ឥណ្ឌូនេស៊ី-ពីរុស្ស៊ី

ឥណ្ឌូនេស៊ីពិចារណាទិញប្រេងពីរុស្ស៊ី ចំពេលកំពុងជួបភាពវឹកវរដោយសារប្រេងឡើងថ្លៃ និងអតិផរណាកើនខ្ពស់


ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កំពុងតែពិចារណាចូលរួមជាមួយប្រទេសឥណ្ឌា និងប្រទេសចិនក្នុងការទិញប្រេងពីប្រទេសរុស្ស៊ី ដើម្បីបន្ថយសម្ពាធកើនឡើងខ្លាំងនូវតម្លៃថាមពល និងចំណីអាហារក្នុងស្រុក។ លោក វីដូដូ បាននិយាយថា ឥណ្ឌូនេស៊ីតែងតែតាមដានគ្រប់ជម្រើសទាំងអស់ ហើយប្រសិនបើមានប្រទេសណាមួយបានផ្តល់តម្លៃប្រេងកាន់តែល្អប្រសើរនោះ ពិតណាស់ឥណ្ឌូនេស៊ីនឹងពិចារណាជាមិនខាន។ នេះបើតាមការចេញផ្សាយរបស់កាសែត Financial Times។
ឥណ្ឌូនេស៊ីពិចារណាទិញប្រេងពីរុស្ស៊ី ចំពេលកំពុងជួបភាពវឹកវរដោយសារប្រេងឡើងថ្លៃ

កាលពីដើមខែកញ្ញានេះលោក វីដូដូ បានដំឡើងថ្លៃប្រេងដែលបានឧបត្ថម្ភធនចំនួន ៣០%ហើយបាននិយាយថា ការដំឡើងថ្លៃនេះគឺជា«ជម្រើសចុងក្រោយ»របស់លោកដោយសារតែសម្ពាធសារពើពន្ធ។ ប៉ុន្ដែ វិធានការនេះ បានបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេសនាពេលថ្មីៗនេះ។

កាលពីសប្ដាហ៍មុនកម្មកររាប់ពាន់នាក់បានដើរតាមផ្លូវក្នុងទីក្រុងហ្សាកាតា និងទីក្រុងតូចធំមួយចំនួនទៀត ដើម្បីតវ៉ាប្រឆាំងនឹងការដំឡើងថ្លៃប្រេង ៣០% របស់រដ្ឋាភិបាលនេះ ហើយការតវ៉ានេះក៏បង្កការព្រួយបារម្ភដល់រដ្ឋាភិបាលដែរថា ប្រសិនបើថ្លៃចំណាយសម្រាប់ការរស់ផ្សេងៗទៀតកើនឡើងនោះវាអាចនឹងនាំឱ្យមានបាតុកម្មកាន់តែច្រើនឡើង ដែលបង្កអស្ថិរភាពនយោបាយក្នុងប្រទេសជាមិនខាន។

ដោយសារតែរងសម្ពាធអតិផរណានេះហើយ ទើបពេលនេះប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាទិញប្រេងឥន្ធនៈពីប្រទេសរុស្ស៊ីដូចដែលប្រទេសឥណ្ឌា និងប្រទេសចិនកំពុងតែស្រវេស្រវាទិញដូច្នេះដែរ។

ទោះយ៉ាងណា គ្រប់ទង្វើណាមួយក្នុងការទិញប្រេងឆៅពីប្រទេសរុស្ស៊ីនៅក្នុងតម្លៃមួយដែលលើសពីអ្វីដែលបានព្រមព្រៀងដោយបណ្តាប្រទេសជី៧នោះ គឺអាចធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។

កាលពីខែសីហា រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ីលោក Sandiaga Uno បាននិយាយថា ប្រទេសនេះទទួលបានការបញ្ចុះតម្លៃប្រេងឆៅពីរុស្ស៊ីចំនួន ៣០%។ បន្ទាប់មកក្រុមហ៊ុនប្រេងរបស់រដ្ឋឥណ្ឌូនេស៊ី Pertamina បាននិយាយថា ខ្លួនកំពុងពិនិត្យមើលហានិភ័យនៃការទិញប្រេងពីរុស្ស៊ី។

ឥណ្ឌូនេស៊ីដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍បានប្រកាសពីអត្រាអតិផរណាប្រចាំឆ្នាំចំនួនប្រហែល ៤,៧%ក្នុងខែសីហា ដោយសារតែតម្លៃអាហារកើនខ្ពស់ ពោលគឺវាលើសពីការកំណត់របស់ធនាគារកណ្ដាលដែលថា វាមានត្រឹម ២% ទៅ ៤% សម្រាប់រយៈពេលបីខែជាប់គ្នានេះ។

រដ្ឋាភិបាលឥណ្ឌូនេស៊ីពេលនេះកំពុងតែប្រឈមមុខនឹងការមិនសប្បាយចិត្តយ៉ាងខ្លាំងខណៈដែលតម្លៃទំនិញបានកើនឡើងក្នុងល្បឿនមួយលឿនបំផុតមិនធ្លាប់មានតាំងពីប្រធានាធិបតីលោក Widodo បានឡើងកាន់តំណែងក្នុងឆ្នាំ២០១៤មក៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងចាកចេញពីប្រទេសជាលើកដំបូង ដើម្បីទៅជួបជាមួយបុរសខ្លាំងរុស្ស៊ី កពូទីន នៅសប្ដាហ៍នេះ

លោក Xi Jinping ប្រធានាធិបតីចិននឹងឈានជើងចាកចេញពីប្រទេសជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដើម្បីធ្វើដំណើរទស្សនកិច្ចនៅសប្តាហ៍នេះ ទៅកាន់…

ប្រទេសលោកខាងលិចសម្រុកបង្កើនការផលិតសព្វាវុធ ខណៈចំនួនអាវុធក្នុងឃ្លាំងស្ដុកថយចុះខ្លាំង

រដ្ឋាភិបាលនៅប្រទេសលោកខាងលិចកំពុងកៀរគរក្រុមហ៊ុនផលិតសព្វាវុធរបស់ពួកគេ ដើម្បីឲ្យបង្កើនផលិតកម្ម និងបំពេញឃ្លាំងស្ដុកអាវុធ ដែលបានថយចុះខ្លាំង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ