ការប្រកាសពីការផ្អាកការនាំចេញវ៉ាក់សាំងរបស់ឥណ្ឌានាពេលនេះ គឺធ្វើឡើងក្រោយពេលដែលឥណ្ឌា រួមជាមួយនឹងប្រទេសមហាអំណាចគ្រាក់ៗចំនួន៣ទៀត គឺអាមេរិក អូស្ត្រាលី ជប៉ុន ថ្មីៗនេះ ធ្លាប់បានប្រជុំនិងប្រកាសរួមគ្នាអំពីការផលិតវ៉ាក់សាំងឲ្យបានដល់១ពាន់លានដូសដូសផ្គត់ផ្គង់មកឲ្យប្រទេសតំបន់អាស៊ី ដើម្បីជាយុទ្ធាសាស្ត្រមួយក្នុងការប្រជែងឥទ្ធិពលជាមួយនឹងចិន។ ប៉ុន្ដែ ក្រោយពីឥណ្ឌាប្រកាសផ្អាកការនាំចេញវ៉ាក់សាំងភ្លាមៗយ៉ាងដូច្នេះ បានធ្វើឲ្យកើតមានក្ដីខ្វាយខ្វល់ថា តើផែនការផលិតវ៉ាក់សាំង១ពាន់លានដូសមកឲ្យអាស៊ីនោះ នឹងអាចចេញជាផ្លែផ្កាដែរ ដែរឬក៏អត់ទេ?
ថ្លែងប្រាប់សារព័ត៌មាន BBC ប្រភពពីខាងក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងថា ករណីឆ្លងនៅក្នុងប្រទេសកំពុងកើនឡើងខ្លាំងជារៀងរាល់ថ្ងៃ ដែលប្រការនេះនាំឲ្យតម្រូវការក្នុងការចាក់វ៉ាក់សាំងក៏មានការកើនឡើងដូចគ្នា ដើម្បីកាត់បន្ថយការឆ្លងក្នុងប្រទេស ដែលមានដល់រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។
ការសម្រេចផ្អាកការនាំចេញរបស់ឥណ្ឌាត្រូវបានគេរំពឹងថា អាចនឹងប៉ះពាល់ដល់ការផ្គត់ផ្អង់វ៉ាក់សាំងក្នុងពិភពលោក ចាប់ពីពេលនេះរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២១។ មូលហេតុគឺនៅត្រង់ថា ឥណ្ឌាជាប្រទេសមួយក្នុងចំណោមប្រទេសធំៗច្រើនទៀតដែលជាបានផលិត និងចែកចាយវ៉ាក់សាំងច្រើនជាងគេ។
វិទ្យាស្ថានជាតិឥណ្ឌា Serum ( Serum Institute of India) ជាអ្នកទទួលខុសត្រូវក្នុងការផលិតវ៉ាក់សាំង ក្នុងនោះរួមមានវ៉ាក់សាំង ដែលឥណ្ឌាផលិតដោយខ្លួនឯង និងប្រភេទ AstraZeneca ដែលផ្តល់អាជ្ញាប័ណ្ណដោយអង់គ្លេសផងដែរ។
ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន ឥណ្ឌាបានពន្យាពេលដឹកជញ្ចូនវ៉ាក់សាំង AstraZeneca ទៅឲ្យប្រទេសជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រួមមានចក្រភពអង់គ្លេស និងប្រេស៊ីលជាដើមដែលប្រទេសទាំងនោះក៏កំពុងមានតម្រូវការវ៉ាក់សាំងច្រើនណាស់ដែរ។ យ៉ាងណាមិញ ក្នុងពេលកន្លងមក ឥណ្ឌាធ្លាប់បានចែកចាយវ៉ាក់សាំងកូវីដ១៩ប្រភេទ AstraZeneca នេះអស់ជាង ៦០លានដូសទៅឲ្យ ៧៦ប្រទេសរួចមកហើយ។
សូមបញ្ជាក់ផងដែរថា ការសម្រេចផ្អាកការនាំចេញដូចនេះ ធ្វើឡើងនៅក្រោយពេលដែលឥណ្ឌាកាលពីថ្ងៃពុធទី២៤មីនាកន្លងទៅថ្មីៗនេះ មានអ្នកឆ្លងកូវីដ១៩ថ្មីដល់ទៅជាង ៤ម៉ឺន៧ពាន់នាក់ និងមានអ្នកស្លាប់រហូតដល់ទៅជិត៣០០នាក់។
ទន្ទឹមនឹងនេះឥណ្ឌាក៏បានប្រកាសពីការរកឃើញរីរុសកូវីដ១៩បំប្លែងខ្លួនថ្មី មួយប្រភេទទៀត ដែលមានលទ្ធភាពអាចបំប្លែងខ្លួនបានលើសទ្វេដង នៅក្នុងក្រុង មហារាស្ត្រា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា។ ក្រសួងសុខាភិបាលឥណ្ឌា មិនទាន់បញ្ជាក់ច្បាស់ថា តើវីរុសបំប្លែងខ្លួនថ្មីនេះគឺជាមូលហេតុនៃការកើនឡើងករណីឆ្លងដ៏ច្រើនលើសលុប ឬក៏យ៉ាងណានោះទេ ខណៈដែលការស៊ើបអង្កេត និងការសិក្សាកំពុងបន្តធ្វើ៕