បើគិតតាំងពីទសវត្សរ៍ឆ្នាំ១៥០០មក ចំនួនជ្រូកព្រៃបានកើនឡើងប្រហែល ៣ភាគ៤នៅទូទាំងសហរដ្ឋអាមេរិក។ តួយ៉ាងតាមរបាយការណ៍ពីក្រសួងកសិកម្មអាមេរិកបង្ហាញថា ចំនួនសរុបរបស់សត្វជ្រូកព្រៃនេះ បានកើនឡើងដល់ជាង ៩លានក្បាលបើគិតមកទល់ពេលនេះ។
ចំនួនសត្វជ្រូកព្រៃ មានការកើនឡើងច្រើននៅក្នុងភាគខាងលិច និងខាងជើង នៃសហរដ្ឋអាមេរិក ដូចជានៅរដ្ឋ កាលីហ្វ័រញ៉ា, ហាវៃ និងមីឈីហ្គេន ដែលជារដ្ឋមានជ្រូកព្រៃរស់នៅច្រើន។
ក៏ប៉ុន្ដែ រដ្ឋដែលមានមានរងការប៉ះពាល់ខ្លាំងបំផុតដោយសារការបំផ្លិតបំផ្លាញកសិកម្ម ដោយសារជ្រូកព្រៃនោះ គឺរដ្ឋ ហ្វ័រីដា, ចរចា និងតិចសាស់។
របាយការណ៍ពីសេវាត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ របស់អាមេរិកបានឲ្យដឹងថា យ៉ាហោចណាស់មានពូជរុក្ខជាតិ និងសត្វព្រៃប្រហែល ៣០០ប្រភេទ នៅអាមេរិកកំពុងមានការធ្លាក់ចុះ ដោយសារតែផលរំខាននៃសត្វជ្រូកព្រៃ និងមានជាច្រើនប្រភេទផ្សេងទៀតកំពុងប្រឈមនឹងហានិភ័យ។
មែនទែនទៅសត្វជ្រូកព្រៃនេះ ក៏មានផ្ទុកនូវមេរោគ បាកតេរី និងជំងឺ ជាច្រើនដែលអាចបង្ក ការឆ្លងដល់មនុស្ស និងសត្វស្រុកផ្សេងទៀតផងដែរ។
ស្ថាប័ន ភាពជាដៃគូលុបបបំបាត់សត្វជ្រូកព្រៃ Missouri Feral បានឲ្យដឹងថា កាលពីឆ្នាំ២០២១ គេបានសម្លាប់សត្វជ្រូកព្រៃប្រមាណជិត ១ម៉ឺនក្បាល ដោយបានធ្វើឲ្យចំនួនជ្រូកព្រៃដែលត្រូវបានសម្លាប់គិតតាំងពីឆ្នាំ២០១៦មក បានកើនដល់ ៥ម៉ឺន៤ពាន់ក្បាល។ នៅសហរដ្ឋអាមេរិក ក៏មានការបើកឲ្យមានការបរបាញ់ជាសាធារណៈ ចំពោះសត្វជ្រូកព្រៃនេះដែរ ហើយវាក៏ជាវិធីសាស្ត្រមួយ ជួយកាត់បន្ថយការកើនឡើងនៃចំនួនសត្វជ្រូកព្រៃ។