ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា បានយកឈ្នះការរំពឹងទុកនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៤ ជាមួយនឹងកំណើនកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ៧,៨%។ លោក ណ័រ បានូមូឌី (N.R. Bhanumurthy ) អ្នកសេដ្ឋកិច្ចវិទូប្រចាំនៅសាលា Ambedkar School of Economics បាននិយាយថា កំណើនដែលបានប្រកាសគឺជាកំណើនដ៏ខ្ពស់ ដោយសារតែលោកបានប៉ាន់ប្រម៉ាណថា ឥណ្ឌាអាចសម្រេចបានត្រឹមតែ៧% ប៉ុណ្ណោះ។
លោកបានបន្តថា កំណើនដែលបានឃើញនេះ ទំនងជាត្រូវបានជំរុញដោយកំណើននៃវិស័យផលិតទំនិញមិនមែនវិស័យសេវាកម្មដែលមានន័យថា សកម្មភាពផលិតកម្មបានងើបឡើងវិញ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ឥណ្ឌានៅតែមានការព្រួយបារម្ភចំពោះតម្រូវការប្រើប្រាស់ក្នុងស្រុក និងតម្រូវការខាងក្រៅដែលអាចប៉ះពាល់ដល់ការនាំចេញ។
តាមការប្រកាសវិស័យផលិតកម្មនៅឥណ្ឌានៅត្រីមាសទី១កន្លងមក គឺមានកំណើនជិត១០% ដោយឡែកខាងរ៉ែ គឺកើនឡើងជាង៧% តែទោះបីជាយ៉ាងណាក៏ដោយ វិស័យកសិកម្ម ហិរញ្ញវត្ថុ និងអចលនទ្រព្យឃើញថា មានកំណើនយឺតនៅឡើយ។
ផ្អែកតាមសន្ទុះនេះហើយ ទើបថ្មីៗកន្លងទៅនេះ មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែមេសា ថា ប្រទេសឥណ្ឌាអាចវ៉ាដាច់ប្រទេសជប៉ុន ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោកក្នុងឆ្នាំ២០២៥ បន្ទាប់ពីអាម៉េរិក ចិន និងអាល្លឺម៉ង់។
តាមសេចក្តីរាយការណ៍ដដែលបានបន្ថែមថា ទិន្នន័យនេះត្រូវបានផ្សព្វផ្សាយស្របពេលដែល លោក ណារិនដ្រា ម៉ូទី នាយករដ្ឋមន្រ្តីឥណ្ឌា នៅក្នុងតំណែងបានដឹកនាំឥណ្ឌាទទួលបានការគាំទ្រភ្លូកទឹក ភ្លូកដីជាថ្មីនៅក្នុងការបោះឆ្នោតកាលបីសប្តាហ៍មុន។
គណបក្សរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី កំពុងតែឈ្នះសំឡេងភាគច្រើនដាច់នៅក្នុងការបោះឆ្នោតរបស់ប្រទេសឥណ្ឌាជាលើកទីបីជាប់ៗគ្នា ដោយគណបក្សប្រឆាំងនឹងសម្ព័ន្ធភាព គឺអាចឈ្នះទទួលបានអសនៈត្រឹមតែ២៧២កៅអីប៉ុណ្ណោះនៅក្នុងសភាក្នុងចំណោម៥៤៣ អាសនៈ។
ទោះបីជាលទ្ធផលផ្លូវការនៅមិនទាន់ប្រកាសក៏ពិតមែន ប៉ុន្តែលោក ម៉ូឌី បានអះអាងពីជ័យជម្នះរួចហើយ ដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោតដែលបានមកពីការគាំទ្ររបស់ប្រជាពលរដ្ឋក្រីក្រឥណ្ឌា៕
សេដ្ឋកិច្ចឥណ្ឌា