អាស៊ាន-កូវីដ១៩

ប្រទេសអាស៊ានចំនួន៣ហើយ រកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មី ចេញពីឥណ្ឌាជាបន្តបន្ទាប់


ប្រទេសក្នុងតំបន់អាស៊ានចំនួន៣ប្រទេសហើយ ដែលបានប្រកាសរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមចេញពីប្រទេសឥណ្ឌា ឆ្លងចូលមកក្នុងប្រទេសរបស់ខ្លួន។ ក្នុងនោះ វៀតណាម ដែលជាប្រទេសក្បែរខាងកម្ពុជាបានរកឃើញមេរោគថ្មីនេះ កាលពីថ្ងៃទី៣០មេសា កន្លងទៅ ខណៈម៉ាឡេស៊ី បានប្រកាសរកឃើញនៅថ្ងៃទី២ឧសភា។ រីឯប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទម្សិលមិញនេះ ក៏បានប្រកាសរកឃើញករណីកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភពចេញពីឥណ្ឌាដែរ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
កូវីដ១៩បំប្លែងខ្លួនថ្មីនៅឥណ្ឌាកំពុងក្លាយជាក្តីបារម្ភដល់ប្រទេសក្នុងតំបន់អាស៊ាន

ប្រទេស​វៀតណាម​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ដែល​ផ្ទុកមេរោគ​បំប្លែង​ខ្លួន​ថ្មី​មក​ពី​ឥណ្ឌា ខណៈ​ដែល​ប្រទេស​នេះ មានការ​ស្ងប់ស្ងាត់​ការ​ឆ្លង​កូ​វី​ដ​-១៩​អស់​មួយ​រយៈពេល​ខ្លី​។

ក្រសួងសុខាភិបាល​វៀតណាម​បាន​ឲ្យ​ដឹង​កាលពី​ចុង​ខែមេសា​ថា អ្នកជំនាញ​ជនជាតិ​ឥណ្ឌា ៤​នាក់​និង ជនជាតិ​វៀតណាម​ម្នាក់​បាន​ធ្វើតេស្ត​រក​ឃើញ​ថា មាន​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ថ្មី​មក​ពី​ប្រទេស​ឥណ្ឌា ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​ពេល​ចូល​មក​ដល់​ទឹកដី​វៀតណាម​។ ដោយឡែក បុរស​ជនជាតិ​វៀតណាម​ខាងលើ​ជា​បុគ្គលិក​របស់​សណ្ឋាគារ​។

លទ្ធផល​សំណាក​ពី​វិទ្យាស្ថាន​ជាតិ​អនាម័យ​និង​ជំងឺឆ្លង​វៀតណាម បាន​បង្ហាញ​ថា អ្នក​ទាំង​៥ នាក់ មាន​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ថ​ប្រភេទ B.1.167 ដែល​ជា​ប្រភេទ​មាន​លទ្ធភាព​អាច​បំប្លែង​ខ្លួន​បាន​ទ្វេ​ដង​។ នេះ​បើ​តាម​ព័ត៌មាន VN Express​។

ប្រភព​ព័ត៌មាន​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា មេរោគ​ប្រភេទ​នេះ កាច​សាហាវ វា​ធុន​នឹង​ប្រព័ន្ធ​ការពារ​សារពាង្គកាយ​របស់​មនុស្ស និង​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​លឿន​រហ័ស​ខ្លាំង​ជាង​មេរោគ​ធម្មតា​។

អង្គការ​សុខភាព​ពិភពលោក​ក៏​ធ្លាប់​បាន​ឲ្យ​ដឹង​ពី​មេរោគ​ប្រភេទ​ថ្មី​នេះ​ដែរ​ថា វា​អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​ឆាប់​ធ្លាក់ខ្លួន​ក្នុង​សភាព​ធ្ងន់ធ្ងរ ហើយ​វា​ក៏​អាច​យកឈ្នះ​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​បាន​ផង​ដែរ​។

ប្រទេស​វៀតណាម បាន​ស្ងប់ស្ងាត់​មិន​មាន​ករណី​ឆ្លង​ចូល​សហគមន៍​ជាង​១​ខែ​មក​ហើយ ប៉ុន្តែ​បាន​ចាប់ផ្ដើម​កក្រើក​ឡើង​វិញ ដោយ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ឡើង​វិញ​តាំងពី​ថ្ងៃ​ទី ២៩​ខែមេសា​នេះ មក​ទល់​ថ្ងៃ​ទី ០៣ ខែឧសភា មាន​ជាង​២០​ករណី​ហើយ​។

កូវីដ១៩ក្នុងប្រទេសវៀតណាម

ដោយឡែក ប្រទេស​ម៉ា​ឡេ​ស៊ី​ឯណោះ​វិញ ក៏​បាន​រក​ឃើញ​ករណី​ដំបូង នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ពី​ឥណ្ឌា​ក្រោយ​បិទ​ជើងហោះហើរ​ពី​ឥណ្ឌា​បាន​ប៉ុន្មាន​ថ្ងៃ​។

ក្រសួងសុខាភិបាល​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ប្រកាស រក​ឃើញ​ករណី​ដំបូង​នៃ​អ្នក​ដែល​មាន​ផ្ទុក​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ថ្មី​មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២​ឧស​ភាព ពោល​គឺ​នៅ​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដែល​ម៉ា​ឡេ​ស៊ី​ប្រកាស​ផ្អាក​ជើងហោះហើរ​ជាមួយ​ប្រទេស​ឥណ្ឌា​។ នេះ​បើ​តាម​ការ​រាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

មេរោគ​បំប្លែង​ខ្លួន​ថ្មី​នេះ​ត្រូវ​បាន​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​រក​ឃើញ លើ​ខ្លួន​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ក្នុង​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ នៃ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​តាំងពី​ពេល​ណា​នោះ​ទេ​។

គួរ​រំឭក​ថា ម៉ា​ឡេ​ស៊ី​ក៏​ដូច​ជា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ បាន​ផ្តើម​បិទ​ជើងហោះហើរ​ទៅ​មក​ជាមួយ​ប្រទេស​ឥណ្ឌា​កាលពី​ចុង​ខែមេសា និង បាន​ហាមឃាត់​អ្នកដំណើរ​ណា​ដែល​មាន​គោលដៅ​ត្រូវ​ហោះហើរ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា មិន​ឲ្យ​ចូល​ប្រទេស​ខ្លួន​ដូច​គ្នា​ដែរ ដើម្បី​ការពារ​ពី​ការ​រីក​រាលដាល​ឆ្លង​នៃ​មេរោគ​កូ​វី​ដ​១៩ បំប្លែង​ថ្មី​នេះ​។

ម៉ា​ឡេ​ស៊ី ជា​ប្រទេស​មួយ​ក្នុង​តំបន់ ដែល​កំពុង​រង​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩​ខ្លាំងក្លា​ណាស់​ដែរ ពោល​គឺ​មាន​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ចំណែកឯ ចំនួន​អ្នក​ឆ្លង​សរុប​គិត​មក​ដល់​ពេល​នេះ​មាន ជាង ៤១​ម៉ឺន​នាក់ ខណៈ​អ្នក​ស្លាប់មាន​ជាង ១.៥០០​នាក់​។

កូវីដ១៩នៅប្រទេសម៉ាឡេស៊ី

ក្រៅពី​ម៉ា​ឡេ​ស៊ី ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ឯណោះ​វិញ កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ ក៏​បាន​ប្រកាស​រក​ឃើញ​កូ​វី​ដ​-១៩​បំប្លែង​ថ្មី​ពី​ឥណ្ឌា​នេះ​ផង​ដែរ ដែល​បាន​កើតឡើង​នៅ​ក្នុង​រដ្ឋធានី​ហ្សា​កា​តា​។

ក្រសួងសុខាភិបាល​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៣​ឧសភា​នេះ​ថា ខ្លួន​បាន​រក​ឃើញ​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ថ្មី​ចំនួន​២​ករណី ក្នុង​២​ប្រភេទ​ផ្សេង​ៗ​គ្នា ដោយ​មួយ​ករណី​រក​ឃើញ​នៅ​រដ្ឋធានី​ហ្សា​កា​តា ជា​ប្រភេទ​មក​ពី​ប្រទេស​ឥណ្ឌា និង​មួយ​ករណី​ទៀត នៅ​លើ​កោះ​បាលី ដែល​ជា​ប្រភេទ​មក​ពី​តំបន់​អាហ្វ្រិក​។

កូវីដ១៩នៅប្រទេសឥណ្ឌូនេស៊ី

មិន​ខុស​គ្នា​នឹង​ប្រទេស​ក្នុង​តំបន់ និង ជុំវិញ​ពិភពលោក​នោះ​ទេ ឥណ្ឌូ​នេ​ស៊ី​កាលពី​ស​ប្តា​ហ៍​មុន​បាន​ផ្អាក​ការ​ផ្តល់​ទិ​ដ្ឋ​ការ​ដល់​ជនបរទេស​ណា ដែល​ធ្លាប់​បាន​ឆ្លងកាត់ ឬ​ចេញ​មក​ពី​ប្រទេស​ឥណ្ឌា ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា ស្ថានភាព​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​មិន​ទាន់​មាន​ភាព​ធូរស្បើយ​នៅឡើយ​ទេ ពោល​គឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើង​កាន់តែ​ខ្លាំង ដោយ​ចំនួន​អ្នក​ឆ្លង​កាលពី​ថ្ងៃ​ទី ៣ ឧសភា មាន​ជាង​៣៦​ម៉ឺ​នាក់ និង អ្នក​ស្លាប់មាន​ជាង​៣​ពាន់​នាក់​ក្នុង​១​ថ្ងៃ​។ សរុប​អ្នក​ឆ្លង​កូ​វី​ដ​-១៩​នៅ​ឥណ្ឌា​មក​ទល់​ពេល​នេះ​មាន​ជិត​២០​លាន​នាក់​ហើយ និង អ្នក​ស្លាប់​សរុប​មាន​ជិត​២២​ម៉ឺន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនឯកជនថៃស្ម័គ្រចិត្តទិញវ៉ាក់សាំងពីរដ្ឋចាក់ជូនបុគ្គលិកដើម្បីពន្លឿនការចាក់វ៉ាក់សាំង

ព័ត៌មាន
ប្រទេសថៃកំពុងជួបព្យុះរលកឆ្លងកូវីដ-១៩ជាលើកទី៣ដែលបានបន្តបោកបក់កាន់តែខ្លាំង មិនទាន់មានភាពធូរស្រាលនៅឡើយទេ ពោលគឺចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃន…

គណបក្សរបស់លោកម៉ូឌី ចាញ់ឆ្នោតក្នុងរដ្ឋធំលំដាប់ទី៤នៅឥណ្ឌា

ព័ត៌មាន
បើទោះបីជាកូវីដ-១៩នៅតែបន្ដរីករាលដាលខ្លាំង ប៉ុន្តែការបោះឆ្នោតនៅឥណ្ឌាក៏នៅតែបន្ដធ្វើឡើងដដែល ហើយលទ្ធផលឆ្នោតក៏បានចេញជាបណ្ដើរៗហើយដែរ។ ជាក់ស្ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ