
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក អេសចាហ្វ្រី អេសចាមសូឌីន (Sjafrie Sjamsoeddin) បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋធានីហ្សាការតា ថា ឥណ្ឌូនេស៊ីនឹងទិញយន្តហោះចម្បាំងចំនួន៤២គ្រឿងពីប្រទេសចិន ក្នុងពេលឆាប់ៗនេះ។ រដ្ឋមន្ត្រីការពារជាតិ រូបនេះ បានបញ្ជាក់ថា យន្តហោះចម្បាំងទាំងនេះនឹងត្រូវបញ្ជូនមកកាន់ទីក្រុងហ្សាការតា ក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់នោះទេ។
ការទិញយន្តហោះចម្បាំងក្នុងតម្លៃសរុបដល់ទៅ៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រសួងហិរញ្ញវត្ថុរួចហើយ ហើយនេះជាផ្នែកមួយនៃផែនការរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន។ ការបញ្ជាទិញយន្តហោះចម្បាំងពីប្រទេសចិននេះ បានបង្ហាញពីការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់សព្វាវុធជាប្រចាំរបស់ឥណ្ឌូនេស៊ី នោះគឺសហរដ្ឋអាម៉េរិក រុស្ស៊ី និងអឺរ៉ុប។ ក្រុមអ្នកវិភាគបានលើកឡើងថា ការទិញយន្តហោះចម្បាំងចិននេះ អាចបង្កើនភាពតានតឹងក្នុងតំបន់ ជាពិសេសដោយសារឥទ្ធិពលរបស់មហាយក្សចិន នៅសមុទ្រចិន ខាងត្បូង
ទោះជាយ៉ាងណា ឥណ្ឌូនេស៊ី ក៏បានបញ្ជាទិញយន្តហោះចម្បាំង Rafale របស់បារាំងចំនួន៤២ គ្រឿង យន្តហោះចម្បាំង KAAN របស់តួកគី ចំនួន៤៨គ្រឿង និងនាវាមុជទឹករបស់បារាំង មួយចំនួនផងដែរ ដែលនេះឆ្លុះបញ្ចាំងពីការដំឡើងសាច់ដុំយោធាកាន់តែខ្លាំងរបស់ឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)៕
ដោយ: តែម សុខុម