គណៈកម្មាធិការសភាឥណ្ឌូណេស៊ីអនុម័តលើថវិកា២១៦ពាន់លានដុល្លារ

ឥណ្ឌូនេស៊ីគ្រោងបង្កើនកញ្ចប់ថវិការដ្ឋដល់២១៦ពាន់លានដុល្លារនៅឆ្នាំក្រោយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច


គណៈកម្មាធិការសភារបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ៍បានអនុម័តលើកញ្ចប់ថវិកា ដែលរដ្ឋាភិបាលស្នើសម្រាប់ឆ្នាំ២០២៤ ដែលមានតម្លៃរហូតដល់២១៦ពាន់លានដុល្លារ។ កញ្ចប់ថវិកាដ៏ច្រើននេះ គឺដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែអ្នកវិភាគមួយចំនួនបាននិយាយថា ទំហំនៃសំណើរនេះអាចតូចជាងចំណាយ ដែលប្រជាជាតិនេះនឹងត្រូវការ ដើម្បីប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
គណៈកម្មាធិការសភាឥណ្ឌូណេស៊ីអនុម័តលើថវិកា២១៦ពាន់លានដុល្លារ
ដោយ

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា នៅឆ្នាំចុងក្រោយនៃរដ្ឋបាលលោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo ) រដ្ឋាភិបាលនៃប្រជាជាតិជាង២០០លាននាក់នេះ បានស្នើថវិកាជាតិសរុបដល់ទៅជាង៣ពាន់ទ្រីលានរ៉ូពី ឫប្រមាណជាង២១៦ពាន់លានដុល្លារ កើនឡើងជាង៦ភាគរយបើធៀបនឹងការចំណាយដែលបានស្នើកាលពីឆ្នាំ២០២៣។
ការស្នើសុំបង្កើនថវិកាជាតិនេះ គឺដើម្បីធានាលើការឧបត្ថម្ភធនថាមពល ស្របពេលតម្លៃប្រេងពិភពលោកកំពុងមានការកើនឡើង។ ក្រៅពីនេះឱនភាពសារពើពន្ធសម្រាប់ឆ្នាំក្រោយ ក៏ត្រូវបានគេមើលឃើញថា មានចំនួន២,២ភាគរយ នៃផលិតផលក្នុងស្រុកសរុបបើធៀបនឹងទស្សនវិស័យនៃកំណើន ដែលគេបានព្យាករណ៍ថា មានទំហំ២,៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំនេះ ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលគេព្យាករណ៍នៅឆ្នាំ២០២៤ មានក្នុងកម្រិតប្រមាណ៥,២ភាគរយ ។
លោកស្រី ស្រ៊ី មូលយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី បានលើកឡើងពីហានិភ័យនៃការកើនឡើងតម្លៃប្រេងឆៅពិភពលោកចំពោះថវិកានៅឆ្នាំក្រោយ។ លោកស្រីបាននិយាយថា ភាពមិនប្រាកដប្រជាជាសកលនឹងនៅតែនៅជាមួយយើង ដូច្នេះថវិការដ្ឋនឹងត្រូវបន្តការពារប្រជាជនពីភាពតក់ស្លុតណាមួយ។

ដោយឡែក លោក ចូសួ ប៉ាដេដេ ( Josua Pardede) ប្រធានសេដ្ឋវិទូរបស់ធនាគារ Permata ដែលជាធនាគារកណ្តាលប្រជាជាតិនេះបាននិយាយថា ការបង្កើនការចំណាយបន្ថែមទៀតប្រហែលជាត្រូវការជាចាំបាច់សម្រាប់ការការពារពីផលប៉ះពាល់នៃលក្ខខណ្ឌអាកាសធាតុ អែលនីណូ (El Nino) ដែលបណ្តាលឱ្យអូសបន្លាយរដូវប្រាំងអាចធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផល។ លោកបានមានប្រសាសន៍ថា " វិធានការបន្ថែមអាចនឹងត្រូវការ ដើម្បីប្រមើលមើលពីផលប៉ះពាល់នៃបាតុភូត អែលនីណូ មកលើតម្លៃម្ហូបអាហាររបស់ប្រជាជន"។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមថា រដ្ឋាភិបាលក៏នឹងអាចពិនិត្យជំនួយជាសាច់ប្រាក់ប្រចាំឆ្នាំរបស់រដ្ឋាភិបាល ដើម្បីទិញស្បៀងអាហារផងដែរ ស្របពេលដែលកម្រិតអតិផរណាលើតម្លៃស្បៀងអាហារ ដែលបង្កឡើងដោយ អែលនីណូ អាចកើតឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។
មកដល់ពេលនេះអត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើងបន្តិចក្នុងខែសីហា ពោលគឺដល់៣,២៧% ប៉ុន្តែនៅតែស្ថិតនៅចន្លោះពី២ទៅ៤% នៃលទ្ធភាពគ្រប់គ្រងបាន។ សម្រាប់ឆ្នាំ២០២៤ខាងមុខត្រូវបានគេព្យាករណ៍ថា អតិផរណាអាចធ្លាក់មកទាបជាង២,៨ ភាគរយបើធៀបនឹង៣,១ភាគរយ នៃកម្រិតនៅឆ្នាំ២០២៣៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាមរំពឹងការបន្ថយអត្រាការប្រាក់របស់ធនាគាររដ្ឋ ជួយជំរុញតម្រូវការកម្ចីទិញផ្ទះ

តម្រូវការប្រាក់កម្ចីទិញនិងជួសជុលផ្ទះនៅវៀតណាមមានការថយចុះ ខណៈស្ថិតិអំពីតម្រូវការប្រាក់កម្ចីជារួមនៅក្នុងប្រជាជាតិជាង១០០លាននាក់មួយនេះមានកា…

ពីសន្និបាត UN លោក បៃដិន ឱ្យពិភពលោកឈរជាមួយអ៊ុយក្រែន ខណៈលោក ហ្សេលេនស្គី ទទួលឱ្យបញ្ចប់សង្គ្រាម

នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ ដែលរៀបចំពីថ្ងៃទី១៨ដល់២៦ខែកញ្ញា មេដឹកនាំជុំវិញពិភពលោកកំពុងមានវត្តមាននៅទីក្រុងញូវយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ