បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា ការនាំចេញអង្កររបស់ថៃ ត្រូវបានព្យាករថា នឹងអាចឈានដល់ជាង១០លានតោននៅឆ្នាំនេះ ដែលជាកម្រិតមួយខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ដែលត្រូវបានជំរុញដោយសារកំណើនតម្រូវការពីប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងទីផ្សារមួយចំនួនទៀត។ ការព្យាករបែបនេះធ្វើឡើងក្រោយប្រទេសក្បែរខាងកម្ពុជា មួយនេះ នាំចេញអង្ករជាង៩លានតោន នៅក្នុងរយៈពេល១១ខែកន្លងមកនេះ ដោយលើសពីគោលដៅប្រចាំឆ្នាំរបស់ខ្លួនដែលមានត្រឹម៨លានតោន ហើយនៅពេញមួយខែធ្នូ នេះ គេបានប៉ាន់ប្រមាណថា ថៃអាចនាំចេញអង្ករបានចន្លោះពី៥០ម៉ឺន ទៅ៨០ម៉ឺនតោន។
ប្រសិនបើការទស្សន៍ទាយនេះពិតជាត្រឹមត្រូវមែន នោះបរិមាណនាំចេញអង្កររបស់ថៃ នៅឆ្នាំនេះ ជាចំនួនមួយដ៏ច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨ មក ដោយកាលណោះថៃ បាននាំចេញអង្ករបានរហូតដល់ជាង១១លានតោន។
លោកស្រី អារ៉ាដា ហ្វុងថុង ( Arada Fuangtong) អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម បានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំដ៏អស្ចារ្យសម្រាប់ការនាំចេញអង្កររបស់ថៃ ដោយក្នុងនោះឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ានបានស្រូបយកអង្កររបស់ថៃ រហូតដល់ជាង១,១លានតោន, អ៊ីរ៉ាក់បានទិញជាង៩៥ម៉ឺនតោន ខណៈហ្វីលីពីន បានទិញអង្កររបស់ថៃ ជាង៤៩ម៉ឺនតោន។ កំណើននាំចេញអង្កររបស់ថៃនេះ បានកើតឡើងបន្ទាប់ពីឥណ្ឌា ដែលជាអ្នកនាំចេញអង្ករធំជាងគេនៅលើពិភពលោកបានរឹតត្បិតការនាំចេញអង្កររបស់ខ្លួនកាលពីអំឡុងឆ្នាំ២០២៣ ប៉ុន្តែនៅឆ្នាំនេះឥណ្ឌានឹងបើកការនាំចេញរបស់ខ្លួនឡើងវិញដោយសារបរិមាណផលិតកម្មអង្ករមានការកើនឡើងខ្ពស់ ដែលអាចទាញទម្លាក់បរិមាណនាំចេញរបស់អង្កររបស់ថៃ។
លោក ឈូគៀត អូផាវង្សសែ (Chookiat Ophaswongse ) ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បានអះអាងថា ឥណ្ឌាត្រូវបានគេរំពឹងថា នៅឆ្នាំក្រោយនឹងទទួលបានទិន្នផលស្រូវល្អប្រសើរជាងឆ្នាំនេះ ដូច្នេះឥណ្ឌាអាចនឹងទាញយកចំណែកទីផ្សាររបស់ខ្លួនទៅវិញនៅក្នុងឆ្នាំ២០២៥។ ផលិតកម្មស្រូវរបស់ឥណ្ឌា សម្រាប់ឆ្នាំប្រមូលផលឆ្នាំ២០២៤ និង២០២៥ ត្រូវបានគេព្យាករថា នឹងកើនឡើងដល់១៤៥ លានតោន ដូច្នេះឥណ្ឌានឹងមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមពលរដ្ឋខ្លួន និងឈានទៅនាំចេញវិញ៕
ដោយៈ សរ សុជាតិ