
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូនេស៊ី លោក ហ្ស៊ុលគីហ្វលី ហាសាន (Zulkifli Hasan) បានអះអាងថា ឥណ្ឌូនេស៊ី ដែលបាននាំចូលអង្ករជាង៤លានតោនសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកកាលពីឆ្នាំមុន នឹងមិននាំចូលអង្ករពីប្រទេសផ្សេងៗទៀតនោះទេ បន្ទាប់ពីប្រទេសបងធំនៅអាស៊ានមួយនេះសម្រេចបានអតិរេកផលិតកម្មអង្កររហូតដល់៤លានតោននៅឆ្នាំនេះ ក៏ដូចជាដើម្បីលើកកម្ពស់ទីផ្សារស្រូវអង្ករក្នុងស្រុក។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ តាមរយៈអតិរេកអង្ករប្រមាណ៤លានតោន ឥណ្ឌូនេស៊ីនឹងឈប់នាំចូលអអង្កររហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥ ហើយនៅឆ្នាំក្រោយអាចនឹងពឹងផ្អែកលើផលិតកម្មក្នុងស្រុកបន្តទៀត។ កំណើនផលិតកម្មស្រូវអង្ករក្នុងស្រុកនេះ បានជួយជំរុញប្រាក់ចំណូលរបស់កសិករឥណ្ឌូនេស៊ី ឱ្យមានការកើនឡើងផងដែរ។
ការសម្រេចបានកំណើនផលិតកម្មស្រូវអង្កររបស់ឥណ្ឌូនេស៊ី នៅឆ្នាំនេះ ត្រូវបានរដ្ឋមន្ត្រីរូបនេះអះអាងថា វាបានកើតចេញការខិតខំយកចិត្តទុកដាក់ជួយពីក្រសួងស្ថាប័នពាក់ព័ន្ធ គួបផ្សំមានការអំណោយផលពីអាកាសធាតុ។ កន្លងមកប្រទេសឥណ្ឌូណេស៊ី បាននាំចូលអង្ករពីប្រទេសវៀតណាម ប៉ាគីស្ថាន និងមីយ៉ាន់ម៉ាជាដើម។
បច្ចុប្បន្នតម្លៃអង្ករនៅលើទីផ្សារពិភពលោកមានការប្រែប្រួលទៅតាមប្រទេសនីមួយៗ ក្នុងនោះអង្ករសរបស់ថៃ និងឥណ្ឌា មានតម្លៃចន្លោះពី៣៤០ទៅ៣៤៥ដុល្លារក្នុងមួយតោន ខណៈអង្ករវៀតណាមអាចលក់បានក្នុងរង្វង់ពី៤៤០ទៅ៤៦៥ដុល្លារក្នុងមួយតោន និងអង្ករបង់ក្លាដែសមានតម្លៃក្នុងរង្វង់៣៥៩ដុល្លារក្នុងមួយតោន៕
ដោយៈ សរ សុជាតិ