ការប្រកាសអនុញ្ញាតប្រើវ៉ាក់សាំរុស្ស៊ីបានធ្វើឡើងបន្ទាប់ពីប្រទេសឥណ្ឌាកើនឡើងនូវករណីឆ្លងវីរុសកូវីដ-១៩ថ្មី យ៉ាងគំហុក ដោយវ៉ាដាច់ប្រទេសប្រេស៊ីល ក្លាយជាប្រទេសឆ្លងវីរុសកូវីដ-១៩ច្រើនជាងគេបំផុតទីពីរ នៅលើពិភពលោក ។
គិតត្រឹមថ្ងៃអង្គារ ទី១៣ មេសា សប្ដាហ៍នេះ ឥណ្ឌាមានករណីឆ្លងកូវីដ-១៩ លើស ១សែនករណីក្នុងមួយថ្ងៃ ចំនួន ៨ថ្ងៃជាប់ៗគ្នាហើយ ហើយប្រទេសដែលមានប្រជាជនជាង ១,៣ពាន់លាននាក់នេះ មានអ្នកឆ្លងកូវីដ-១៩សរុប ជាង ១៣,៨លាននាក់ និងមានអ្នកស្លាប់ជាង ១សែន ៧ម៉ឺននាក់ហើយ ។
វ៉ាក់សាំងរុស្ស៊ី Sputnik V នេះ មានតម្លៃតិចជាង ១០ដុល្លារសម្រាប់មួយដូស ដែលត្រូវគេគិតថាមានតម្លៃទាប ហើយកន្លងមក មានប្រទេសកំពុងអភិវឌ្ឍន៍កាន់តែច្រើនឡើងបានសម្រេចផ្ដល់ការអនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងរុស្ស៊ីនេះ ខណៈដែលប្រទេសទាំងនោះកំពុងជួបភាពវឹកវរដោយសាររលកឆ្លងរាលដាលលើកទី៣ ។
ទោះបីមានការរិះគន់ពីកង្វះតម្លាភាពពីសំណាក់សហគមន៍វិទ្យាសាស្ត្រសុខាភិបាលរបស់លោកខាងលិចក្ដី អាជ្ញាធរសុខាភិបាលរុស្ស៊ីបានប្រកាសថា វ៉ាក់សាំង Sputnik V នេះមានប្រសិទ្ធភាពការពារការឆ្លងវីរុសកូវីដ-១៩ដល់ទៅ ៩១,៦% ។
ប្រទេសឥណ្ឌាបានសម្រេចអនុញ្ញាតប្រើវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣ ប្រភេទ សម្រាប់ចាក់ឲ្យប្រជាជនរបស់ខ្លួន គឺ Covishield, Covaxin និង Sputnik V ។ វ៉ាក់សាំង Covishield និង Covaxin ជាវ៉ាក់សាំងផលិតនៅក្នុងប្រទេសឥណ្ឌា រីឯ Sputnik V ជាវ៉ាក់សាំងរបស់រុស្ស៊ី ៕