វិស័យទេសចរណ៍

ហេតុអ្វីភ្ញៀវទេសចរអន្តរជាតិចូលកម្ពុជាមានការកើនឡើង តែអ្នករកស៊ីក្នុងវិស័យនេះនៅតែត្អូញត្អែរខ្សត់ភ្ញៀវ?


របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៤លាន៤សែននាក់ នៅ១០ខែឆ្នាំនេះ កើនឡើងប្រមាណ១៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងថយចុះប្រមាណ២០% បើធៀបនឹងឆ្នាំ២០១៩។ ទោះបីចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា មានកំណើនគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែអ្នកជំនាញ និងអ្នករកស៊ីនៅក្នុងវិស័យនេះមួយចំនួននៅតែរអ៊ូរទាំថា ខ្សត់ភ្ញៀវនៅឡើយមកទល់ពេលនេះ។ តើបញ្ហានេះបណ្តាលមកពីកត្តាអ្វី?
វិស័យទេសចរណ៍
ដោយ

លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាហាក់មានកំណើនគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន។ ទោះបីចំនួនភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា មានការកើនឡើង តែលោក ឌិន សុមេធារិទ្ធកត់សម្គាល់ឃើញថា អ្នករកស៊ីនៅក្នុងវិស័យនេះមួយចំនួននៅតែមានការត្អូញត្អែរថា ហាក់នៅខ្សត់ភ្ញៀវនៅឡើយ។

អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ភ្ញៀវរអន្តរជាតិចូលមកកម្ពុជាភាគច្រើននៅឆ្នាំនេះ ពោលគឺប្រមាណ២ភាគ៣សុទ្ធសឹងតែចូលមកតាមរយៈផ្លូវគោកតាមច្រកព្រំដែននានា ខណៈមានតែប្រមាណ១ភាគ៣ប៉ុណ្ណោះ ដែលចូលមកតាមផ្លូវអាកាស ខណៈមុនពេលមានកូវីដ-១៩ ភ្ញៀវទេសចរបរទេសចូលមកកម្ពុជា តាមផ្លូវអាកាសមានរហូតដល់២ភាគ៣នៃភ្ញៀវទេសចរសរុប។

តែយ៉ាងណាលោក ឌិន សុមេធារិទ្ធ ជឿជាក់ថា នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ខាងមុខចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជានឹងមានកំណើនច្រើនបន្ថែមទៀត ដ្បិតថា នៅអំឡុងពេលនោះគឺជាពេលដែលទេសចរបរទេសចេញដើរកម្សាន្តច្រើន។ ​

បើតាមឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅ១០ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៤លាន៤សែននាក់ កើនឡើងប្រមាណ១៨០% បើធៀបនឹងឆ្នាំមុន និងថយចុះប្រមាណ២០% ធៀបនឹងមុនពេលមានវិវបត្តិកូវីដ-១៩ ខណៈភ្ញៀវទេសចរជាតិ មានប្រមាណជាង១២លាននាក់ កើនឡើងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះចង់ ឬមិនចង់ វិស័យទេសចរណ៍កម្ពុជា នៅតែបន្តរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល តួយ៉ាងសម្រាប់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍សំខាន់មួយរបស់កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិទិញសំបុត្រចូលទស្សនានៅតំបន់អង្គរចន្លោះពី៣ពាន់ទៅ៣ពាន់៥រយនាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈមុនពេលមានកូវីដ-១៩ មានប្រមាណជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ។

បើតាមរបាយការណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជា ចំណូលពីវិស័យទេសចរណ៍របស់កម្ពុជានៅមានសន្ទុះយឺតនៅឡើយ បើទោះបីជាវិស័យនេះហាក់មានភាពប្រសើរឡើងវិញក៏ដោយ តួយ៉ាងតាមរបាយការណ៍ដដែលបានបង្ហាញថា សម្រាប់វិស័យទេសចណ៍ក្នុងខេត្តសៀមរាប ការផ្គត់ផ្គង់ និងតម្រូវការហាក់ដើរមិនស្របគ្នាជាហេតុបានបង្កើនផលប៉ះពាល់នៃភាពយឺតយ៉ាវក្នុងការទទួលបានចំណូលពីវិស័យនេះ។

គួរជម្រាបថា បើតាមគ្រឹះស្ថានអង្គរនៅរយៈពេល១០ខែនេះ មានភ្ញៀវទេសចរបរទេសជាង៦០ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលធ្វើឱ្យគ្រឹះស្ថានអង្គររកចំណូលពីការលក់សំបុត្របានប្រមាណជិត២៨ លានដុល្លារ កើនជាង៣០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕

None



អត្ថបទបន្ទាប់


តម្លៃជ្រូករស់បន្តធ្លាក់ថ្លៃ បើទោះបីមានការរឹតត្បិតលើការនាំចូលខុសច្បាប់

ជ្រូករស់នៅតាមតំបន់មួយចំនួនត្រូវបានឈ្មួញទិញក្នុងតម្លៃក្រោម៧ពាន់រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយទាប ដែលអាចធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ និ…

ប្រសិនបើកម្រិតអតិផរណាបន្តធ្លាក់ចុះ សហរដ្ឋអាម៉េរិក អាចនឹងទម្លាក់អត្រាការប្រាក់

អ្នកជំនាញការខាងសេដ្ឋកិច្ចអាម៉េរិកមួយរូបបានអះអាងថា ធនាគារកណ្តាលសហរដ្ឋអាម៉េរិកកំពុងពង្រឹងគោលជំហរក្នុងការបង្កើនលទ្ធភាព នៃការកាត់បន្ថយអត្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ