ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូនៃក្រសួងដីធ្លី ហេដ្ឋរចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ប្រទេសជប៉ុននេះ គឺដើម្បីសិក្សាស្វែងយល់ អំពីចំណុចខ្លាំង និងបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម។
ដ្បិតថា គម្រោងនេះ គឺជាគម្រោងលំនៅឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា ដែលបានអភិវឌ្ឍន៍លំនៅឋានដែលមានស្តង់ដា គុណភាព សោភណភាពស្រស់ស្អាត តម្លៃសមរម្យ និងផ្តល់ភាពងាយស្រួលក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបនិងមធ្យម។
បើតាមឯកឧត្តម ប្រាក់ អង្គារ៉ា បច្ចុបប្បន្នអគ្គនាយកដ្ឋានលំនៅឋានកំពុងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនលើការអភិវឌ្ឍគម្រោងលំនៅឋានតម្លៃសមរម្យបន្ថែមទៀត និងលើកទឹកចិត្តឱ្យវិនិយោគិនផ្សេងៗ ពិសេសក្រុមហ៊ុនវើលប្រ៊ីដ ហូម បន្តវិនិយោគលើគម្រោងលំនៅឋានតម្លៃសមរម្យបែបនេះនៅតាមបណ្តាខេត្ត ដែលមានសក្ដានុពលបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាបនិងមធ្យមអាចមានលទ្ធភាពក្នុងការទិញផ្ទះសម្រាប់រស់នៅ។
ជាមួយគ្នានេះ លោក Takamiya Shigetaka មន្ត្រីជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន បានគូសបញ្ជាក់ថា បន្ទាប់ពីបានទស្សកិច្ចសិក្សានៅក្នុងគម្រោងលំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គលនេះហើយ លោកយល់ឃើញថា គម្រោងនេះ គឺជាគម្រោងលំនៅឋានមួយដែលបានអភិវឌ្ឍន៍យ៉ាងល្អ និងមានសោភណភាពស្រស់ស្អាត។
ជាពិសេសលោកពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលផ្ទះនៅក្នុងគម្រោងលំនៅឋានតម្លៃសមរម្យនេះ មានតម្លៃត្រឹមប្រមាណ៣ម៉ឺនដុល្លារតែប៉ុណ្ណោះ តែមានគុណភាព និងផាសុខភាពល្អ។
បើតាមលោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងបានផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលមានប្រាក់ចំណូលទាបនិងមធ្យម ក្នុងការទទួលបានលំនៅឋានមួយ ដែលមានបណ្ណកម្មសិទ្ធិប្លង់រឹងតកូន តចៅ និងបរិស្ថានរស់នៅប្រកបដោយសុខុមាលភាព សោភណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូរ ក្នុងតម្លៃទាបក្រោម៣ម៉ឺនដុល្លារប៉ុណ្ណោះ។
ជាពិសេស បច្ចុប្បន្ននេះ សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋក៏បានចូលមកដល់ក្នុងទីតាំងគម្រោង ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋរស់នៅក្នុងគម្រោងផងដែរ៕