ស្រីលង្កា-ចិន-ឥណ្ឌា

ស្រីលង្កាទទូចឲ្យប្រទេសម្ចាស់បំណុលធំៗ គឺចិន និងឥណ្ឌាជួយកាត់បន្ថយការសងបំណុល


ធនាគារកណ្តាលនៃប្រទេសស្រីលង្កា បានទទូចដល់ប្រទេសចិន និងឥណ្ឌា ដែលជាម្ចាស់បំណុលដ៏ធំរបស់ខ្លួននោះ ឱ្យឆាប់សម្រេចកាត់បន្ថយបំណុល ដើម្បីជាការបើកផ្លូវឱ្យប្រទេសដែនកោះមួយនេះ មានលទ្ធភាពទទួលជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអាចបំពេញកាតព្វកិច្ច ក្នុងការចាប់ផ្តើមសងបំណុលឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ស្រីលង្កាទទូចចិននិងឥណ្ឌាឆាប់សម្រេចកាត់បន្ថយបំណុល!

លើសពីនេះ ការឆាប់​សម្រេចចិត្តរឿងបំណុលនេះ គឺនឹងផ្តល់​ផល​វិជ្ជមាន​ទាំងភាគី​ម្ចាស់បំណុល និង​ស្រីលង្កា​ដែល​បាន​ត្រាំត្រែង​​ក្នុងបំណុលវ័ណ្ឌក​អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ ពោលគឺ​យ៉ាងហោចណាស់ ស្រីលង្កាអាចស្តារមុខមាត់​ប្រទេសជាតិបាន​ឡើងវិញបាន កុំឲ្យកប់ផុងក្នុងវិបត្តិកាន់តែជ្រៅទៅៗ។

លោក ណាន់ដាឡាល វេរ៉ាសីញ(Nandalal Weerasinghe) ទេសាភិបាល​ធនាគារ​កណ្តាល​ស្រីលង្កា បាន​និយាយថា ប្រសិន​បើ​ការសម្រេច​កាត់បន្ថយបំណុលធ្វើបានលឿន នោះវានឹង​ផ្តល់ផលប្រយោជន៍ដល់​​គ្រប់ភាគីតែម្តង​ ទាំងម្ចាស់បំណុល និងកូនបំណុល។ លោក​បញ្ជាក់​ថា ប្រទេស​របស់លោក​មិនចង់​​ឱ្យស្ថានភាព​បែបនេះ​នៅអូសបន្លាយ​យូរ​ទៅ​ទៀត​ឡើយ ពោលគឺ​មិនអាច​ទទួលបាន​ជំនួយពី IMF និងមិនអាច​បំពេញ​​កាតព្វកិច្ច​សងបំណុលបាន ព្រមទាំងប៉ះពាល់​ដល់ទំនុកចិត្ត​​អ្នកវិនិយោគ​កាន់តែខ្លាំង។​

គួរជម្រាប​ថា IMF នឹងមិនបញ្ចេញ​កញ្ចប់សាច់ប្រាក់​ជំនួយ​ណាមួយឡើយ ប្រសិន​បើ​ចិន និង​ឥណ្ឌា មិនព្រមកាត់បន្ថយ​​បំណុល​​របស់ស្រីលង្កាទេនោះ ខណៈ​ការ​ផ្តល់កម្ចី​របស់​ក្រុងប៉េកាំង​ ទៅស្រីលង្កា ស្ថិត​ក្នុងរង្វង់ទឹកប្រាក់៧ពាន់លានដុល្លារ ចំណែក​ឥណ្ឌាប្រហែល ១ពាន់លានដុល្លារ។

បើតាម​ទេសាភិបាលធនាគារកណ្តាលដដែល ការកាត់បន្ថយបំណុល​ពីប្រទេស​ម្ចាស់បំណុលទាំងពីរ អាចធ្វើទៅបាន​នៅត្រឹមចុងខែមករានេះ ប៉ុន្តែវាអាស្រ័យទៅលើ​ភាគីពាក់ព័ន្ធដទៃទៀត​ដែល​ជាម្ចាស់បំណុល ក្នុងការយល់ព្រម ឬក៏អត់តែប៉ុណ្ណោះ។ ទេសាភិបាល​រូបនេះ​បន្ថែម​ថា ប្រទេស​ស្រីលង្កា បាន​ផ្តល់​ព័ត៌មានឱ្យ​ទៅពួកគេ​ទាំងអស់នូវអ្វីដែល​ពួកគេ​ត្រូវការ ខណៈរដ្ឋាភិបាលទីក្រុងកូឡំបូរង់ចាំតែចម្លើយ នឹងការអនុវត្តតាមលក្ខខណ្ឌទាមទារប៉ុណ្ណោះ។​

សូមជម្រាបថា ធនាគារពិភពលោក​បាន​ព្យាករសេដ្ឋកិច្ចប្រទេស​ ដែលមានប្រជាជនជាង២២លាននាក់មួយនេះថា បានធ្លាក់ចុះដល់៩,២%ក្នុងឆ្នាំ២០២២ ហើយនឹង​បន្តធ្លាក់ចុះ​៤,២%នៅឆ្នាំ​២០២៣នេះ។ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រនេះ កម្មវិធីស្បៀងអាហារពិភពលោក បានប៉ាន់ប្រមាណថា មានប្រជាជនស្រីលង្កានប្រមាណ៨លាននាក់ ឬស្មើនឹងប្រមាណ១ភាគ៣ទៅហើយ​នៃប្រជាជនសរុប នឹងជួបប្រទះ​អសន្តិសុខស្បៀងអាហារ ពិសេស​អ្នករស់នៅ​តាម​ទីជនបទ។

គួររំឭកដែរថា កាលពីខែតុលាកន្លងទៅ រដ្ឋាភិបាល​ស្រីលង្កា បាន​ចាប់ផ្តើម​ចរចាជំហានជំហានដំបូង​ជាមួយភាគីចិន អំពីរឿងបំណុលនេះ ដែលជាជំហានដ៏សំខាន់មួយស្របទៅតាមការណែនាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក្នុងការឈានទៅទទួលបានថវិកាសង្គ្រោះសេដ្ឋកិច្ចជិតដែលមានតម្លៃជិត៣ពាន់លានដុល្លារ ពីស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយនេះ។ ប៉ុន្តែ​លទ្ធផល​នៃការចរចានេះ មិនត្រូវបានទម្លាយឱ្យដឹងឡើយ។

យោងតាមទិន្នន័យក្រសួងសេដ្ឋកិច្ចស្រីលង្កាបង្ហាញថា គិតត្រឹមចុងខែមិថុនាឆ្នាំ២០២២ បំណុលសាធារណៈរបស់ប្រទេសមួយនេះមានដល់ទៅ១២២%នៃផលិតផលក្នុងស្រុកសរុប។ ក្នុងនោះ ចិន ជប៉ុន និងឥណ្ឌា គឺជាម្ចាស់បំណុលធំៗទាំង៣ ដោយប្រទេសចិនតំណាងឱ្យ ៥២%នៃបំណុលសរុប បន្ទាប់មកគឺជប៉ុន២០% និងឥណ្ឌា ១២%៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


WHO ទទូចសុំទិន្នន័យកូវីដ១៩បន្ថែមពីចិន ប៉ុន្ដែបែរមកលើកសសើរទិន្នន័យរបស់អាមេរិកថា មានតម្លាភាព

ព័ត៌មាន
អង្គការសុខភាពពិភពលោកនៅថ្ងៃពុធទី១១មករា បានរំឭកឡើងវិញម្តងទៀត អំពីតម្រូវការទិន្នន័យកូវីដ១៩ពីប្រទេសចិន ដោយបានទទូចឱ្យក្រុងប៉េកាំងចែករំលែក…

សាច់ប្រាក់របស់ចិនកំពុងពូនផ្ដុំនៅធនាគារកាន់តែច្រើន ខណៈទំហំប្រាក់បញ្ញើកើនលើសទំហំឥណទាន ៦,៥ទ្រីលានដុល្លារ

ព័ត៌មាន
កាលពីចុងឆ្នាំ២០២២ សាច់ប្រាក់នៅក្នុងប្រទេសចិនបាននិងកំពុងគរពូនសាច់ប្រាក់នៅក្នុងធនាគារកាន់តែច្រើន ដោយសារតែមានគម្លាតខ្លាំងពេករវាងទំហំប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ