IMF បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន យ៉ាងដូច្នេះថា “ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺប្រឈមនឹងហានិភ័យធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ការពិនិត្យឡើងវិញនូវប្រព័ន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហភាពអ៊ឺរ៉ុប ដែលជាដៃគូនាំចេញដ៏ធំរបស់កម្ពុជា អាចនាំឱ្យមានការផ្អាកការធ្វើពាណិជ្ជកម្មអនុគ្រោះពន្ធនៅឆ្នាំក្រោយ ដែលអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច។"
IMF បាននិយាយផងដែរថា ការថយចុះស្ថានភាពពីខាងក្រៅ ត្រូវបានគេរំពឹងថា នឹងនាំឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាថមថយ មកនៅក្រោម ៧ភាគរយ នៅឆ្នាំ២០២០។
កំណើនសេដ្ឋកិច្ចបានកើនឡើងដល់ ៧,៥ភាគរយ ក្នុងឆ្នាំ២០១៨ ហើយគេរំពឹងថា នឹងមានកំណើនប្រហែល ៧ភាគរយ នៅឆ្នាំ២០១៩នេះ ដោយសារកំណើននៃការនាំចេញបន្តនិងសកម្មភាពសំណង់រឹងមាំ។ នេះបើយោងតាម IMF។
IMF ក៏បានអំពាវនាវឱ្យចាត់វិធានការជាបន្ទាន់ដើម្បីធ្វើឱ្យកំណើនឥណទានក្នុងកម្រិតមធ្យម ដើម្បីដោះស្រាយហានិភ័យដែលអាចកើតចេញពីវិស័យអចលនទ្រព្យ។
វិស័យឥណទានឯកជន ដែលផ្តោតកាន់តែខ្លាំងឡើងនៅក្នុងវិស័យអចលនទ្រព្យនិងសំណង់ មានសកម្មភាពលឿនជាងមុន ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល ២៨ភាគរយ នៅក្នុងឆ្នាំ២០១៩។ នេះបើយោងតាម IMF៕