ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានចាត់ទុក វេទិការវាងនិយ័តករ និងអគ្គនាយកធានារ៉ាប់រង ដែលរៀបចំឡើងជាលើកដំបូងនៅក្នុងខេត្តសៀមរាបនេះ គឺជាវិធីសាស្ត្រដ៏ល្អបំផុតមួយ សម្រាប់ឲ្យវិស័យរដ្ឋ និងឯកជនអាចបង្កើនកិច្ចសហការរវាងគ្នាកាន់តែជិតស្និទ្ធ ជាពិសេស វិស័យឯកជនមានឱកាសបង្ហាញពីបញ្ហាប្រឈមនានា និងពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាឲ្យកាន់តែរីកចម្រើន។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ បន្ថែមថា បច្ចុប្បន្ន នៅកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៤១ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមាន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្ដចំនួន១។ ប៉ុន្ដែ បើធៀបនឹងប្រទេសនៅក្នុងតំបន់ អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចរបស់កម្ពុជាហាក់នៅមានកម្រិតទាបនៅឡើយ ពោលគឺមានតែ ១.១៤% ខណៈដង់ស៊ីតេធានារ៉ាប់រងរបស់កម្ពុជាវិញ គឺមានត្រឹមតែជាង ២០ដុល្លារ សម្រាប់មនុស្សម្នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៣។ តាមសូចនាករនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគត ប៉ុន្តែក៏មានប្រឈមនឹងកត្តាមួយចំនួនដូចជា កង្វះសមត្ថភាពជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹងរបស់សាធារណជនអំពីការធានារ៉ាប់រងជាដើម។
ទាក់ទងនឹងវេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រងនេះដែរ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា កន្លងមកសមាគមធានារ៉ាប់រង ក៏បានប្រមូលយករាល់បញ្ហាពីសមាជិករបស់ខ្លួន ដើម្បីដាក់ជូនទៅកាន់និយ័តករធានារ៉ាប់រងដើម្បីពិនិត្យ និងដោះស្រាយជូនជាហូរហែរដែរ គ្រាន់តែមិនបានជួបទល់មុខផ្លាស់ប្ដូរយោបល់គ្នា។ ដូច្នេះ លោកជឿជាក់ថា វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង ដែលអនុញ្ញាតឲ្យមានការជួបពិភាក្សាផ្ទាល់ ទល់មុខជាមួយនឹងនិយ័តករធានារ៉ាប់រងកម្ពុជានេះ គឺជាឱកាសដ៏ល្អ សម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យរដ្ឋ និងឯកជនកាន់តែល្អប្រសើរ ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងវិស័យធានារ៉ាប់រង។
សូមបញ្ជាក់ថា ក្រោយពីបានប្រជុំពិភាក្សាជាច្រើនម៉ោង វេទិការវាងនិយ័តករ និងអគ្គនាយកធានារ៉ាប់រងបានដោះស្រាយ និងឯកភាពលើបញ្ហាធំៗចំនួន៣ រួមមាន៖ ឯកភាពជំរុញការអនុវត្តបទប្បញ្ញត្តិជាធរមានចំពោះឯកសារ និងលក្ខខណ្ឌតម្រូវ។ ឯកភាពផ្តល់រយៈពេលគ្រប់គ្រាន់ដល់គ្រឹះស្ថានធានារ៉ាប់រងក្នុងការពិនិត្យ និងផ្តល់ធាតុចូលសម្រាប់កិច្ចពិគ្រោះយោបល់អំពីការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ និងចុងក្រោយ គឺឯកភាពផ្តល់ការអនុញ្ញាតជាក់ស្តែងតាមករណីផលិតផលនីមួយៗ លើកលែងតែផលិតផលដែលមានការពាក់ព័ន្ធ។
ក្រោយបញ្ចប់វេទិកានេះ នៅល្ងាចថ្ងៃដដែលនោះ ក៏មានការរៀបចំនូវពិធី លៀងសាយភោជនរបស់វិស័យធានារ៉ាប់រងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជាការរៀបចំឡើងដោយសមាគមធានារ៉ាប់រងកម្ពុជាផងដែរ។ នាឱកាសនោះ ក៏មានការរៀបចំកិច្ចពិភាក្សាពិសេសរយៈពេល ៤៥ នាទី ពាក់ព័ន្ធនឹងប្រធានបទ «តួនាទីរបស់ឧស្សាហកម្មធានារ៉ាប់រងនៅក្នុងការប្រណាំងប្រជែងក្នុងកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)»។ កិច្ចពិភាក្សានេះ មានការចូលរួមពីវាគ្មិនសំខាន់ៗចំនួន៤រូប រួមមាន៖ បណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង និយ័តករធានារ៉ាប់រងកម្ពុជា, លោក ចាន់ រដ្ឋា អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Manulife Cambodia, លោក Mandar Hastekar នាយកប្រតិបត្តិបណ្ដោះអាសន្នក្រុមហ៊ុន Prudential Cambodia, និងលោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនធានារ៉ាប់រង Forte Cambodia ។
វាគ្មិនទាំង៤ រូបបានលើកឡើងពីការចូលរួមមានយ៉ាងសកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ វាគ្មិនបានបង្ហាញចំណុចរួមគ្នាថា ការអនុវត្តការការពារ បរិស្ថាន សង្គម និងអភិបាលកិច្ច ឬ ESG គឺជារឿងសំខាន់ណាស់ ហើយវាផ្ដើមចេញពីខ្លួនយើងម្នាក់ៗ ហើយត្រូវធ្វើវាចាប់ពីពេលនេះតទៅ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ទៅលើភពផែនដីឲ្យបាននៅកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន៕