ស្រីលង្កាអនុញ្ញាតឲ្យ «នាវាចារកម្ម» របស់ចិនធ្វើប្រតិបត្តិការនៅក្នុងប្រទេស

ឥណ្ឌាសង្ស័យថា ស្រីលង្កាបានអនុញ្ញាតឲ្យ «នាវាចារកម្មចិន» ធ្វើប្រតិបត្តិការនៅក្នុងប្រទេស


កប៉ាល់យោធាដែលមានបច្ចេកវិទ្យាខ្ពស់របស់ចិនមួយគ្រឿង នឹងត្រូវចូលចតនៅប្រទេសស្រីលង្កាក្នុងខែនេះ ដែលប្រទេសឥណ្ឌាបង្ហាញការព្រួយបារម្ភ និងសង្ស័យថាជា កប៉ាល់ស៊ើបការសម្ងាត់របស់ប្រទេសចិន ដែលវាបានសបង្ហាញថា ប្រទេសស្រីលង្កាកំពុងមានការប្រទាញប្រទង់គ្នារវាងមហាតំបន់ទាំងពីរគឺឥណ្ឌា និងចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ឥណ្ឌាសង្ស័យថា ស្រីលង្កាបានអនុញ្ញាតឲ្យ «នាវាចារកម្មចិន» ធ្វើប្រតិបត្តិការនៅក្នុងប្រទេស

ប្រទេសស្រីលង្កាបានផ្តល់ភ្លើងខៀវដល់នាវាយ៉ុន យ៉ាង ៥ (Yuan Wang 5) របស់ទីក្រុងប៉េកាំង ក្នុងការចុះចតនៅកំពង់ផែហាមបានតូតា (Hambantota) ភាគខាងត្បូងប្រទេសនេះ ដោយរំពឹងថាកប៉ាល់យក្សនេះនឹងឈប់នៅទីនោះចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែសីហានេះ។

ទន្ទឹមនឹងគ្នានេះដែរ ប្រទេសឥណ្ឌាឯណោះវិញ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនពិតជាមិនសប្បាយចិត្តនោះឡើយចំពោះកប៉ាលរបស់ចិន ដែលទីក្រុងញូដេលីសង្ស័យថា ជានាវាចារកម្មសម្ងាត់ ចុះចតនៅទីធ្លារក្រោយរបស់មហាយក្សឥណ្ឌានោះ។

ខណៈពេលដែលភាពចម្រូងចម្រាសនេះបានកើនឡើង របាយការណ៍ជាច្រើនរបស់ឥណ្ឌាកាលពីថ្ងៃសៅរ៍បាននិយាយថា ទីក្រុងកូឡុំបូឥឡូវនេះកំពុងស្នើសុំឱ្យប្រទេសចិន «ពន្យារពេល» ដំណើរទស្សនកិច្ចរបស់នាវានេះ។ ទោះជាយ៉ាងណា ទីភ្នាក់ងារ Nikkei Asia មិនអាចផ្ទៀងផ្ទាត់របាយការណ៍ភ្លាមៗបាននៅឡើយទេ ហើយក៏មិនច្បាស់ថា ទីក្រុងប៉េកាំងនឹងឆ្លើយតបបែបណានៅឡើយដែរ។

មុនពេលមានរបាយការណ៍កាលពីថ្ងៃសៅរ៍ លោកណាលីន ហើរ៉ាត (Col. Nalin Herath) អ្នកនាំពាក្យក្រសួងការពារជាតិស្រីលង្កាបានប្រាប់សារព័ត៌មាន Nikkei ថាអាជ្ញាធរក្នុងតំបន់បានយល់ព្រមរួចទៅហើយ លើសំណើរបស់ប្រទេសចិនសម្រាប់ការអនុញ្ញាតឱ្យនាវានេះចូលចុះចតដោយផ្អែកលើ «នីតិវិធីស្តង់ដារជាក់លាក់»។

លោកបានសង្កត់ធ្ងន់ថា «នេះមិនមែនជាកប៉ាល់កងទ័ពជើងទឹកចិនដំបូងគេដែលចូលមកប្រទេសស្រីលង្កានោះទេ ដោយពីមុនមកក៏ធ្លាប់មានកប៉ាល់យោធាមកពីប្រទេសជាច្រើនរួមទាំងឥណ្ឌា និងសហរដ្ឋ បានចូលចតនៅកំពង់ផែរបស់ស្រីលង្កាដូចគ្នាដែរ។

លោកវរសេនីយ៍ឯកស្រីសង្កាម្នាក់បាននិយាយថា ប្រទេសចិនបានប្រកាសរួចម្តងហើយថា ដំណើរទស្សនកិច្ចរបស់កប៉ាលនេះ គឺនឹងធ្វើឡើងដើម្បីបំពេញបន្ថែមនូវតម្រូវការប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងៗទៀតតែប៉ុណ្ណោះ។

លោក Rohan Masakorala អ្នកជំនាញផ្នែកដឹកជញ្ជូនតាមសមុទ្រ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Shippers' Academy Colombo បាននិយាយថា យោងតាមព័ត៌មានដែលមានស្រាប់ កប៉ាល់មានសមត្ថភាពស្កែនរយៈចម្ងាយឆ្ងាយនេះ អាចនឹងត្រូវប្រើដើម្បីគូសផែនទីក្នុងការដំឡើងប្រព័ន្ធការពារ និងជួយដល់ការធ្វើផែនការយុទ្ធសាស្ត្ររបស់យោធាចិនតែម្តង។

យ៉ាងណា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននិយាយថា នាវាយ៉ុន យ៉ាង ៥ នេះនឹងធ្វើការតាមដានលំហអាកាស ការគ្រប់គ្រងផ្កាយរណប និងប្រតិបត្តិការតាមដានស្រាវជ្រាវនៅក្នុងតំបន់ប៉ុណ្ណោះ។

បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសឥណ្ឌាបានធ្វើការតវ៉ាតាមផ្លូវទូតជាមួយស្រីលង្កា ខណៈដែលអ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌាបាននិយាយថា រដ្ឋាភិបាលខ្លួនកំពុងធ្វើការ «ត្រួតពិនិត្យដោយប្រុងប្រយ័ត្ននូវការអភិវឌ្ឍន៍ណាមួយដែលប៉ះពាល់ដល់សន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ព្រមទាំងចាត់វិធានការចាំបាច់ដើម្បីការពារប្រយោជន៍របស់ប្រទេសខ្លួន»។

ជាមួយគ្នានេះដែរ ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនសង្ឃឹមថា «ភាគីពាក់ព័ន្ធនឹងមើល និងរាយការណ៍អំពីសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រនៅលំហរសមុទ្ររបស់នាវាចិនឱ្យបានត្រឹមត្រូវ តែត្រូវជៀសវាងការជ្រៀតជ្រែកក្នុងសកម្មភាពដែនសមុទ្រធម្មតា និងស្របច្បាប់របស់ចិន»។

ជាការពិត ជាច្រើនឆ្នាំមកនេះ មហាយក្សទើបរះគឺឥណ្ឌា និងចិនបានប្រទាញប្រទង់ដណ្តើមឥទ្ធិពលនៅក្នុងប្រទេសកោះអាស៊ីខាងត្បូងមួយនេះ។ បន្ទាប់ពីសង្គ្រាមស៊ីវិលស្រីលង្កាបានបញ្ចប់ក្នុងឆ្នាំ ២០០៩ មក ទីក្រុងប៉េកាំងបានធ្វើការវិនិយោគទៅលើអាកាសយានដ្ឋាន កំពង់ផែ ផ្លូវល្បឿងលឿន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗផ្សេងៗទៀត ដែលជាចំណុចដ៏សំខាន់មួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់មហាអំណាចចិន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Samsung នឹងចាប់ផ្ដើមការផលិតគ្រឿងបន្លាស់បន្ទះឈីបនៅក្នុងប្រទេសវៀតណាមនៅឆ្នាំ២០២៣

ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងនឹងចាប់ផ្តើមផលិតគ្រឿងបន្លាស់បន្ទះសៀគ្វីនៅប្រទេសវៀតណាមក្នុងខែកក្កដា ឆ្នាំ២០២៣ ខណៈដែលក្រុមហ៊ុនផលិតអេឡិច…

នាវាចម្បាំងចិន និងតៃវ៉ាន់ បានត្រឹមគគ្រឺតធ្មេញដាក់គ្នានៅច្រកសមុទ្រតៃវ៉ាន់ ខណៈសមយុទ្ធរបស់ទីក្រុងប៉េកាំងបិទបញ្ចប់

នាវាចម្បាំងចិន និងតៃវ៉ាន់បានត្រឹមគគ្រឺតធ្មេញដាក់គ្នាបែប «ឆ្មានិងកណ្ដុរ» ប៉ុណ្ណោះ នៅប៉ុន្មានថ្ងៃមកនេះ ពិសេសនៅពីថ្ងៃអាទិត្យ ដែលជាថ្ងៃបញ្ចប់ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ