ក្នុងន័យនេះ មូលនិធិរូបិយវត្ថុអន្តរជាតិនិយាយសំដៅទៅរកទំនាស់ក្នុងទំនាក់ទំនងរវាងមហាយក្សចិននិងមហាអំណាចសេដ្ឋកិច្ចលេខ១លើលោកសហរដ្ឋអាមេរិក ដែលជំរុញឱ្យមានការបែងចែកតំបន់គ្នាដោយផ្អែកលើសម្ព័ន្ធភាពក្នុងភូមិសាស្ត្រនយោបាយ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។ នេះបើយោងតាមរបាយការណ៍ពីការស្រាវជ្រាវបែបពិសោធន៍លើសំណាកគំរូ ផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានពិភពលោកថា សេដ្ឋកិច្ចមហាយក្សចិន និងសេដ្ឋកិច្ចរបស់បណ្ដាប្រទេសដែលស្អិតរមួតជាមួយចិននៅអាស៊ីអាគ្នេយ៍ នឹងរងគ្រោះខ្លាំងជាងគេ នៅពេលដែលបរិយាកាសវិនិយោគសកលប្រកបដោយអរិភាពបណ្ដាលមកពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ លេចចេញជារូបរាង។ នេះបើយោងតាមរបាយការណ៍ពីការស្រាវជ្រាវបែបពិសោធន៍លើសំណាកគំរូ ផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ។
មូលនិធិរូបិយវត្ថុអន្តរជាតិនិយាយសំដៅទៅរកទំនាស់ក្នុងទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក ដែលជំរុញឱ្យមានការបែងចែកតំបន់គ្នាដោយផ្អែកលើសម្ព័ន្ធភាពក្នុងភូមិសាស្ត្រនយោបាយ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។
បើតាមស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនានារបស់ខ្លួន ត្រូវបានគេមើលឃើញថា អាចជា«អ្នកឈ្នះអាស្រ័យលើស្ថានការណ៍»។ ប្រទេសទាំងនេះក៏ទំនងជាប្រឈមមុខនឹងតម្លៃចំណាយផ្នែកសេដ្ឋកិច្ចដ៏សន្ធឹកសន្ធាប់ផងដែរ នៅពេលដែលពួកគេបន្តគោលនយោបាយពង្រឹងសន្តិសុខជាតិ ឬពង្រឹងភាពជាអ្នកនាំមុខគេលើផ្នែកបច្ចេកវិទ្យាកាន់តែខ្លាំងឡើង។
របាយការណ៍នោះបាននិយាយទៀតថា យុទ្ធសាស្ត្រដែលយកការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅប្រើដោយបែងចែកតាមប្រទេសសម្ព័ន្ធមិត្តក្នុងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ប្រហែលជាអាចកាត់បន្ថយទិន្នផលរបស់ពិភពលោកប្រហែល ២ ភាគរយក្នុងរយៈពេលវែង។
ទោះបីជាមានមនុស្សតិចតួចដែលជឿថា ការបែកបាក់គ្នាពេញបន្ទុករវាងប្រទេសដែលមានសេដ្ឋកិច្ចធំៗជាងគេទាំងពីរ គឺអាមេរិកនិងចិន ស្ថិតនៅឯជើងមេឃក៏ដោយ ក៏ការប្រេះឆាគ្នាផ្នែកភូមិសាស្ត្រនយោបាយ រវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន កំពុងរីកកាន់តែធំ ជាហេតុធ្វើឱ្យមានភាពស្រពេចស្រពិលចំពោះការព្យាករសេដ្ឋកិច្ចពិភពលោក។
របាយការណ៍នោះបានបញ្ជាក់ថា៖ «ការធ្លាក់ចុះនេះគឺខុសគ្នាយ៉ាងខ្លាំងនៅទូទាំងតំបន់ ជាមួយនឹងការលេចឡើងនៃប្រទេសអ្នកឈ្នះនិងប្រទេសអ្នកចាញ់ ដែលសុទ្ធតែអាចប្រែប្រែលតាមស្ថានការណ៍ ទោះបីជាក្នុងនាមជាប្រទេសប្រភពនិងក្នុងនាមជាប្រទេសគោលដៅនៃការវិនិយោគផ្ទាល់ពីបរទេសក៏ដោយ»។
របាយការណ៍មូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា គិតពីត្រីមាសទីពីរនៃឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២២ ការវិនិយោគផ្ទាល់ពីបរទេសជាសកលបានធ្លាក់ចុះជិត ២០ ភាគរយ បើធៀបនឹងរយៈពេលក្រោយវិបត្តិហិរញ្ញវត្ថុពិភពលោក ដែលត្រូវបានវាស់វែងចាប់ពីត្រីមាសទីមួយនៃឆ្នាំ២០១៥ រហូតដល់បីខែដំបូងនៃឆ្នាំ២០២០។
អ្នកស្រាវជ្រាវបានរកឃើញថា អាស៊ីបានក្លាយជាតំបន់មិនសូវសំខាន់សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ទាំងក្នុងនាមជាប្រភព ទាំងក្នុងនាមជាទិសដៅនៃការវិនិយោគ ដោយតំបន់នេះបាត់បង់ចំណែកទីផ្សារ បើធៀបនឹងតំបន់ផ្សេងៗទៀត។
គួរកត់សម្គាល់ថា ការវិនិយោគផ្ទាល់ពីបរទេសឆ្ពោះទៅប្រទេសចិននិងមកពីប្រទេសចិន បានធ្លាក់ចុះច្រើនជាងមធ្យមភាគក្នុងតំបន់អាស៊ី ខណៈពេលដែលសហរដ្ឋអាមេរិកនិងអឺរ៉ុប មានការថយចុះរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស បើទោះបីជាឃើញមានកំណើននៅក្នុងករណីមួយចំនួនក៏ដោយ។
របាយការណ៍ដដែលបាននិយាយថា ការវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន បានធ្លាក់ចុះច្រើនខ្លាំងណាស់ បើធៀបនឹងមធ្យមភាគនៃការធ្លាក់ចុះជាសកល ប៉ុន្តែការវិនិយោគផ្ទាល់របស់សហរដ្ឋអាមេរិកទៅកាន់តំបន់ផ្សេងៗទៀត ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៃទ្វីបអឺរ៉ុប គឺស្ថិតថេរជាងនៅតំបន់អាស៊ី៕