
មូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យសារពើពន្ធចុងក្រោយរបស់ខ្លួនកាលពីថ្ងៃពុធ ទី១៥ ខែតុលា ថា ការកើនឡើងការទូទាត់បំណុល និងការបង្កើនការចំណាយលើវិស័យការពារជាតិ និងប្រជាជនមានវ័យចំណាស់ កំពុងបន្ថែមសម្ពាធដល់រដ្ឋាភិបាលរបស់បណ្តាប្រទេសនានា នៅលើពិភពលោក។ IMF សង្កត់ធ្ងន់ថា ឱនភាពថវិការរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ពោលគឺការចំណាយលើសពីចំណូលពន្ធ វានឹងជំរុញឱ្យបំណុលរបស់ប្រទេសទាំងនោះនឹងកើនឡើងកាន់តែខ្ពស់ដែលនឹងគំរាមកំហែងដល់និរន្តរភាព និងស្ថិរភាពហិរញ្ញវត្ថុពិភពលោក។
យ៉ាងណាមិញស្ថាប័នហិរញ្ញវត្ថុនេះ បានព្រមានថា ហានិភ័យនៃបំណុលសកលអាចឈានដល់កម្រិត ១២៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនៅត្រឹមឆ្នាំ២០២៩ ដែលជាកម្រិតដ៏គ្រោះថ្នាក់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ដោះស្រាយពីបណ្តាប្រទេសនានា ជាពិសេសប្រទេសមានសេដ្ឋកិច្ចធំៗ។ IMF បានចាត់ទុកបញ្ហានេះ គឺជាក្តីបារម្ភមួយរបស់ពិភពលោក ប៉ុន្តែបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ សហរដ្ឋអាម៉េរិក និងចិន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំប្រឹងប្រែងសម្រាលបន្ទុកបំណុលសកលនេះ។
លោកស្រី ស៊ីឡា ប៉ាហ្សាបាសូលូ ( Ceyla Pazarbasioglu) ប្រធានយុទ្ធសាស្ត្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានចាត់ទុកការបន្តចូលរួមរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរក្នុងយន្តការនានា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជួយដោះស្រាយការកើនឡើងកម្រិតបំណុលរបស់សកលលោក ដែលកំពុងប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍។
ទន្ទឹមនឹងនេះ លោកស្រី ជំរុញឱ្យពិភពលោកបង្ហាញតម្លាភាពនៃបំណុល និងលក្ខខណ្ឌផ្សេងៗនៃបំណុល ដើម្បីបង្កើនការវាយតម្លៃ និងរកដំណោះស្រាយ ដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់ឆ្លើយតបនឹងបញ្ហា។ សម្រាប់អ្នកជំនាញរូបនេះ តម្លាភាពជាជំហានដ៏សំខាន់មួយ ដើម្បីធ្វើឱ្យប្រាកដថា ប្រទេសនានា អាចទទួលបានហិរញ្ញប្បទានថ្លៃដើមទាបច្បាស់លាស់។
បើតាមស្ថិតិរបស់វិទ្យាសា្ថនហិរញ្ញវត្ថុអន្តរជាតិ ទំហំបំណុលពិភពលោកកាលពីឆ្នាំ២០២៤ មានប្រមាណ៣១៨ ទ្រីលានដុល្លារ ដោយក្នុងនោះបំណុលថ្មីមានទំហំប្រមាណ៧ទ្រីលាន៕
ដោយៈ សរ សុជាតិ