ស្ថិតិប្រចាំសប្ដាហ៍ចេញផ្សាយដោយធនាគារកណ្ដាលឥណ្ឌា (RBI) បានបង្ហាញថា ទុនបម្រុងអន្តរជាតិរបស់ប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោករហូតជាង១,៤ពាន់លាននាក់ បានធ្លាក់ចុះប្រមាណ៥,៧ពាន់លានដុល្លារអាម៉េរិក មកនៅត្រឹមជាង៦៣៤ពាន់លានដុល្លារអាម៉េរិក គិតត្រឹមដើមខែមករា ឆ្នាំ២០២៥ នេះ ហើយកត្តាចម្បងនៃការធ្លាក់ចុះនេះ គឺដោយសារការធ្លាក់ចុះទុនបម្រុងជារូបិយប័ណ្ណបរទេសដែលបានធ្លាក់ចុះ៦,៤ពាន់លានដុល្លារអាម៉េរិក មកនៅត្រឹមប្រមាណជាង៥៤៥ពាន់លានដុល្លារអាម៉េរិក។
ទោះជាយ៉ាងណា ទុនបម្រុងជាមាសបានកើនឡើងចំនួន៨២៤លានដុល្លារអាម៉េរិក ដែលធ្វើឱ្យទុនបម្រុងជាមាសសរុបកើនឡើងដល់ជាង៦៧ពាន់លានដុល្លារអាម៉េរិក។ ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលនៃប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស ឬរូបិយប័ណ្ណបរទេសដូចជាប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុបជាដើម។ ជាការកត់សម្គាល់ មាសដែលជាទ្រព្យសកម្មដ៏ពេញនិយម និងត្រូវប៉ាន់គ្រប់សម័យកាលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាទុនបម្រុងអន្តរជាតិ ដ៏សំខាន់ និងមានសុវត្ថិភាពបំផុតមួយសម្រាប់ប្រទេសជុំវិញពិភពលោក៕
ដោយ: តែម សុខុម