផរណារបស់វៀតណាមនឹងឈានដល់ ៣,៩% នៅចុងឆ្នាំនេះ។ ចំណែក GDP វិញ ត្រូវបានគេរំពឹងថា នឹងកើនឡើង ៦% នៅឆ្នាំ២០២២ និង ៧,២% នៅឆ្នាំ ២០២៣ ។
ជាមួយគ្នានេះ ធនាគាររដ្ឋវៀតណាមក៏បានកំណត់គោលដៅអតិផរណាមិនឱ្យលើសពី ៤%នៅឆ្នាំនេះផងដែរ។
ជាមួយគ្នានេះដែរ ធនាគារ Standard Chartered ក៏បានព្រមានអំពីការកើនឡើងសម្ពាធអតិផរណានៅក្នុងប្រទេសវៀតណាម ដោយលើកឡើងពីការផ្គត់ផ្គង់ទំនិញ និងភាពតានតឹងភូមិសាស្ត្រនយោបាយ។ ធនាគារនេះ ជឿជាក់ថាសន្ទស្សន៍តម្លៃការប្រើប្រាស់នឹងលើសពី ៤% នៅឆ្នាំ ២០២២ ហើយថែមទាំងឈានដល់ ៥,៥% នៅឆ្នាំ ២០២៣ ។
ទោះបីជាយ៉ាងនេះក្តី តំណាង IMF បាននិយាយថា ដើម្បីឱ្យសេដ្ឋកិច្ចវៀតណាមរីកចម្រើន និងគ្រប់គ្រងអតិផរណាក្នុងពេលតែមួយ គឺត្រូវបង្កើតគោលនយោបាយឲ្យបានឆាប់រហ័ស និងរចនាសម្ព័ន្ធនៃកញ្ចប់ជំនួយគោលនយោបាយគួរតែមានភាពបត់បែន និងកែតម្រូវទៅតាមល្បឿននៃការងើបឡើងវិញនៃសេដ្ឋកិច្ច។
តំណាង IMF បាននិយាយបន្តថា "ការអនុវត្តទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចសង្គម នឹងមានសារៈសំខាន់ណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ កម្មវិធីនេះ ផ្តល់អាទិភាពដល់វិស័យសុខាភិបាល និងការស្តារឡើងវិញ ហើយផ្តោតលើការរំពឹងទុកកំណើនរយៈពេលមធ្យម។ ទាក់ទងនឹងគោលនយោបាយរូបិយវត្ថុ IMF ណែនាំវៀតណាមឱ្យប្រុងប្រយ័ត្នចំពោះការកើនឡើងសម្ពាធអតិផរណាផងដែរ ប្រសិនបើសម្ពាធអតិផរណានៅតែបន្តកើតមាន ហើយធនាគាររដ្ឋវៀតណាមគួរតែរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដើម្បីជួយគ្រប់គ្រងអតិផរណានេះ។
អ្នកជំនាញ IMF បាននិយាយទៀតថា វាជាជំហានមួយល្អ សម្រាប់ការបង្កើនភាពបត់បែននៃអត្រាប្តូរប្រាក់ និងធ្វើទំនើបកម្មក្របខ័ណ្ឌគោលនយោបាយរូបិយវត្ថុ វាក៏មានសារៈសំខាន់ក្នុងការពង្រឹងភាពធន់នៃវិស័យធនាគារ ដើម្បីគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាពផងដែរ។
សូមជម្រាបថា បើតាមអ្នកជំនាញ IMF វៀតណាមទាមទារឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធកាន់តែខ្លាំងក្លា ក៏ដូចជាការកែលម្អបរិយាកាសធុរកិច្ច និងគុណភាពការងារ។
សេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើង ២,៦% កាលពីឆ្នាំមុន ដែលទាបជាងមុនកាលពីមិនទាន់មានការរាតត្បាតរាតត្បាតដែលធ្លាប់មានប្រមាណ ៧%ក្នុងមួយឆ្នាំ៕
អត្ថបទ៖ ម៉ុន សុកែវ