ការអះអាងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករយ៉ាងដូច្នេះ បន្ទាប់ពីមានការផ្សាយព័ត៌មានព្រោងព្រាតថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានីភ្នំពេញ បានរកឃើញថា សាច់បង្កកជិត៤០០ទាំងនោះ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ទោះយ៉ាងណា អគ្គនាយកដ្ឋានគយបានអះអាងថា តាមការចុះត្រួតពិនិត្យដោយផ្ទាល់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានពិនិត្យឃើញថា សាច់បង្កកចម្រុះដែលមានប្រភពមកពីប្រទេសអ៊ីតាលី ប្រេស៊ីល អាឡឺម៉ង់ រុស្សី ឥណ្ឌា ជាដើម ហើយត្រូវបាននាំចូលដោយបំពេញកាតព្វកិច្ចពន្ធនិងអាករត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ថែមទាំងមានគុណភាពល្អទៀតផង។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលជិត១១ខែ ឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បង្ក្រាប និងរឹបអូសសាច់បង្កកចម្រុះខូចគុណភាព និងផ្ទុកសារធាតុហាមឃាត់បានជិត២ពាន់តោន កើនឡើងប្រមាណ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕