វិស័យធានារ៉ាប់រងថៃ

ក្រុមហ៊ុនធានារ៉ាប់រងថៃមួយចំនួនក្ស័យធន ដោយសារការទារសំណងធានារ៉ាប់រងជំងឺកូវីដ១៩


យ៉ាងហោចណាស់ក្រុមហ៊ុនធានារ៉ាប់រងថៃចំនួន ៤ បានក្ស័យធនហើយ បន្ទាប់ពីទទួលរងការខាតបង់ដោយសារតែការលក់កញ្ចប់សេវាធានារ៉ាប់ងរងជំងឺកូវីដ១៩ក្នុងតម្លៃថោក ហើយការក្ស័យធនក្រុមហ៊ុនធានារ៉ាប់រងទាំងនេះ គ៏កំពុងបង្កើនការភ័យខ្លាចនៃឥទ្ធិពលមិនល្អកើតឡើងជាបន្តបន្ទាប់ ប៉ះពាល់ទៅលើវិស័យធានារ៉ាប់រងមិនមែនអាយុជីវិតរបស់ប្រទេសថៃផងដែរ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានជប៉ុន Nikkei របស់ជប៉ុន។
ក្រុមហ៊ុនធានារ៉ាប់រងថៃមួយចំនួនក្ស័យធន ដោយសារការទារសំណងធានារ៉ាប់រងជំងឺកូវីដ១៩
ដោយ

ក្រុមហ៊ុនធានារ៉ាប់រង Syn Mun Kong របស់ថៃ​កំពុងសម្លឹងរកការបង្កើនដើមទុន និងស្វែងរកដៃគូថ្មី ​ដើម្បីបន្តអាជីវ​កម្ម​របស់​ខ្លួន ​​ខណៈដែលក្រុមហ៊ុន​នេះ​ស្វែង​​​រកការស្តារនីតិសម្បទា ដែល​​គ្រប់គ្រងដោយតុលាការ​ឡើង​វិញផងដែរ​។ ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា វិនិយោគិនបរទេសមួយចំនួន​បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយ​ក្រុម​ហ៊ុន​នេះ ​ខណៈ​​ក្រុម​ហ៊ុន​នេះ​កំពុង​ពិភាក្សា​គ្នានៅឡើយ។

ក្រុមហ៊ុនធានារ៉ាប់រង Syn Mun Kong ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុនថៃមួយនេះ ក៏បានដាក់ញត្តិស្តារនីតិសម្បទា​ទៅ​តុលាការ​ក្ស័យធន កាលពីខែឧសភារួចហើយដែរ បន្ទាប់ពីប្រឈមនឹងការខាតបង់យ៉ាងច្រើន​ពីការទាមទារ​សំណង​​សេវាធានា​​រ៉ាប់​រង​ជំងឺកូវីដ​១៩​របស់​ខ្លួនពីសំណាក់អតិថិជន​ដែលបាន​ទិញសេវាធានារ៉ាប់រងនេះ។ ការិយាល័យ​គណៈកម្មាធិការធានារ៉ាប់រងថៃ បានព្រមានថា ​អាជ្ញាធរក៏​​​​អាចនឹងដកហូតអាជ្ញាប័ណ្ណ​ធានារ៉ាប់រង​មិន​មែន​ជីវិត​របស់ក្រុមហ៊ុន​នេះផងដែរ ​ដោយសារបំណុលបានកើនឡើងលើសពី​ទ្រព្យសកម្មរបស់ក្រុមហ៊ុន​ទៅហើយ​។

ក្រុម​ហ៊ុន Syn Mun Kong គឺជាក្រុមហ៊ុនធានារ៉ាប់រងរបស់ថៃចុងក្រោយគេ ដែលបានស្នើ​សុំ​ធ្វើ​ការ​ស្តារនីតិសម្បទា​ឡើង​វិញ ​ដោយ​​មុន​នេះ​​គឺ​មាន​ក្រុមហ៊ុនចំនួន៣ផ្សេងទៀត ​ដែល​បានដួលរលំរួចទៅ​ហើយដោយសារតែការអស់លទ្ធភាព​​សងសំណង​សេវាធានារ៉ាប់រងជំងឺកូវីដ-១៩ ក្នុងនោះរួមមាន ​ក្រុម​ហ៊ុន​ Asia Insurance 1950 Public Company ,ក្រុមហ៊ុន The One Insurance Public Company និងក្រុមហ៊ុន Southeast Asia Insurance។

ក្រុម​ហ៊ុន​ Syn Mun Kong គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន ១៦ នៅក្នុងប្រទេសថៃ​ដែលបាន​ចាប់ផ្តើមលក់កញ្ចប់​សេវា​​ធានារ៉ាប់​រង​ជំងឺកូវីដ១៩ក្នុង​តម្លៃទាប​នៅ​ក្នុង​ឆ្នាំ​២០២០ ​ដោយផ្តល់ជូនគម្រោងត្រឹមតែ ៣០០ ​​បាតទៅ ៥០០ បាត ឬស្មើនឹង​ជាង​៨ ទៅជា១៤ដុល្លារ ក្នុងមួយឆ្នាំ ​​ជាមួយ​នឹងការទូទាត់សំណង​រហូតដល់ ​៥០ ម៉ឺនបាត​ ឬស្មើនឹងជាង​១ពាន់​៤រយដុល្លារ ក្នុងករណី​​អ្នកទិញធានារ៉ាបរង​ឆ្លង​ជំងឺ​កូវីដ​១៩​​។

ការដាក់ចេញលក់កញ្ចប់​ធានារ៉ាប់រងកូវីដ១៩ក្នុងតម្លៃថោក យ៉ាងដូច្នេះ ក៏ដោយសារតែ​​នៅពេលនោះដែរ ​​ប្រទេសថៃ​ត្រូវបាន​គេកោតសរសើរចំពោះការគ្រប់គ្រង​​ដោយ​ជោគជ័យ​នូវស្ថាន​ភាព​ជំងឺ​កូវីដ​១៩​ ​ដោយករណីប្រចាំថ្ងៃ​មានតិចជាង ៣០០​​ នាក់​ប៉ុណ្ណោះ ដោយ​ឃើញ​​នូវ​ករណី​បែប​នេះ​ហើយ​ទើប​​ក្រុមហ៊ុនធានារ៉ាប់​រង​មួយចំនួន​បាន​ផ្តល់​គោលការណ៍​​​តម្លៃទាប​លើ​ការ​ធានា​ចំពោះ​ជំងឺ​ខូវីដ​១៩ ​​ព្រោះ​ពួកគេ​ជឿជាក់ថា​ ចំនួនអ្នកឆ្លង​ថ្មី​​នៃ​ជំងឺ​នេះ​នឹងមានកម្រិត​កាន់​តែ​ទាប​ទៅៗ​។

ក៏​ប៉ុន្តែនៅពេលដែលស្ថាន​ភាព​ជំងឺនេះ​នៅតែ​បន្តកើតមាន​នោះ​ អ្នកប្រើប្រាស់​សេវា​រ៉ាប់​រង​​បាន​សម្រុកទៅ​ទិញ​កញ្ចប់​ធានារ៉ាប់រង​​ជំងឺ​កូវីដ១៩​កាន់តែច្រើនឡើងៗ ​​ដោយជំរុញឱ្យក្រុមហ៊ុនកាន់​តែ​ច្រើន​ជួបបញ្ហាហិរញ្ញវត្ថុ លែងមាន​ប្រាក់ដើម្បីទូទាត់សំណង រហូតដល់​ក្ស័យធនយ៉ាងដូច្នេះ ។

ក្រុម​ហ៊ុន Syn Mun Kong ត្រូវប្រឈមមុខនឹងការទាមទារសំណងជំងឺកូវីដ-១៩​ចំនួន ៤១,៨ ពាន់លា​ន​បាត ឬស្មើនឹងជាង​១ពាន់លានដុល្លារ ​​ប៉ុន្តែការលក់សេវាធានារ៉ាប់រងនេះ ទទួលបាន​ទឹកប្រាក់​ត្រឹមតែ​ ៦៦០ លានបាត ឬស្មើនឹងជាង​១៧លានដុល្លារ​ប៉ុណ្ណោះ​។ ​​សមាគមធានារ៉ាប់រងទូទៅ​នៅ​ប្រទេស​ថៃ (TGIA)​ ​ដែល​មាន​សមាជិក​ ៥៤ ក្រុមហ៊ុន​នោះ​​បានឱ្យដឹងថា ​ការទាម​ទារសំណង​ជំងឺ​កូវីដ​សរុបនៅទូទាំង​ឧស្សាហកម្ម​ធានារ៉ាប់រង​នៅ​ប្រទេស ​ត្រូវបាន​ប៉ាន់​ប្រមាណ​ថា មានចំនួន ១៤០​ ពាន់លានបាត ឬស្មើនឹងប្រមាណ​៤ពាន់លានដុល្លារអាមេរិកឯណោះ។​

លោក Anon Vangvasu ប្រធានសមាគមធានារ៉ាប់រងទទៅ​របស់ថៃ បាន​និយាយ​ថា ​"បញ្ហានេះ​ទំនងជានឹងបញ្ចប់នៅខែមិថុនា​ឆ្នាំនេះ នៅពេលដែលគោលនយោបាយទាំងអស់នឹង​ផុតកំណត់ ​ប៉ុន្តែលោក​គិត​​ថា វានៅតែជះ​ឥទ្ធិពល​អវិជ្ជមាន​​ដល់អាជីវកម្មធានារ៉ាប់រង​មិន​មែន​​ជីវិត​ជា​បន្ត​ទៀត ​ព្រោះ​អ្វី​ដែល​បាន​កើត​ឡើង​រយៈ​ពេល ​២ ​ឆ្នាំ​មក​នេះ​នឹង​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​អតិថិជន​​នៅ​ក្នុង​អាជីវ​កម្ម​ធានា​​រ៉ាប់​រង​ដែលបង្ក​ការ​លំបាក​ដល់​ក្រុម​ហ៊ុន​​ក្នុង​ការ​ពង្រីក​​អតិថិជន​របស់​ខ្លួននា​ពេល​អនាគត​​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វេរលុយពីថៃបានភ្លាមៗតាមរយៈ DeeMoney មកកាន់ អេ អឹម ខេ!

ព័ត៌មាន
អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន បានសហការជាមួយក្រុមហ៊ុន DeeMoney ដើម្បីផ្ដល់ភ…

អ្នកជំនាញយល់ឃើញផ្សេងគ្នា ជុំវិញការឈប់ផ្តល់ថវិកា៤០ដុល្លារក្នុង១ខែដល់កម្មករព្យួរការងារក្នុងវិស័យទេសចរណ៍

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឈប់ផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារក្នុង១ខែ ដល់កម្មករ និយោជិតដែលបានព្យួរការងារក្នុងវិស័យទេសចរណ៍ ក្រោយអាជីវក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ