បើតាមអ្នកជំនាញរបស់អង្គការ International IDEA នេះ និង ជាអ្នកចងក្រងរបាយការណ៍ផងដែរ បានលើកឡើងថា នេះជាលើកទី១ហើយ ដែលគេដាក់បញ្ចូលសហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យដើរថយក្រោយបែបនេះ។
ប៉ុន្តែ បើពិនិត្យឲ្យមែនទែនទៅ គេបានសង្កេតឃើញសញ្ញាដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកនេះ គឺកើតមានឡើងចាប់តាំងតែពីពាក់កណ្តាលអាណត្តិរបស់អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ ម៉្លេះ ពោលគឺចាប់តាំងពីអំឡុងឆ្នាំ២០១៩។
ទោះជាបែបនេះក្ដី សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យលើសគេដដែលបើធៀបនឹងប្រទេសផ្សេងៗទៀត គ្រាន់តែអាមេរិកមានចំណុចអវិជ្ជមានខ្លះដែលបានកើតឡើងប៉ុន្មានឆ្នាំចុងក្រោយនេះ។ បញ្ហាធ្ងន់ធ្ងរធំៗពីរដែលធ្វើឲ្យមូលដ្ឋានគ្រឹះប្រជាធិបតេយ្យអាមេរិកចុះអន់ថយ គឺការធ្លាក់ចុះនៃសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងការតាមដានទៅលើអំណាចរដ្ឋាភិបាល។ ចលនាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ពីក្រុមអ្នកគាំទ្រ លោកដូណាល់ ត្រាំ ជាកត្តាមួយក្នុងចំណោមកត្តាដទៃទៀត ដែលបង្កផលប៉ះពាល់ ដល់លទ្ធិប្រជាធិបតេយ្យនៅអាមេរិក។
លោក ខេវិន ខាសាស ហ្សាម៉ូរ៉ា (Kevin Casas-Zamora) អគ្គលេខាធិការអង្គការ International IDEA បានលើកឡើងថា ភាពចុះអន់ថយនៃលទ្ធិប្រជាធិបតេយ្យនៅអាមេរិក ជាកញ្ចក់ឆ្លុះបញ្ចាំង ពីទំនោរទូទៅនៅទូទាំងពិភពលោកតែម្តង។
លោកបានព្រមាន ពីផលប៉ះពាល់របស់វាដោយកត់សម្គាល់ថា ការប្រើអំពើហិង្សាក្រោយការបោះឆ្នោត ជាក់ស្តែងនៅអាមេរិកក្នុងឆ្នាំ២០២០ ការចោទប្រកាន់ដោយគ្មានភស្តុតាងនៃការក្លែងបន្លំសន្លឹកឆ្នោតជាដើម ត្រូវបានគេយកមកប្រើជាលេស នៅប្រទេសផ្សេងៗទៀត ដូចជានៅមីយ៉ាន់ម៉ា ប៉េរូ និងអ៊ីស្រាអែលជាដើម។
សូមជម្រាបថា អង្គការ International IDEA តែងតែបញ្ចេញរបាយការណ៍ជារៀងរាល់ឆ្នាំ ចាប់តាំងតែពីដើមទសវត្សឆ្នាំ១៩៧០មក ដើម្បីតាមដានស្ថានភាព នៃការគោរពលទ្ធិប្រជាធិបតេយ្យ នៅទូទាំងពិភពលោក។ របាយការណ៍ប្រចាំឆ្នាំ តែងត្រូវបានគេអង្កេត វិភាគ និងសន្និដ្ឋានអំពីរបត់ និងដំណើរការ នៃរបបដឹកនាំប្រទេសនីមួយៗ ថាតើកំពុងឆ្ពោះទៅផ្លូវមួយណា ហើយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ឬក៏ឈានទៅរករបបផ្តាច់ការ៕