មូលនិធិរូបិយវត្ថុអន្តរជាតិ

IMF ថា ប៉ាគីស្ថាននឹងទទួលបានថវិកាសង្គ្រោះ៧០០លានដុល្លារ បន្ទាប់ពីពិនិត្យឡើងវិញដោយជោគជ័យ


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកាថា មូលនិធិនេះបានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកមួយជាមួយនឹងប្រទេសប៉ាគីស្ថាន លើការពិនិត្យមើលឡើងវិញជាលើកដំបូងនៃថវិកាសង្គ្រោះ ចំនួន៣ពាន់លានដុល្លារ ដែលក្នុងនោះមូលនិធិនេះត្រៀមនឹងទម្លាក់ថវិកាសង្គ្រោះចំនួន ៧០០លានដុល្លារសម្រាប់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មូលនិធិរូបិយវត្ថុអន្តរជាតិ
ដោយ

មុនពេលទទួលបានថវិកាសង្គ្រោះនៅខែកក្កដា ឆ្នាំនេះ ប្រទេសប៉ាគីស្ថាន បានអនុវត្តវិធានការមួយចំនួនតាមតម្រូវការបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រួមទាំងការកែសម្រួលថវិការ ការដំឡើងអត្រាការប្រាក់គោល និងការដំឡើងថ្លៃអគ្គិសនី និងឧស្ម័នធម្មជាតិរបស់ខ្លួនផងដែរ។ ហើយឥឡូវនេះប៉ាគីស្ថានត្រៀមនឹងទទួលបានថវិកាសង្គ្រោះលើកទីពីរបន្ថែមទៀត ដោយរង់ចាំតែការអនុម័តយល់ព្រមពីក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិ IMF តែប៉ុណ្ណោះ។

លោក ណាថាន់ ផតធឺ (Nathan Porter) ប្រធានបេសកកម្មរបស់មូលនិធិ IMF សម្រាប់ប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោយមានការអនុម័តយល់ព្រមរួចហើយ ថវិកាចំនួន៧០០លានដុល្លារ នឹងធ្លាក់ចូលហៅប៉ៅរបស់ប៉ាគីស្ថាន ដែលធ្វើឱ្យប្រទេសនេះទទួលថវិកាសរុបក្រោមកម្មវិធីនេះបានជិត២ពាន់លានដុល្លារ។

បេសកកម្មរបស់មូលនិធិ IMF ដឹកនាំដោយលោក ផតធឺ បាននៅក្នុងប្រទេសនេះរយៈពេល២សប្តាហ៍ សម្រាប់ការពិភាក្សាពីបច្ចេកទេស និងគោលនយោបាយនោះបានបញ្ចប់ហើយកាលពីថ្ងៃពុធ។

បេសកកម្មនេះបានពិនិត្យមើលឡើងវិញថា តើប៉ាគីស្ថានកំពុងស្ថិតនៅលើផ្លូវនៃការបំពេញតាមស្តង់ដារ ដែលបានព្រមព្រៀងគ្នាក្នុងខែកក្កដា ដែរឬយ៉ាងណា បន្ទាប់ពីមូលនិធិនេះបានបញ្ចេញកញ្ចប់ថវិកាសង្គ្រោះភ្លាមៗលើកដំបូងចំនួនជាង១ពាន់លានដុល្លារ ដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះឱ្យចៀសផុតពីការខកខានសងបំណុលអធិបតេយ្យហើយនោះ។

ប្រទេសប៉ាគីស្ថាន កំពុងប្រឈមមុខនឹងវិបត្តិតុល្យភាពនៃការទូទាត់យ៉ាងធ្ងន់ធ្ងរ ដោយសារទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួននៅសល់សម្រាប់ទូទាត់ការនាំចូលបានត្រឹម៣សប្តាហ៍ទៀតប៉ុណ្ណោះ គួបផ្សំអតិផរណាបានកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រ និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួនមិនធ្លាប់មានពីមុនមកផងដែរ។

នៅក្រោមកិច្ចព្រមព្រៀងសង្គ្រោះនេះ មូលនិធិ IMF ក៏បានបង្គាប់ឱ្យប៉ាគីស្ថានប្រមូលពន្ធថ្មីឱ្យបានជាង១ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងការកែសម្រួលសារពើពន្ធ ហើយវិធានការនេះបានជំរុញឱ្យអតិផរណាកើនខ្ពស់បំផុតរហូតដល់៣៨% កាលពីខែឧសភា បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់ជាងគេបំផុតនៅតំបន់អាស៊ីដែលនៅតែកើនឡើងជាង៣០%។

មូលនិធិ IMF បាននិយាយថា អតិផរណាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្នុងពេលប៉ុន្មានខែខាងមុខនេះចំពេលមានការថយចុះនៃការផ្គត់ផ្គង់ និងតម្រូវការតិចតួចដោយបានព្រមានថា ប៉ាគីស្ថាននឹងនៅតែងាយរងគ្រោះចំពោះហានិភ័យខាងក្រៅសំខាន់ៗរួមទាំងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ តម្លៃទំនិញកើនឡើង និងការរឹតបន្តឹងបន្ថែមទៀតនៅក្នុងលក្ខខណ្ឌហិរញ្ញវត្ថុសកល។

មូលនិធិ IMF បានបន្ថែមថា កិច្ចព្រមព្រៀងនេះបានគាំទ្រដល់ការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការជំរុញការបង្រួបបង្រួមសារពើពន្ធ ដែលបានគ្រោងទុក ពន្លឿនកំណែទម្រង់កាត់បន្ថយការចំណាយនៅក្នុងវិស័យថាមពល បញ្ចប់ការវិលត្រឡប់ទៅរកអត្រាប្តូរប្រាក់ដែលកំណត់ដោយទីផ្សារ និងបន្តកំណែទម្រង់អភិបាលកិច្ច និងសហគ្រាសរដ្ឋដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការបង្កើតការងារ ខណៈកំពុងបន្តពង្រឹងជំនួយសង្គម៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ព្រលានយន្តហោះសៀមរាបអង្គរ ពង្រីកផែនការវិនិយោគក្នុងខេត្តសៀមរាប

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពង្រីកផែនការ…

រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី៖ ការបោះឆ្នោតនៅអឺរ៉ុបទំនងជាពន្យារពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសអូស្ត្រាលី

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក ដន ហ្វារែល (Don Farrell) បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងសហភាពអឺរ៉ុប មើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ