លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយធនាគារជាតិនៃកម្ពុជា សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានខិតខំឈ្មុសឈ្មុលធ្វើដំណើរឆ្ពោះទៅរកការបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយពង្រឹងតួនាទី និងភាពធន់របស់ប្រាក់រៀលក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។
ជាក់ស្តែង គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានសមិទ្ធផលដ៏សំខាន់ ដោយឥណទានជាប្រាក់រៀលបានកើនឡើងដល់២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើង១៦%នៃប្រាក់បញ្ញើសរុប។ ដោយតួលេខនេះកើនលើសកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ។
លោកជំទាវ ឌិត នីតា បាននគូសបញ្ជាក់ថា វិធីសាស្រ្តដ៏មានប្រសិទ្ធភាព ដែលសមាគមបានអនុវត្តក្នុងឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់តួនាទីរបស់ប្រាក់រៀលក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និងធ្វើឱ្យទំនាក់ទំនងរវាងសហគមន៍ និងរូបិយប័ណ្ណជាតិ កាន់តែមានភាពស៊ីជម្រៅ។កិច្ចខិតខំប្រឹងប្រែងនេះមានសារសំខាន់ណាស់ ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី នៃវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងមានភាពធន់។
ថ្នាក់ដឹកនាំរូបនេះបានបន្ថែមទៀតថា ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានជះឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យមួយចំនួនដូចជាគ្រួសារ ពាណិជ្ជកម្ម កសិកម្ម និងផ្នែកផ្សេងៗទៀត ដោយអន្តរាគមន៍ នៃឥណទានតាមវិស័យគោលដៅដ៏ច្បាស់លាស់នេះ មិនត្រឹមតែបានជំរុញសកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការគាំទ្រការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ផងដែរ។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា កំណើននៃការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនទាំងក្នុងវិស័យធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុ ប្រាកដណាស់វានឹងជួយជំរុញឱ្យមានផលចំណេញច្រើនដល់ផ្នែកសេដ្ឋកិច្ច ជំរុញឯករាជ្យភាពនៃរូបិយប័ណ្ណជាតិ ជាពិសេសរាជរដ្ឋាភិបាលតាមរយៈធនាគារជាតិននៃកម្ពុជានឹងកាន់តែមានឥទ្ធិពលបន្ថែមទៅលើការអន្តរាគមន៍លើគោលនយោបាយរូបិយប័ណ្ណផ្សេងៗផងដែរ។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៤ នេះ លោក កាំង តុងងី បញ្ជាក់ដែរថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏នឹងបន្តជំរុញកំណើននៃការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀតផងដែរ។
គួរជម្រាបថា ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីការប្រើប្រាស់ប្រាក់រៀល។ គំនិតផ្តួចផ្តើមនានា ដែលផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការជំរុញឱ្យមានការធ្វើប្រតិបត្តិការទូទាត់ឌីជីថលជាប្រាក់រៀល និងការលើកឡើងពីគុណសម្បត្តិប្រព័ន្ធរូបិយប័ណ្ណក្នុងស្រុកដ៏រឹងមាំ ពិតជាមានសារៈសំខាន់ណាស់។ នេះបើតាមការបញ្ចាក់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៕