ប្រទេសឥណ្ឌូនេស៊ី

ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើឲ្យក្រុមហ៊ុន Tesla ផលិតរថយន្តអគ្គិសនីនៅក្នុងស្រុក


ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយនៅថ្ងៃទី ១៨ ខែ សីហា ដោយបានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ធ្វើការវិនិយោគរោងចក្រផលិតថយន្ដ ក៏ដូចជារោងចក្រផលិតអាគុយរថយន្ដនៅក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈប្រទេសនេះសម្បូរទៅដោយធនធានរ៉ែថ្មនីកែល ក្នុងការផលិតអាគុយសម្រាប់រថយន្តអគ្គិសនីនេះ ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនធំៗមួយចំនួនមានការចាប់អារម្មណ៍លើការផលិតអាគុយរថយន្ដអគ្គិសនីនៅក្នុងប្រទេសនេះច្រើនផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Euronews។
ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើឲ្យក្រុមហ៊ុន Tesla ផលិតរថយន្តអគ្គិសនីនៅក្នុងស្រុក
ដោយ

លោក Widodo បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា លោកចង់ឱ្យមានប្រព័ន្ធអេកូឡូស៊ីដ៏ធំសម្រាប់​ខ្សែចង្វាក់ផលិតកម្ម​រថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាជាងគ្រាន់តែទាញយកធនធានធម្មជាតិរបស់ខ្លួន ដើម្បីមកផលិត​អាគុយរថយន្ដ​តែមួយមុខ។ យ៉ាងណាមិញ ប្រធានាធិបតី និង មន្ត្រីរដ្ឋាភិបាល​ជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី បានជួបប្រជុំគ្នាកាលពីដើមឆ្នាំនេះ ជាមួយស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ម្តងរួចទៅហើយ ដោយបានស្នើឱ្យស្ថាបនិករូបនេះ​ចាត់ទុកប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាមជ្ឈមណ្ឌលសម្រាប់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ ទោះយ៉ាងណា តំណាងក្រុមហ៊ុន Tesla​ និង ក្រសួង​វិនិយោគ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​​មិន​បាន​ឆ្លើយ​តប​​នឹង​សំណួរ​ទាក់​ទង​នឹង​វឌ្ឍនភាព​នៃការឈានទៅដល់​​កិច្ច​ព្រម​ព្រៀង​​ដ៏​មាន​សក្ដានុពល​​ជាមួយ​ក្រុមហ៊ុន Tesla នោះទេ។

ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី ដែលសម្របសម្រួលកិច្ចពិភាក្សាជាមួយក្រុមហ៊ុន Tesla កាលពីដើមខែនេះ​បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនយក្សរបស់អាមេរិក​មួយនេះ បានឈានដល់កិច្ចព្រមព្រៀងគិតជាទឹកប្រាក់ប្រហែល ៥ ពាន់លានដុល្លារ ដើម្បីទិញផលិតផលថ្ម​នីកែល​ពីក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី ដើម្បីប្រើនៅក្នុងការ​ផលិត​អាគុយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ។

រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីរូបនេះបានបន្ថែមថា ក្រសួងនឹងនៅតែបន្តចរចា​ជាមួយក្រុមហ៊ុន Tesla លើកិច្ចសហប្រតិបត្តិការផ្សេងទៀត ប៉ុន្តែបច្ចុប្បន្ន លោក Elon Musk កំពុងមមាញឹកដោះស្រាយ​ជាមួយបញ្ហាក្នុងស្រុកទាក់ទង​នឹងការទិញយកបណ្តាញសង្គម Twitter ដ៏ចម្រូងចម្រាស់។

គួររំឭកថា ក្នុងអំឡុងជំនួបរវាងប្រធានាធិបតីឥណ្ឌូនេស៊ី និង ស្ថាបនិកក្រុមហ៊ុន Tesla កាលពី ខែឧសភាកន្លងទៅ លោក Jokowi ក៏បានអញ្ជើញលោក Elon Musk ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា​ឆ្នាំនេះ​ផងដែរ នៅអំឡុងពេលដែលប្រទេសនេះ នឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសរីកចម្រើនទាំង២០ ឬហៅថា G20 ។

គួរជម្រាបថា ក្រុមហ៊ុន​ដែល​បាន​វិនិយោគ និង ​បាន​ប្រកាស​គម្រោង​វិនិយោគ​របស់​ខ្លួន​ក្នុង​ការ​ផលិត​រថយន្តអគ្គិសនី​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ បច្ចុប្បន្ន​​រួម​មាន​ក្រុមហ៊ុន​ជប៉ុន Toyota Motor Corp និង Mitsubishi Motors Corp និង Hyundai Motor Group របស់​កូរ៉េ​ខាង​ត្បូងជាដើម៕




អត្ថបទបន្ទាប់


ប្អូនស្រីបុរសខ្លាំងលោក គីម ជុងអ៊ុន ប្រាប់ឲ្យប្រធានាធិបតីកូរ៉េខាងត្បូង «បិទមាត់» ក្រោយនិយាយថាចង់ផ្តល់ជំនួយឲ្យកូរ៉េខាងជើង

ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនគឺ លោកស្រីគីម យ៉ូ ជុង (Kim Yo Jong) បាននិយាយកាលពីថ្ងៃសុក្រ ទី១៩ សីហានេះ…

នៅទីបំផុត មីយ៉ាន់ម៉ានឹងនាំចូលប្រេងពីរុស្សីចាប់ពីខែកញ្ញាខាងមុខនេះហើយ!

នៅទីបំផុត ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែជួបវិបត្តិនយោបាយដ៏វឹកវរនោះ គ្រោងនឹងនាំចូលប្រេងសាំង និងប្រេងឥន្ធនៈពីប្រទេសរុស្សីចាប់ពីខែកញ្ញាតទៅហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ