ក្នុងរបាយការណ៍ចក្ខុវិស័យតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលចេញផ្សាយថ្មីចុងក្រោយ បានផ្តោតសំខាន់ដំបូងគេលើសេដ្ឋកិច្ចរបស់ចិន។ ចិនជាប្រទេសមហាយក្សសេដ្ឋកិច្ចលេខ២ពិភពលោក និង ជាបងធំសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ត្រូវបាន IMF ព្យាករថានឹងមានកំណើនសេដ្ឋកិច្ច ៨%ក្នុងឆ្នាំ២០២១ និង ៥,៦% នៅឆ្នាំ២០២២។ ប៉ុន្តែកំណើននេះ ត្រូវបាន IMF អះអាងថា ជាកំណើនដែលមិនមានតុល្យភាព។
IMF បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអស់ ១,១% ពោលគឺបានបន្ទាបការព្យាករណ៍កាលពីខែមេសាក្នុងកំណើន៧,៦% មកនៅត្រឹម ៦,៥%វិញ។ នេះក៏ដោយសារតែ IMF មើលឃើញ បញ្ហាចំបងនៃកំណើនករណីឆ្លងកូវីដ១៩ឌែលតា ដែលបានប៉ះពាល់ដល់ការប្រើប្រាស់ និង ទិន្នផលរោងចក្រ។
យ៉ាងណាមិញ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំង ស្ថានប័នអន្តរជាតិមួយនេះ បានតម្លើងការព្យាករណ៍កំណើនសេដ្ឋកិច្ចតំបន់អាស៊ីសម្រាប់ឆ្នាំ២០២២បន្តិចវិញ ដោយកើនឡើងក្នុងអត្រា ៥,៣% ខណៈការព្យាករណ៍កាលពីនៅខែមេសាមាន ៥,៧%។
ទោះបីជាយ៉ាងនេះក្តី តំបន់អាស៊ីនិង អាស៊ីប៉ាស៊ីហ្វិកនៅតែជាតំបន់មានសេដ្ឋកិច្ចលូតលាស់លឿនជាងគេ បើធៀបនឹងតំបន់ដទៃទៀតក្នុងពិភពលោក។ ប៉ុន្តែវានៅតែមានគម្លាតខុសគ្នាខ្លាំង រវាងប្រទេសមានសេដ្ឋកិច្ចជឿនលឿនស្រាប់ នៅអាស៊ី និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន។
ហេតុនេះ IMF បានផ្តល់ជាអនុសាសន៍ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ត្រូវរក្សាការគាំទ្ររូបិយវត្ថុរបស់ខ្លួន ដើម្បីធានាបាននូវការងើបឡើងវិញយូរអង្វែង ហើយធនាគារកណ្តាលគួរតែរៀបចំដើម្បីធ្វើសកម្មភាពឆ្លើយតបឲ្យបានឆាប់រហ័ស ប្រសិនបើការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច មានភាពរឹងមាំលឿនជាងការរំពឹងទុក ឬប្រសិនបើអតិផរណាកើនឡើងលើសការរំពឹងទុកពេកផងដែរ៕