ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរីដាំក្បាលចុះប្រហែល៦០% នៅត្រីមាសទី១ឆ្នាំនេះ


ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី នៅត្រីមាសដំបូងនៅឆ្នាំ២០២២ មានការដាំក្បាលចុះប្រហែល៦០% ដោយក្នុងនោះ ការនាំចូលពីសិង្ហបុរី សម្រេចបានត្រឹមតែជាង៩៣០លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះជាង៦១% ប៉ុន្ដែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការនាំចេញពីកម្ពុជាទៅសិង្ហបុរីមានជាង៤៧លានដុល្លារ កើនឡើងដល់ទៅជាង៣០០%ឯណោះ។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ទូរកុងតឺន័រដាក់ទំនិញ​ នៅកំពង់ផែស្វយ័តភ្នំពេញ
ដោយ

អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចបានគូសបញ្ជាក់ថា កត្តាដែលជួយជំរុញកំណើននាំចេញរបស់កម្ពុជាទៅសិង្ហបុរី គឺដោយសារតែប្រទេសនេះ បានបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា ក្រោយប្រទេសជាដៃគូរបស់ពួកគេមួយចំនួនជួបបញ្ហាក្នុងការផ្គត់ផ្គង់ គួបផ្សំទំនាក់ទំនងការទូតល្អប្រសើរនៃប្រទេសទាំងពីរផងដែរ។ កំណើននៃការនាំចេញនេះ ក៏បង្ហាញពីគុណភាពផលិតផលកម្ពុជាអាចឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់សិង្ហបុរីផងដែរ។ ទំនិញកម្ពុជានាំចេញទៅសិង្ហបុរីភាគច្រើនជាផលិត​ផលកសិកម្ម ខណៈកម្ពុជានាំចូលពីសិង្ហបុរីភាគច្រើនគ្រឿងអេឡិចត្រូនិក និងរបស់របរមានតម្លៃ។

ស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញឲ្យឃើញថា កម្ពុជាសម្រេចបានការនាំចេញទំនិញទៅកាន់ទីផ្សារសិង្ហបុរីក្នុងទំហំជាង៤៧លានដុល្លារអាមេរិក នៅត្រីមាសទី១ឆ្នាំ២០២២ កើនឡើង៣៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត​១១លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ចំណែកការនាំចូលទំនិញ​ពីសិង្ហបុរីមកកម្ពុជាវិញ បានដាំក្បាលចុះ​យ៉ាងគំហុកពីជាង២ពា​ន់៤០០លានដុល្លារនៅត្រីមាសទី១កាលពីឆ្នាំ២០២១មកនៅត្រឹមជាង៩៣០លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ មានការធ្លាក់ចុះជិត៦២%។ 

ការធ្លាក់ចុះនៃទំហំនាំចូលទំនិញពីសិង្ហបុរីនេះបានទាញទម្លាក់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរពីជាង២ពាន់៤០០លានដុល្លារ កាលពីត្រីមាសទី១នៅឆ្នាំ២០២១ មកនៅត្រឹមជិត៩៨០លានដុល្លារអាមេរិកប៉ុណ្ណោះ នៅត្រីមាសទី១ឆ្នាំនេះ ដោយបានធ្លាក់ចុះជិត៦០%។ 

ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំទាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា កត្តាចម្បងដែលធ្វើឲ្យមានភាពខុសគ្នាក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសិង្ហបុរី គឺកត្តាតម្រូវការ។ ពោលគឺនៅប៉ុន្មានខែចុងក្រោយ តម្រូវកា​រទំនិញពីកម្ពុជានាំចេញទៅសិង្ហបុរីមានការកើនឡើង ខណៈតម្រូវការទំនិញសិង្ហបុរីនៅកម្ពុជាមានការធ្លាក់ចុះ។ អ្នកជំនាញរូបនេះវាយតម្លៃថា កត្តាដែលជួយជំរុញកំណើននាំចេញរបស់កម្ពុជា គឺដោយសារសិង្ហបុរីបានបង្កើនការបញ្ជាទិញទំនិញពីកម្ពុជាក្រោយប្រទេសមួយចំនួនជួបបញ្ហាផ្គត់ផ្គង់ទំនិញ​ឲ្យសិង្ហបុរី បន្ទាប់ពីពួកគេជួបបញ្ហាវិបត្តិជំងឺកូវីដ-១៩ និងរងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន។

បើតាមលោកបណ្ឌិត ហុង វណ្ណៈ ទំនិញដែលកម្ពុជានាំចេញទៅសិង្ហបុរីភាគច្រើនជាផលិតផលកសិកម្ម ហើយក្រៅពីនេះ ក៏មានផលិតផលវាយនភណ្ឌ ស្បែកជើង គ្រឿងបន្លាស់ម៉ាស៊ីន ផលិតផលធ្វើពីលោហៈ និងរ៉ែជាដើម។ ចំណែកកម្ពុជានាំចូលទំនិញពីសិង្ហបុរី រួមមានគ្រឿងអលង្ការ គ្រឿងអេឡិចត្រូនិក ផលិតផលធ្វើពីក្រដាស ប្លាស្ទិក ផលិតផលខូស្មិចទិក និងសម្ភារៈបន្ទប់ទឹកជាដើម៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤

ព័ត៌មាន
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុ…

ផ្សារទំនើប The Bridge កំពុងស្វាគមន៍បណ្ដាក្រុមហ៊ុន និងអាជីវកម្មជួលឡើងវិញ ក្រោយវិបត្តិកូវីដ១៩ធូរស្បើយ

ព័ត៌មាន
ផ្សារទំនើប The Bridge Mall ដែលស្ថិតនៅក្នុងអគារដ៏ខ្ពស់ស្កឹមស្កៃ The Bridge បច្ចុប្បន្នក៏កំពុងបើកទទួលស្វាគមន៍បណ្ដាក្រុមហ៊ុន និងអាជីវកម្មដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ