ក្រុមហ៊ុន India Ports Global របស់រដ្ឋឥណ្ឌា និងអង្គការកំពង់ផែ និងដែនសមុទ្រនៃប្រទេសអ៊ីរ៉ង់ បានព្រមព្រៀងគ្នាលើការជួលកំពង់ផែអ៊ីរ៉ង់ ឆាបាហា ដោយក្រោមកិច្ចសន្យាជួលនេះ ទីក្រុងញូវដេលី គ្រោងដាក់ទុនវិនិយោគប្រហែល១២០លានដុល្លារ សម្រាប់ដំណើរការពាណិជ្ជកម្មរបស់ខ្លួននៅកំពង់ផែនេះ។ លើសពីនេះ ឥណ្ឌាបានផ្តល់ឥណទានដល់ទីក្រុងតេអេរ៉ង់ ចំនួន២៥០លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងគម្រោងនេះ ដែលជំរុញឱ្យឥណ្ឌាត្រូវចំណាយសរុបក្នុងកិច្ចសន្យានេះឡើងដល់៣៧០លានដុល្លារ។
ប្រទេសឥណ្ឌាចង់បានកំពង់ផែដែលស្ថិតនៅឆ្នេរសមុទ្រភាគអាគ្នេយ៍របស់អ៊ីរ៉ង់ តាមបណ្តោយឈូងសមុទ្រអូម៉ង់នេះ ដើម្បីជួយឱ្យឥណ្ឌាអាចចូលទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និងអាចបើកផ្លូវសម្រាប់ក្រុមហ៊ុនរបស់ខ្លួនចូលទៅកាន់តំបន់អាស៊ីកណ្តាលដោយឆ្លងកាត់ប្រទេសជិតខាងប៉ាគីស្ថាន ដែលជាគូប្រជែងរបស់ខ្លួនផងដែរ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ានយ៉ាម ចៃសានកា (Subrahmanyam Jaishankar) បាននិយាយកាលពីថ្ងៃទី១៤ ខែឧសភាថា ឥណ្ឌាជឿថា ប្រតិបត្តិការនៅកំពង់ផែនេះនឹងផ្តល់ផលប្រយោជន៍ដល់តំបន់នេះទាំងមូល ហើយថា ដោយសារតែមានការចាប់អារម្មណ៍ និងគំនិតផ្តួចផ្តើមដូចគ្នា ទើបបានជាប្រទេសទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងមួយដែលមានរយៈពេលវែងបែបនេះ។
លោក សានចាយ គូម៉ា ផេនដេយ៍ (Sanjay Kumar Pandey) សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សារុស្ស៊ី និងអាស៊ីកណ្តាលនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងញូវដេលី បានប្រាប់នីកេអេស៊ាថា ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី គឺជាតួអង្គសំខាន់ក្នុងការទទួលបានកិច្ចព្រមព្រៀងនេះ ប៉ុន្តែការស្លាប់របស់លោកកន្លងទៅថ្មីៗនេះមិនមែនជាឧបសគ្គធំដល់កិច្ចសន្យានេះទេ។
លោកសាស្ត្រាចារ្យរូបនេះបានបន្ថែមថា ក្រៅតែពីបានផ្តល់លទ្ធភាពឱ្យឥណ្ឌាអាចចូលទៅកាន់អាស៊ីកណ្តាល កំពង់ផែនេះក៏អាចជួយទប់ទល់នឹងកំពង់ផែក្វាដា (Gwadar) ក្នុងប្រទេសប៉ាគីស្ថាន នៅជិតព្រំដែនអ៊ីរ៉ង់ ដែលកំពុងដំណើរការដោយក្រុមហ៊ុនចិន China Overseas Ports Holding ក្រោមច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ផងដែរ៕
អត្ថបទ៖ សុខ មង្គល