លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានផ្តល់អនុសាសន៍សំខាន់ចំនួន៣ ជូនថ្នាក់ដឹកនាំអាស៊ាន ដើម្បីពិចារណាសម្រាប់និរន្តរភាពនៃសេដ្ឋកិច្ចតំបន់ ដែលកំពុងតែស្ថិតនៅក្នុងស្ថានភាព ប្រឈម ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន ដោយបញ្ហាទាំងនោះរួមមាន សម្ពាធអតិផរណា និងការរឹតបន្តឹងសាច់ប្រាក់ងាយស្រួលជាដើម។
លោកស្រីបានអះអាងថា ជំហានទីមួយ ដែលអាស៊ានគួរតែសិក្សានោះ គឺរដ្ឋសមាជិកអាស៊ានគួររក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងវិនិយោគិន។
លោកស្រីបានលើកឡើងថា ទំនុកចិត្តនេះ រដ្ឋសមាជិកអាស៊ានបានអនុវត្តយ៉ាងល្អ មុនពេលជំងឺរាតត្បាត ហើយវាត្រូវតែរក្សាស្ថានភាពបែបនេះបន្តទៀត ។
ដោយឡែកជំហានទីពីរ លោកស្រី គ្រីស្តាលីណា បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលអាស៊ានគួរតែវិនិយោគបន្ថែមលើការអប់រំ និងជំនាញ ដោយបានសង្កត់ធ្ងន់ថា ប្រជាជនអាស៊ានត្រូវតែមានជំនាញនាពេលអនាគត ពីព្រោះគ្រប់គ្នាសុទ្ធតែបានដឹងហើយថា បញ្ញាសិប្បនិម្មិត កំពុងតែបង្ហាញវត្តមានហើយ នៅក្នុងតំបន់នេះ ដែលជាកត្តាប្រឈមធំមួយសម្រាប់វិស័យការងារ ដ្បិតថា វាអាចនឹងចូលមកជំនួសកម្លាំងពលកម្មមនុស្សបាន។
បើតាមប្រធាន IMF រូបនេះ ជំនាញដែលប្រជាជនអាស៊ានត្រូវមាន គឺ ជាជំនាញដែលមិនអាចជំនួសបានដោយ បញ្ញាសិប្បនិម្មិត នាពេលខាងមុខ។
អនុសាសន៍ចុងក្រោយ លោកស្រី បានស្នើឱ្យសមាជិករដ្ឋអាស៊ានវិនិយោគលើការតភ្ជាប់ឌីជីថល និងសេដ្ឋកិច្ចបៃតង ដោយបញ្ជាក់ថា «អាស៊ានគ្មានអនាគតទេ បើសិនជាអាស៊ានមិនយកចិត្តទុកដាក់លើបញ្ហាឌីជីថលនិង សេដ្ឋកិច្ចបៃតង »។
លោកស្រីបានលើកឡើងថា បណ្តាប្រទេសអាស៊ានបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាត កូវីដ ១៩ ជាពិសេសទាក់ទងនឹងកំណើនសេដ្ឋកិច្ចរបស់តំបន់ ។
លោកស្រីគ្រីស្តាលីណាបានសង្កត់ធ្ងន់ថា អាស៊ានបានរងផលប៉ះពាល់ ព្រោះតំបន់នេះត្រូវបានគេព្យាករណ៍ថា នឹងមានសេដ្ឋកិច្ចកើនឡើងខ្លាំងមុនពេលជំងឺរាតត្បាត ប៉ុន្តែកំណើនដែលព្យាករនេះបានធ្លាក់ចុះពាក់កណ្តាល។
លោកស្រីបានបន្តថា លទ្ធផលជាក់ស្តែងគឺតំបន់បានការបាត់បង់ទិន្នផលសក្តានុពល ៨%។
នៅក្នុងវេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងទីក្រុងហ្សាកាតា លោកស្រីបានអះអាងថា អាស៊ានក៏បានរងគ្រោះ ដោយការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់ ដោយសារជំងឺរាតត្បាត និងសង្រ្គាមអ៊ុយក្រែន។ ការរំខានបែបនេះបានដាក់សម្ពាធកាន់តែខ្លាំង ហើយក៏បង្កឲ្យមានវិបត្តិ និងអតិផរណានៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនភាគច្រើន រួមទាំង ប្រទេសមានទីផ្សារកំពុងរីកចម្រើន និងប្រទេសសមាជិកអាស៊ានផងដែរ។
លោកស្រីបាននិយាយថា អត្រាការប្រាក់ត្រូវបានគេរំពឹងថា នឹងនៅក្នុងស្ថានភាពខ្ពស់រហូតដល់ឆ្នាំ ២០២៤ ហើយអាចរហូតដល់ឆ្នាំ ២០២៥ ហើយនោះពិតជានឹងមានផលវិបាកដល់អាស៊ាន ដែលមួយក្នុងចំណោមនោះ ទាក់ទងនឹងភាពរឹងមាំនៃរូបិយបណ្ណ។
លោកស្រីបានសង្កត់ធ្ងន់ថា អាស៊ានគួរតែបន្តរីកចម្រើនយ៉ាងស្វាហាប់ ដើម្បីរស់រានមានជីវិតពីបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ស្របពេលកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ អាចនឹងមានដល់ ៣% អាស៊ានអាចបានឈានដល់កម្រិតកំណើន ៤,៦% ហើយអាចបន្តកំណើនថែមទៀតនៅឆ្នាំក្រោយ៕