
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ភាពតានតឹងពាណិជ្ជកម្ម និងតម្រូវការទាប កំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប ដើរអូសជើង ដោយបង្កើនហានិភ័យកាន់តែខ្ពស់ ទៅក្នុងការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ជាក់ស្ដែង តំបន់ចាយប្រាក់អឺរ៉ូមួយនេះ ត្រូវបានគេរំពឹងថា នឹងមានកំណើនត្រឹមតែ ០,៨% ប៉ុណ្ណោះនៅឆ្នាំនេះ ទោះបីជាអត្រាអត់ការងារធ្វើទាបបំផុត និងអតិផរណាថយចុះនៅជិតកម្រិតគោលដៅដែលបានកំណត់ក៏ដោយ។
ដើម្បីស្តារផលិតភាពឡើងវិញ មូលនិធិ IMF បានអំពាវនាវឱ្យមានការជំរុញយ៉ាងម៉ឺងម៉ាត់ សម្រាប់ការពង្រឹងទីផ្សារតែមួយរបស់សហភាពអឺរ៉ុប ដែលគេបានពន្យារពេលជាយូរមកហើយព្រោះការបែកបាក់គ្នានៅតាមព្រំដែន កំពុងរារាំងការច្នៃប្រឌិត និងកំណើនសាជីវកម្ម។
មូលនិធិ IMF បានបន្ថែមថា ការចំណាយរបស់ក្រុមហ៊ុនលើរបាំងពន្ធ ដែលមានស្រាប់នៅក្នុងសហភាពអឺរ៉ុប គឺនៅមានខ្ពស់ណាស់ ដល់ទៅ ៤៤% លើទំនិញ និង១១០% លើសេវាកម្ម។ ដូច្នេះហើយ ការកាត់បន្ថយពន្ធទាំងនេះ តាមរយៈការស្រុះស្រួលគ្នានៃបទប្បញ្ញត្តិ កំណែទម្រង់ទីផ្សារមូលធន និងការចល័តកម្លាំងពលកម្ម អាចជំរុញផលិតផលក្នុងស្រុកសរុបនៅក្នុងតំបន់នេះ ដល់ទៅ ៣% នៅក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
មូលនិធិ IMF បានមើលឃើញហានិភ័យនៃបរិយាកាសធុរកិច្ចកាន់តែអាក្រក់ សម្រាប់ក្រុមហ៊ុនដែលរកស៊ីជាមួយ ឬវិនិយោគនៅក្នុងសហរដ្ឋអាម៉េរិក ព្រោះបញ្ហាពន្ធគយរបស់អាម៉េរិក បង្កផលប៉ះពាល់អវិជ្ជមាន ដល់សុខភាពហិរញ្ញវត្ថុរបស់ពួកគេ៕
ដោយ៖ សុខ មង្គល