នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោកនឹងចំណាយប្រាក់ជាង១៧ទ្រីលានយ៉េន ប្រហែលនឹង១១៣ពាន់លានដុល្លារអាម៉េរិក នៅក្នុងកញ្ចប់វិធានការមួយដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីការកើនឡើងនៃកម្រិតអតិផរណា ដែលនឹងរួមបញ្ចូលទាំងការកាត់បន្ថយពន្ធមួយចំនួនផងដែរ។
លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានថា ដើម្បីផ្តល់មូលនិធិដល់ផ្នែកខ្លះនៃកញ្ចប់ថវិកាចំណាយនេះ រដ្ឋាភិបាលរបស់លោក នឹងត្រៀមទុកកញ្ចប់ថវិកាបន្ថែមសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នចំនួនជាង១៣ទ្រីលានយ៉េន ប្រហែលជាង៨៧ពាន់លានដុល្លារផងដែរ។
រដ្ឋាភិបាលជប៉ុនកំពុងពិចារណាពីការចំណាយថវិកាជាង១១៣ពាន់លានដុល្លារសម្រាប់កញ្ចប់ចំណាយ ដែលនឹងរួមបញ្ចូលទាំងការកាត់បន្ថយជាបណ្តោះអាសន្នចំពោះប្រាក់ចំណូល និងពន្ធលំនៅឋានក៏ដូចជាការឧបត្ថម្ភធនផងដែរ ដើម្បីទប់ស្កាត់ថ្លៃសាំង និងវិក័្កយប័ត្រចំណាយលើថ្លៃទឹកភ្លើងសាធារណៈ។
កម្រិតអតិផរណាដែលចេះតែកើនឡើងដោយសារតែការចំណាយទៅលើវត្ថុធាតុដើមច្រើននោះបានស្ថិតនៅលើកម្រិតមួយខ្ពស់ជាងកម្រិតដែលធនាគារកណ្ដាលជប៉ុន កំណត់ឱ្យនៅត្រឹម២% អស់រយៈពេលជាងមួយឆ្នាំមកហើយដោយធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ និងធ្វើឱ្យមានភាពស្រពិចស្រពិលដល់ចក្ខុវិស័យសេដ្ឋកិច្ចក្នុងការស្តារឡើងវិញពីស្លាកស្នាម ដែលបន្សល់ទុកដោយជំងឺកូវីដ-១៩។
អត្រាអតិផរណាប្រចាំឆ្នាំនៅប្រទេសជប៉ុន បានធ្លាក់ចុះពីអត្រា៣.២% នៅក្នុងខែសីហា មកនៅត្រឹម៣% ក្នុងខែកញ្ញា ឆ្នាំ២០២៣ ដែលជាការបង្ហាញពីការធ្លាក់ចុះទាបបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅជប៉ុនបានកើនឡើងកាលពីខែកញ្ញា បើធៀបនឹងខែសីហា ឆ្នាំ២០២៣ ហើយកម្រិតកើនឡើងកាលពីខែកញ្ញា នោះ គឺជាកម្រិតមួយដែលគេមើលឃើញថា ខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ១៩៥៧ មកដល់ឆ្នាំ២០២៣នេះ។
ការចំណាយលើការទ្រទ្រង់ជីវិតដែលចេះតែកើនឡើងនោះត្រូវបានគេស្តីបន្ទោសថាមួយផ្នែក គឺដោយសារតែលោក គីស៊ីដា បានយល់ព្រមឱ្យទម្លាក់អត្រាការប្រាក់ដូច្នេះហើយពេលនេះវាបានដាក់សម្ពាធទៅលើនាយករដ្ឋមន្ត្រីជប៉ុន ឱ្យចាត់វិធានការមួយចំនួន ដើម្បីបន្ធូរបន្ថយការឈឺចាប់របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។
ដោយសារតែការដំឡើងប្រាក់ឈ្នួលមានភាពយឺតយ៉ាវ ដើម្បីឱ្យស្របគ្នានឹងតម្លៃទំនិញកើនឡើងឥតឈប់ឈរនោះ លោក គីស៊ីដា បាននិយាយថា រដ្ឋាភិបាលនឹងទប់ទល់វិបត្តិនេះ តាមរយៈការផ្ដល់ឱ្យគ្រួសារមួយចំនួនបានប្រយោជន៍ពីការប្រមូលពន្ធដែលគេរំពឹងថា បានមកពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ជប៉ុន៕
អត្ថបទ៖ សុខ ជា