វិស័យសេដ្ឋកិច្ច

បំណុលកម្ពុជា កើនដល់ជាង១៣ពាន់លានដុល្លារអាម៉េរិក តើវាជាចំនួនឈានដល់ហានិភ័យឬយ៉ាងណា?


បំណុលសាធារណៈរបស់កម្ពុជា បានកើនដល់ជាង១៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ២៦% នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈកាលពីឆ្នាំ២០២៤ បំណុលរបស់កម្ពុជា មានត្រឹមជិត១២ពាន់លានដុល្លារតែប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមដំណាច់ឆ្នាំ២០២៥។ អ្វីដែលគួរឱ្យកត់សម្គាល់បំណុលរបស់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យមានការចោទជាសំណួរថា តើការកើនឡើងនេះវាជាសញ្ញាហានិភ័យ ឬគ្រាន់តែជាឈ្នាន់សម្រាប់ជួយរុញច្រានកំណើនសេដ្ឋកិច្ច?
វិស័យសេដ្ឋកិច្ច
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកឡើងថា កម្រិតបំណុលសាធារណៈរបស់កម្ពុជា ​គឺស្ថិតក្នុងទំហំមួយ ដែលអាចគ្រប់គ្រងបានបើប្រៀបធៀបតាមស្ដង់ដា​អន្តរជាតិ។ យ៉ាងណាមិញអ្នកជំនាញសេដ្ឋកិច្ចរូបនេះបានចាត់ទុកការកើនឡើងនៃបំណុលពីមួយឆ្នាំទៅមួយឆ្នាំរបស់កម្ពុជា គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រហិរញ្ញវត្ថុវៃឆ្លាត ដើម្បីយកមកបណ្ដាក់ទុនលើហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្ស ដែលជាគ្រឹះដ៏សំខាន់សម្រាប់ឆ្លើយតបនឹងវិបត្តិសកល។ សម្រាប់អ្នកជំនាញរូបនេះ បំណុលក្នុងទំហំ១៣ពាន់លានដុល្លារនេះមិនអាចចាត់ទុកជាហានិភ័យខ្ពស់នៅឡើយទេ តែយ៉ាងណាកម្ពុជា ក៏គួរតែបន្តអនុវត្តគោលនយោបាយគ្រប់គ្រងបំណុលដោយប្រុងប្រយ័ត្នដោយផ្ដោតលើការបង្កើនចំណូលក្នុងស្រុក។

​ជាមួយគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ទោះបីបំណុលជារឿងធម្មតាមិនអាចចៀសផុតសម្រាប់ប្រទេសកំពុងអភិវឌ្ឍ តែបើវាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដូចកម្ពុជា ទាមទារឱ្យរាជរដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់។ ជាមួយគ្នានេះ លោក​ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា គួរបើកវេទិកាវែកញែកឱ្យបានទូលំទូលាយបន្ថែមទៀត ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូល និងធានាថា កម្ចីត្រូវបានប្រើប្រាស់ចំគោលដៅ និងមានតម្លាភាពបំផុតក្នុងគ្រា ដែលសេដ្ឋកិច្ចសកលកំពុងផុយស្រួយនេះ។

​គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបជាង១០ពាន់លានដុល្លារអាម៉េរិក ក្នុងនោះរាជរដ្ឋាភិបាលគ្រោងខ្ចីបំណុលពីដៃនានាប្រមាណ៣,១ពាន់លានដុល្លារ ដើម្បីបង្គ្រប់ការចំណាយដោយសារកម្ពុជា ត្រូវបានវាយតម្លៃថា អាចប្រមូលចំណូលបានប្រមាណ៨ពាន់លានដុល្លារអាម៉េរិក។ បើតាមការអះអាងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការខ្ចីបំណុលពីក្រៅប្រទេសក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជា នោះទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ដោយស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែត្រូវបានវាយតម្លៃថា មានចីរភាព និងហានិភ័យកម្រិតទាបដដែលដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


បណ្ដាប្រទេសនៅអាហ្វ្រិកកំពុងវ័ណ្ឌកដោយត្រូវទូទាត់សងកម្ចីយ៉ាងច្រើនដល់ចិន ខណៈខ្លួនស្នើកម្ចីថ្មីៗពីចិន លែងសូវបានដូចមុន

ការវិភាគរបស់ ស្ថាប័ន ONE Data បានបង្ហាញថា តួនាទីរបស់មហាយក្សចិន ក្នុងនាមជាអ្នកផ្តល់កម្ចីឥណទានដ៏ធំដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍បានប្រែប្រួល…

កម្ពុជា គ្រោងដំណើរការរោងចក្រផលិតជីគីមីដ៏ធំមួយក្នុងខេត្តកំពង់ស្ពឺ នៅខែក្រោយនេះ

ក្រោយជីសរីរាង្គរបស់ខ្លួនទទួលបានការគាំទ្រខ្លាំងពីប្រជាកសិករទាំងលើគុណភាព និងតម្លៃ ក្រុមហ៊ុន វីរៈប៊ុនថាំ គ្រោងដាក់ឱ្យដំណើរការរោងចក្រផលិតជី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ