នាពិធីសម្ពោធដាក់ឱ្យដំណើរការ«ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា អ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានផលរបរក្រោម២៥០លានរៀល មិនតម្រូវឱ្យពន្ធ បណ្ណប៉ាតង់ ឬរៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។
ជាមួយគ្នានេះការចុះឈ្មោះរបស់អ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថលនេះ ក៏មិនតម្រូវឱ្យបង់ប្រាក់នោះដែរ ពោលគឺការចុះធ្វើឡើងក្រោមគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំ។
បើតាមការអះអាងរបស់សម្តេចធិបតី ការរៀបចំឱ្យមានការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះមានគោលបំណងដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមនោះទេ ពោលគឺដើម្បីកំណត់អត្តសញ្ញាណប្រភេទការងារ ឬមុខរបរអាជីវកម្មសំដៅរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចរួមចំណែកយ៉ាងពេញលេញដោយចីរភាព។
បន្ថែមលើនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ព្រមទាំងបង្កើតឱកាសឱ្យប្រជាពលរដ្ឋអាចអភិវឌ្ឍន៍អាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសដើម្បីធ្វើឱ្យជីវភាព និងសុខុមាលភាពឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA យល់ឃើញថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គឺជាការល្អប្រសើរមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើអ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តែយ៉ាងណា លោកស្នើឱ្យអាជ្ញាធរទាំងអស់យកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកការដាក់ឱ្យដំណើរការថ្នាលឌីជីថលខាងលើ នេះជាជំហានមួយដែលអាចផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលលើអ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយវាក៏បានបង្ហាញពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការជួយដោះស្រាយបញ្ហាប្រឈមសម្រាប់អ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ។
បើតាមការគូសបញ្ជាក់របស់សម្តេចធិបតី សមិទ្ធផលថ្មីខាងលើ គឺជាវឌ្ឍនភាពដ៏សំខាន់មួយក្នុងការអនុវត្ត«យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣ កន្លងទៅ។ ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និង មានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យពួកគេអាចអភិវឌ្ឍន៍អាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕
អត្ថបទ៖ ជា ម៉ារ៉ា