នាបទបង្ហាញពីស្ថានភាពថវិកាប្រចាំឆ្នាំ២០២៤ និង២០២៥ នៅក្នុងសភា កាលពីពេលថ្មីៗ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា លោកស្រី នីម៉ាឡា ស៊ីថារ៉ាម៉ាន (Nirmala Sitharaman) បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌានឹងកាត់បន្ថយពន្ធលើការនាំចូលទូរសព្ទដៃ បន្ទះសៀគ្វី និងឆ្នាំងសាកថ្មទូរសព្ទពី២០% មកនៅត្រឹម១៥% ដោយសារប្រជាពលរដ្ឋមានចំណង់ចំណូលចិត្តខ្ពស់លើផលិតផលទាំងនេះ។
លោក នែល សា (Neil Shah) សហស្ថាបនិករបស់ក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានអះអាងថា ក្រុមហ៊ុន Apple បាននាំចូលទូរសព្ទ iPhone ចន្លោះពី១០ ទៅ១២% ទៅកាន់ប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ ហើយការកាត់បន្ថយពន្ធ៥% លើផលិតផលទាំងនេះ វានឹងផ្តល់ប្រយោជន៍ប្រចាំឆ្នាំប្រហែល៤៥លានដុល្លារដល់ក្រុមហ៊ុននេះ។
ទោះបីជាក្រុមហ៊ុន Apple បានជំរុញផលិតកម្មរបស់ខ្លួនក្នុងប្រទេសឥណ្ឌា តាមរយៈក្រុមហ៊ុន ផលិតជាប់កិច្ចសន្យាដូចជាក្រុមហ៊ុន Foxconn និងក្រុមហ៊ុន Tata Group របស់ឥណ្ឌាក៏ដោយ ក៏ក្រុមហ៊ុននេះនៅតែបន្តនាំចូលទូរសព្ទ iPhone ម៉ូឌែល Pro និង Pro Max ស៊េរីខ្ពស់មួយចំនួនចូលទៅកាន់ទីផ្សារឥណ្ឌា។ លោក សា បាននិយាយថា វិធានការថ្មីនេះ ក៏នឹងកាត់បន្ថយពន្ធនាំចូលសម្រាប់តួអង្គថ្មីៗទៀត ដែលបានចូលមកក្នុងទីផ្សារនៅឥណ្ឌា រួមទាំងក្រុមហ៊ុនកូរ៉េខាងត្បូង សាំស៊ុង ផងដែរ៕
អត្ថបទ៖ សុខ មង្គល