ការបោះឆ្នោតដាក់រុស្ស៊ីឲ្យនៅឯកោ

មហាសន្និបាតអង្គការសហប្រជាជាតិទាំង១៩៣ប្រទេសនឹងបោះឆ្នោតដាក់រុស្ស៊ីឲ្យនៅឯកោជុំវិញការឈ្លានពានអ៊ុយក្រែន


មហាសន្និបាតអង្គការសហប្រជាជាតិដែលមានទាំងអស់១៩៣ប្រទេស បានចាប់ផ្តើមកិច្ចប្រជុំពិសេសបន្ទាន់មួយ ដើម្បីពិភាក្សាស្តីពីវិបត្តិនៅអ៊ុយក្រែនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះហើយ។ មហាសន្និបាតគ្រោងនឹងបន្តការបោះឆ្នោត ក្នុងសប្តាហ៍នេះ ដើម្បីចាត់វិធានការធ្វើ ឲ្យប្រទេសរុស្ស៊ីនៅឯកោ ជាការឆ្លើយតប នឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ហើយទាមទារឱ្យទាហានរុស្ស៊ីទាំងអស់បញ្ឈប់ការប្រយុទ្ធ និងដកទ័ពចេញជាបន្ទាន់ផងដែរ។
មហាសន្និបាតអង្គការសហប្រជាជាតិ

មហាសន្និបាតអង្គការសហប្រជាជាតិនឹងបោះឆ្នោតនៅសប្តាហ៍នេះ លើសេចក្តីព្រាងសេចក្តីសម្រេច ចាត់វិធានការដាក់រុស្ស៊ីអោយនៅឯកោ។ សេចក្តីព្រៀងនេះ គ្មានប្រទេសណាមានអំណាចវេតូបានឡើយ ដោយហេតុថាវាស្ថិតនៅក្រោមមហាសន្និបាត និងមិនស្ថិតក្នុងរង្វង់នៃក្រុមប្រឹក្សាសន្តិសុខឡើយ។ អ្នកការទូតមកពីលោកខាងលិចរំពឹងថា ដំណោះស្រាយនេះ នឹងត្រូវបានមហាសន្និបាតអនុម័ត ដោយវានឹងត្រូវការសម្លេងគាំទ្រពីរភាគបី។ 

សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ប្រតិកម្មពីអង្គការសហប្រជាជាតិ គឺជាឱកាសមួយដើម្បីបង្ហាញថា គ្មានប្រទេសណាមួយគាំទ្ររុស្ស៊ីឲ្យប្រព្រឹត្តិអំពើបង្ហូរឈាមនោះទេ។ មន្ត្រីទូតដែលជិតស្និទនឹងបញ្ហានេះ បានបង្ហើបថាមកទល់ពេលនេះ សេចក្តីព្រាងដំណោះស្រាយមានប្រទេស ៨០រួចហើយដែលបង្ហាញការគាំទ្រ ខណៈប្រទេសជាង១០០ផ្សេងទៀត នឹងត្រូវឡើងថ្លែងពីបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន មុនពេលមហាសន្និបាតចាប់ផ្តើមបោះឆ្នោត។

គួរជម្រាបថា កិច្ចចរចាស្តីពីបទឈប់បាញ់រវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែនបានបរាជ័យក្នុងការចរចាកាលពីថ្ងៃចន្ទ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា លោកសង្ឃឹមថា កិច្ចចរចាលើកក្រោយនឹងមិនត្រឹមតែធ្វើឱ្យមានការបញ្ឈប់ភ្លាមៗចំពោះការប្រយុទ្ធគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវឆ្ពោះទៅរកដំណោះស្រាយការទូតផងដែរ។

លោក Guterres ក៏បានព្រមានអំពីផលប៉ះពាល់នៃជម្លោះរវាងប្រទេសទាំងពីរ នឹងជះឥទ្ធិពល លើជនស៊ីវិល ដែលអាចក្លាយជាវិបត្តិមនុស្សធម៌ និងជនភៀសខ្លួនដ៏អាក្រក់បំផុតរបស់អឺរ៉ុបក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។

ជាក់ស្តែង ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិឲ្យដឹងថា ជនភៀសខ្លួនជាង ៥០ម៉ឺននាក់ បានភៀសខ្លួនពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ក្នុងនោះមានជាង ១៥ម៉ឺននាក់បានភៀសខ្លួនទៅប្រទេសប៉ូឡូញ។

សូមបញ្ជាក់ថា កិច្ចចរចាជុំទីពីររវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានឲ្យដឹងដោយភាគីរុស្ស៊ីថា នឹងអាចធ្វើឡើងក្នុងពេល២ថ្ងៃទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅទីក្រុងតាខ្មៅ ដើម្បីបំពេញតម្រូវការប្រើប្រាស់ដែលកំពុងខ្វះខាត

ព័ត៌មាន
ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអះអាងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយ…

តើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កំពុងបង្កភាពអាប់អួដល់កំណើនសកម្មភាពរោងចក្រនៅអាស៊ីយ៉ាងណាខ្លះ?

ព័ត៌មាន
តើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កំពុងបង្កភាពអាប់អួដល់កំណើនសកម្មភាពរោងចក្រនៅអាស៊ីយ៉ាងណាខ្លះ? សកម្មភាពរោងចក្រនៅអាស៊ី បានរក្សាការស្ទុះងើបឡើងវិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ