វិស័យសេដ្ឋកិច្ច

IMF បង្ហាញពីបញ្ហាប្រឈមធំៗ ដែលកម្ពុជា ត្រូវពើបប្រទះ និងត្រូវជំរុញការដោះស្រាយដើម្បីរក្សាកំណើនសេដ្ឋកិច្ច ៤,៨% នៅឆ្នាំនេះ


ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF នៅថ្ងៃទី ០៣ ខែកញ្ញានេះ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឆ្នាំ ២០២៥ មកនៅត្រឹមកំណើន ៤,៨% ប៉ុណ្ណោះ ខណៈដែលកាលពីដើមឆ្នាំនេះ IMF ធ្លាប់ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាថា នឹងមានប្រមាណ ៥,៨% ។ ការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចទាបជាងមុននេះ ដោយសារតែ IMF មើលឃើញថា សេដ្ឋកិច្ចកម្ពុជា កំពុងរងនូវផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពពាណិជ្ជកម្មសកល ការអនុវត្តអត្រាពន្ធគយបដិការរបសហរដ្ឋអាម៉េរិក និងស្របពេលដែលមានភាពតានតឹងនៅតាមបណ្ដោយព្រំដែនគោកកម្ពុជា-ថៃ ជាដើម។
វិស័យសេដ្ឋកិច្ច
ដោយ

ប្រធានក្រុមបេសកកម្ម ដឹកនាំក្រុមការងារជំនាញការបេសកកម្ម អាទិកខល៤ (Article IV) នៃស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF បានអះអាងនៅចំពោះមុខ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ៣ ខែកញ្ញាថា តាមការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០២៥ នឹងសម្រេចបានកំណើនត្រឹមតែ ៤,៨% ខណៈដែលកាលពីឆ្នាំ ២០២៤ សម្រេចបានកំណើន ៦%។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់របស់ IMF រូបនេះ ការព្យាករទម្លាក់សេដ្ឋកិច្ចកម្ពុជានេះ បានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពពាណិជ្ជកម្មសកល, បញ្ហពន្ធគយបដិការដែលបានដាក់ដោយសហរដ្ឋអាម៉េរិក និងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ទោះយ៉ាងណា តាមការវាយតម្លៃរបស់ IMF ទោះបីជា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅតែបន្តរក្សាបាននូវភាពធន់ និងរក្សាចលនការកំណើនក្នុងឆ្នាំនេះ និងរយៈពេលមធ្យមខាងមុខក្ដី ប៉ុន្ដែ កម្ពុជា នៅតែប្រឈមនឹងបញ្ហាហានិភ័យចម្បងមួយចំនួន រួមមាន៖ ការបន្ដកំណើនយឺតនៃសេដ្ឋកិច្ចសកល, ការថមថយនៃហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់, ភាពតានតឹងនៃជម្លោះព្រំដែនគោកកម្ពុជា-ថៃ ដែលប៉ះពាល់ចរន្ដពាណិជ្ជកម្ម និងការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុជាដើម។

ក្នុងកាលៈទេសៈនេះ ប្រធានក្រុមបេសកកម្មរបស់ IMF បានផ្ដល់អនុសាសន៍ឱ្យកម្ពុជា ចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្នុងនោះ ការកៀរគរចំណូលនៅតែបន្ដជាអាទិភាព ក្នុងការបង្កើនឡើងវិញនូវទ្រនាប់ថវិកាជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបន្ដយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវិធានការអន្តរាគមន៍ចំពោះមុខ និងការបន្ដលើកកម្ពស់ផលិតភាព និងសមត្ថភាពពលកម្ម, ការបង្កើតភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយចម្រុះ រវាងគោលនយោបាយសារពើពន្ធ , គោលនយោបាយរូបិយវត្ថុ និងការកែទម្រង់ជារចនាសម្ព័ន្ធ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន បានកត់កម្គាល់អំពីសង្គតិភាពនៃនិន្នាការកំណើន និងការវាយតម្លៃកំណើនតាមវិស័យសំខាន់ៗនៅក្នុងឆ្នាំ ២០២៥ បើទោះបីជា ទំហំ និងការរំពឹងទុកសម្រាប់រយៈពេលខាងមុខ នៅមានភាពខុសគ្នាបន្ដិចបន្ដួចក៏ដោយ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ អំពីការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន សម្រាប់ជួយដល់ក្រុមគ្រួសារងាយរងគ្រោះ និងការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធជាច្រើនទៀតផងដែរ៕




អត្ថបទបន្ទាប់


ចិន កំពុងសំងំសាងសង់ព្រែកជីកស៊ុយអេលើគោកដ៏គួរឱ្យភ្ញាក់ផ្អើល ដើម្បីជំរុញពាណិជ្ជកម្មជាមួយអឺរ៉ុប

វាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយមហាយក្សចិន កំពុងសំងំសាងសង់ព្រែកជីកលើគោកភ្ជាប់ពីតំបន់អាស៊ីទៅកាន់តំបន់អឺរ៉ុបដ៏ធំមួយ ដើម្បីលើកកម្ពស់ទំ…

ធនាគារកណ្ដាលថៃ ព្រមានថា វិបត្តិនយោបាយកំពុងគំរាមកំហែងដល់សេដ្ឋកិច្ច និងចំណាត់ថ្នាក់ឥណទានរបស់ថៃ

ទេសាភិបាលធនាគារកណ្តាលថៃ លោក សេដ្ឋាពុត ស៊ូធីវ៉ាតណារូពុត (Sethaput Suthiwartnaruput) បានព្រមានថា ការជាប់គាំងនយោបាយ និងការពន្យារពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ