IMF បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានកំពុងតែបន្តស្ទុះងើបឡើងវិញ បើទោះបីជាមានល្បឿនតិចតួចក៏ដោយ តួយ៉ាងកំណើន ផលិតផលនៅក្នុងស្រុកសរុបរបស់កម្ពុជា នៅឆ្នាំ២០២៤ បានសម្រេចបានកំណើន ៥,៥ % ហើយនៅឆ្នាំ២០២៥នេះ IMF ព្យាករថា អាចសម្រេចបានដល់ទៅ ៥,៨ % ប៉ុន្តែអត្រា អតិផរណាអាចនឹងកញ្ជ្រោលកើនឡើងពី ០,៥ % នៅឆ្នាំ២០២៤ ដល់ ២ % នៅឆ្នាំ ២០២៥ ។
ស្ថាប័នហិរញ្ញវត្ថុនេះ បានសង្កត់ធ្ងន់នូវហានិភ័យមួយចំនួនដែលតម្រូវឲ្យកម្ពុជា លើកកម្ពស់ការប្រុងប្រយ័ត្នទាំងកត្តាខាងក្រៅ និង កត្តាខាងក្នុងប្រទេស ។ កត្តាខាងក្រៅអាចនឹងកើតមានដោយសារតែការផ្លាស់ប្តូរគោលនយោបាយដោយដៃគូពាណិជ្ជកម្មសំខាន់ៗ ការបែងចែកភូមិសាស្ត្រ ហើយកត្តាខាងក្នុងគឺភាពទន់ខ្សោយបន្តនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។
ប្រភពដដែលបានបន្តថា ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ធៀបនឹងឆ្នាំ២០២៤ គឺបានជំរុញជាចម្បងដោយតម្រូវការខាងក្រៅ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញសម្លៀកបំពាក់ និងកំណើនខ្ពស់នៃការនាំចេញកសិផល។
ដោយឡែកវិស័យទេសចរណ៍វិញ មាននិន្នាការនៃការប្រែប្រួលឆ្ពោះទៅរកភាពវិជ្ជមាន ប៉ុន្តែ IMF នៅតែស្ទាក់ស្ទើរនៅក្នុងការសន្និដ្ឋានអំពីស្ថានភាពច្បាស់លាស់នៃវិស័យនេះ ដោយឡែក កំណើននៃវិស័យដែលមិនស្ថិតនៅក្នុងការធ្វើពាណិជ្ជកម្ម គឺនៅតែទន់ខ្សោយ ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៥,៨% នៅឆ្នាំ២០២៥ នេះ គឺបានបង្ហាញពីសញ្ញាណល្អប្រសើររបស់សេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែកំណើននេះហាក់មិនសូវខុសគ្នានោះទេ បើធៀបនឹងឆ្នាំមុន ហើយកំណើននេះ ក៏ហាក់មិនបានឆ្លុះបញ្ចាំពីជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបានគ្រប់កម្រិតនោះដែរ។ ការវាយតម្លៃបែបនេះរបស់លោក ក៏ដោយសារបច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួននៅតែជាប់បំណុលច្រើន ហើយវិស័យអចលនទ្រព្យមិនទាន់មានភាពល្អប្រសើរឡើងវិញគួរឱ្យកត់សម្គាល់នៅឡើយ។ លោក យង់ គិមអេង យល់ឃើញថា ការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មឱ្យកាន់តែរីកចម្រើន គឺជាមូលដ្ឋានគ្រឹះសំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បន្ថែមលើកំណើននៃវិស័យទេសចរណ៍។
លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា យល់ឃើញថា ទោះបីមានការព្យាករពីភាពប្រសើរឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក៏ដោយ ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្ន ការប្រកបមុខរបររបស់ពលរដ្ឋទូទៅនៅពុំទាន់ល្អដូចមុននៅឡើយទេ ដោយសារកំណើនសេដ្ឋកិច្ចនៅពុំទាន់មានការរាយប៉ាយ និងពុំទាន់ផ្ដល់ផលដល់ពលរដ្ឋបានគ្រប់គ្នា។ កត្តានេះហើយដែលធ្វើពលរដ្ឋ ដែលជាអ្នករកស៊ីក្នុងវិស័យ ដែលមិនទាន់មានភាពរីកចម្រើនដូចជាវិស័យអចលនទ្រព្យ និងទេសចរណ៍ជាដើមតែងប្រតិកម្មនៅពេលមានការព្យាករពីកំណើនសេដ្ឋកិច្ចម្តងៗ៕
ដោយៈ សរ សុជាតិ