លោកស្រី ចចជីវ៉ា នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកាថា អត្រាការប្រាក់គោលនៅជុំវិញពិភពលោកអាចនៅតែបន្តក្នុងកម្រិតខ្ពស់ដដែលរហូតដល់ឆ្នាំ២០២៥។
ថ្លែងនៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំនៃវេទិកាអន្តររដ្ឋាភិបាលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលធ្វើឡើងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក លោកស្រី ចចជីវ៉ា បាននិយាយថា អតិផរណាកំពុងធ្លាក់ចុះដោយសន្សឹមៗហើយដោយពួកគេរំពឹងថា អតិផរណាសរុបនឹងធ្លាក់ចុះពីជាង៩% កាលពីឆ្នាំ២០២២មកនៅត្រឹម៤.៨% នៅក្នុងឆ្នាំ២០២៤។
លោកស្រីបានបន្ថែមថា កម្រិតអតិផរណាស្នូលក៏កំពុងតែធ្លាក់ចុះជាបណ្ដើរៗហើយដែរ ប៉ុន្តែគេនៅតែសន្និដ្ឋានថា បើទោះជាអតិផរណាកំពុងតែធ្លាក់ចុះក៏ដោយ ក៏មូលនិធិ IMF ត្រូវតែត្រៀមទប់ទល់នឹងអត្រាការប្រាក់សកលដែលនៅតែមានកម្រិតខ្ពស់ក្នុងរយៈពេលកាន់តែយូរដែលទំនងជាបន្តរហូតដល់ឆ្នាំ២០២៤ ហើយក៏ប្រហែលអាចបន្តចូលដល់ឆ្នាំ២០២៥ ផងដែរ។
លោកស្រី ចចជីវ៉ា បានបន្ថែមថា មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងចូលមកក្នុងកម្រិត៣% សម្រាប់ទាំងឆ្នាំបច្ចុប្បន្ន និងឆ្នាំ២០២៤ ប៉ុន្តែលោកស្រីមើលឃើញថា ទស្សនវិស័យកំណើនរយៈពេលមធ្យមនៅតែចុះខ្សោយ។ លោកស្រីបានបន្តទៀតថា កំណើនសេដ្ឋកិច្ចសកល គឺល្អប្រសើរជាងការព្យាករ ដែលមូលនិធិ IMF បានព្យាករកាលពីឆ្នាំ២០២២។ ទោះយ៉ាងណាមូលនិធិនេះបានព្យាករថា វានឹងស្ថិតនៅក្រោមគន្លងកំណើនប្រចាំឆ្នាំជិត៤%ដូចកាលពីរយៈពេល៣ទសវត្សរ៍មុន។ ប្រធានមូលនិធិ IMF បានជំរុញឱ្យធនាគារកណ្តាលបន្តធ្វើការប្រុងប្រយ័ត្ន និងបន្តប្រាស្រ័យទាក់ទងគ្នាក្នុងពេលអនាគតដោយតាមទិន្នន័យជាក់ស្ដែង៕
អត្ថបទ៖ សុខ ជា