រោងចក្រផលិតរថយន្ដធំៗមួយចំនួននៅក្នុងប្រទេសឥណ្ឌា ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យបើកប្រតិបត្តិការ ដោយប្រើប្រាស់កម្លាំងពលកម្មពេញលេញឡើវិញហើយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បើទោះបីជា មានកម្មករប្រមាណ ៧៥% ដែលបម្រើការក្នុងរោងចក្រទាំងនោះ មិនទាន់បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក៏ដោយ។ ប្រការនេះ កំពុងក្លាយជាក្ដីបារម្ភ និងហានិភ័យថ្មីម្តងទៀត សម្រាប់ឥណ្ឌា ក្នុងការប្រឈមនឹងការផ្ទុះរីករាលដាលឆ្លងកូវីដ-១៩បន្ថែមទៀត។
ក្នុងចំណោមកម្មករ៤នាក់ នៅក្នុងរោងចក្រផលិតរថយន្ដ Ford, Hyundai និង Renault-Nissan គឺមាន៣នាក់ទៅហើយដែលមិនបានទទួលការចាក់វ៉ាក់សាំង។ របាយការណ៍បានគូសបញ្ជាក់ទៀតថា នៅក្នុងចំណោមកម្មករ៧នាក់នៅក្នុងរោងចក្រផលិតរថយន្ដទាំងនេះ គឺមានម្នាក់ បានឆ្លងកូវីដ-១៩ ហើយក្នុងចំណោមអ្នកស្លាប់២១នាក់ គឺមានម្នាក់ជាកម្មកររោងចក្រផលិតរថយន្ដទាំងនេះ។
បើមើលទៅលើទិដ្ឋាភាពជារួម ប្រទេសឥណ្ឌា មកទល់ពេលនេះ មានការថមថយចុះករណីឆ្លងប្រចាំថ្ងៃកាន់តែទាបទៅៗហើយ ដោយកាលពីមុនធ្លាប់មានដល់ទៅជាង៣០ម៉ឺននាក់ក្នុងមួយថ្ងៃៗ ឥឡូវមានត្រឹមតែប្រមាណជាង៥ម៉ឺននាក់ប៉ុណ្ណោះ ដែលករណីឆ្លងថ្មីនាពេលនេះ គឺមានទាបបំផុតក្នុងរយៈពេល៣ខែកន្លងមកនេះ។ ចំនួនអ្នកឆ្លងកូវីដ-១៩សរុបនៅក្នុងប្រទេសឥណ្ឌា មានប្រមាណ៣០លាននាក់ហើយ និង អ្នកស្លាប់សរុបមានប្រមាណជិត ៤០ម៉ឺននាក់។
បើទោះបីជា មានការថយចុះករណីឆ្លងប្រចាំថ្ងៃក៏ដោយ ប៉ុន្ដែ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលនៅតែមានក្ដីបារម្ភចំពោះហានិភ័យនៅប្រទេសឥណ្ឌា ដោយបានព្រមានពីរលកឆ្លងលើកទី៣ ដែលអាចកើតឡើងនៅឥណ្ឌាម្ដងទៀត នៅខែតុលាខាងមុខ ហើយបើទោះបីជា ឥណ្ឌាមានការគ្រប់គ្រងប្រសើរជាងមុន ក៏ការឆ្លងរីករាលដាលថ្មីនេះនឹងបន្ដគំរាមកំហែងដល់សុខភាពសាធារណៈ យ៉ាងហោចណាស់រយៈពេល១ឆ្នាំ។ នេះបើតាមការសិក្សាស្រាវជ្រាវមួយដោយភ្នាក់ងារព័ត៌មាន Reuters។
សូមបញ្ជាក់ថា មកទល់ពេលនេះ ប្រទេសឥណ្ឌាទើបតែមានប្រជាជនបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសប្រមាណតែ៥% ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុបដែលមានសិទ្ធិទទួលបានវ៉ាក់សាំងប្រមាណ៩៥០លាននាក់។ ដូច្នេះ វាបានបង្ហាញឲ្យឃើញថា ហានិភ័យឆ្លងរីករាលដាល និងករណីស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ នៅឥណ្ឌា គឺនៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភនៅឡើយ៕