ការលើកឡើងរបស់ប្រមុខដឹកនាំ IMF រូបនេះ ធ្វើឡើងបន្ទាប់ពី ស្ថាប័នមួយនេះទើបតែបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចទាបជាងមុន មកនៅត្រឹម៤,៤%ប៉ុណ្ណោះនៅឆ្នាំ២០២២។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសចិននៅឆ្នាំនេះមកនៅត្រឹមអត្រា ៤,៤%ប៉ុណ្ណោះ ពោលគឺទាបជាងបន្តិចពីគោលដៅកំណើនរបស់ទីក្រុងប៉េកាំងដែលបានកំណត់ថានឹងមានប្រហែល ៥,៥%។ ការបន្ទាបការព្យាករកំណើនសេដ្ឋកិច្ច បន្ទាប់ពី IMF មើលឃើញថាកត្តាហានិភ័យមួយចំនួនដែលកំពុងកើតមានឡើង ដូចជាវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ និងការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ផលិតកម្មនៅក្នុងប្រទេសចិនជាដើម។
ថ្លែងនៅក្នុងវេទិកាបូអាវ (Boao)ប្រចាំឆ្នាំនៅតំបន់អាស៊ី លោកស្រី ចចជីវ៉ា អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា សកម្មភាពរបស់ប្រទេសចិនក្នុងការទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន គឺមានសារៈសំខាន់សម្រាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅទូទាំងពិភពលោក។
លោកស្រី ចចជីវ៉ាបន្ថែមថា ជាសំណាងល្អប្រទេសចិននៅមានឱកាសរៀបចំគោលនយោបាយ ដើម្បីផ្តល់ការគាំទ្រគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច រួមទាំងការផ្លាស់ប្តូរទិសដៅ ដោយឆ្ពោះទៅរកការជួយក្រុមគ្រួសារដែលងាយរងគ្រោះ ដើម្បីពង្រឹងការប្រើប្រាស់ ដែលអាចជួយគាំទ្រដល់គោលដៅគ្រប់គ្រងការប្រែប្រួលអាកាសធាតុរបស់ប្រទេសចិន តាមរយៈការដឹកនាំសកម្មភាពសេដ្ឋកិច្ចឆ្ពោះទៅកាន់វិស័យកាបោនក្នុងកម្រិតទាបផងដែរ។
អគ្គនាយិកា IMF រូបនេះ បានបញ្ជាក់ដែរថា កិច្ចខិតខំប្រឹងប្រែងបង្កើតគោលនយោបាយនៅក្នុងវិស័យអចលនទ្រព្យឱ្យបានកាន់តែខ្លាំងក៏អាចជួយធានាឱ្យមានតុល្យភាពនៃការស្ដារសេដ្ឋកិច្ចឡើងវិញរបស់ប្រទសចិនដែរ។
ថ្លែងនៅក្នុងវេទិកាបូអាវ (Boao)ប្រចាំឆ្នាំនៅតំបន់អាស៊ីនេះដែរ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនជិតវិលទៅរកស្ថានដូចដើមវិញហើយ ហើយថានិន្នាការរយៈពេលវែងរបស់ប្រទេសនេះ គឺគ្មានការប្រែប្រួលនោះទេ។
យ៉ាងណាក៏ដោយចុះ ដោយហេតុតែបញ្ហាចេះតែកើនឡើងខ្លាំង ដូច្នេះហើយក្រុមហ៊ុនឈ្មួញកណ្តាលបរទេសក៏បានកាត់បន្ថយការព្យាករណ៍ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនផងដែរ បន្ទាប់ពីភាពទន់ខ្សោយខាងទិន្នន័យសកម្មភាពក្នុងខែមីនា បានបង្កើនហានិភ័យនៃទស្សនវិស័យស្របពេលដែលវិធានការបិទខ្ទប់នៅក្នុងទីក្រុងសៀងហៃ ដែលជាទីក្រុងដ៏ធំមួយនៅប្រទេសចិនកំពុងអូសបន្លាយពេលយូរ។
ធនាគារ បាកឃ្លីស៍ (Barclays) របស់អង់គ្លេសកាលពីថ្ងៃអង្គារបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចពីអត្រា ៤,៥% មកនៅត្រឹមតែ៤.៣%វិញសម្រាប់ឆ្នាំ២០២២ ខណៈដែលធនាគារកណ្ដាលអាមេរិក (BofA) បានបន្ទាបការព្យាករណ៍របស់ពួកគេចំពោះកំណើនសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំនេះដូចគ្នាដែរ ពីអត្រា ៤,៨% មកនៅត្រឹមតែអត្រា ៤,២% វិញ។ ចំណែកធនាគារ Nomura របស់ជប៉ុនវិញ ក៏បានកែប្រែការព្យាករណ៍ពី៤,៣% មកនៅត្រឹមតែអត្រា ៣.៩% ។
យ៉ាងណាក៏ដោយចុះ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ កំណើនសេដ្ឋកិច្ចចិន ត្រូវបានរដ្ឋាភិបាលប្រទេសនេះ ប៉ាន់ប្រមាណថា មានកំណើន៤,៨% ដែលជាកំណើនមួយខ្ពស់ជាងអ្វីដែលបានរំពឹងទុក ទោះបីជាប្រទេសចិនកំពុងជួបបញ្ហាប្រឈមច្រើនក្ដី។
អត្ថបទ៖ សុខ ជា