ជាក់ស្ដែង កាលពីពេលថ្មីៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត តាមរយៈការអភិវឌ្ឍន៍ និងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ទាំងអស់ឲ្យអស់សក្តានុពល និងបានលើកទឹកចិត្ត និងជំរុញឱ្យអ្នកអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ី រួមគ្នាបង្កើតក្រុមប្រឹក្សាអ្នកអភិវឌ្ឍផ្នែកឯកជន ដើម្បីចូលមកវិនិយោគក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់បន្ថែមទៀត។ ការជំរុញបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្រោយសង្កេតឃើញក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់នៅកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនហាក់មិនសូវមានសកម្មភាព និងប្រើប្រាស់ឲ្យអស់សក្ដានុពលនៅឡើយ។
ក្រុមអ្នកជំនាញ និង ជំនួញបានលើកឡើងថា បច្ចុប្បន្នការវិនិយោគក្នុងវិស័យកាត់ដេរ ហាក់មានការថយចុះបន្តិច ក៏ប៉ុន្តែការវិនិយោគក្រៅពីវិស័យកាត់ដេរ ហាក់មានសន្ទុះកើនឡើង តួយ៉ាងវិស័យឧស្សាហកម្ម-កែច្នៃជាដើម ព្រោះវិនិយោគិនភាគច្រើន ចូលចិត្តបរិយាកាសវិនិយោគដែលមានកន្លែងធំទូលាយ។ បើតាមឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាអះអាងថា រាល់គម្រោងវិនិយោគនៅកម្ពុជាទាំងអស់សុទ្ធតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងសង្គម មិនថានៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ឬក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ។ ក៏ប៉ុន្តែ ការជំរុញប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស ដែលមិនសូវមានសកម្មភាពឲ្យអស់សក្តានុពល និងជំរុញឲ្យវិនិយោគិនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាការលើកទឹកចិត្តបន្ថែមដល់វិនិយោគិន ស្របពេលច្បាប់វិនិយោគថ្មី ដែលទើបដាក់ឲ្យអនុវត្តក៏បានលើកទឹកចិត្តវិនិយោគិនបរទេសឲ្យមកវិនិយោគនៅកម្ពុជាទាំងក្នុងតំបន់ និងក្រៅតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជាបានលើកឡើងថា រាល់សកម្មភាពវិនិយោគមិនថានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬក្រៅតំបន់សេដ្ឋកិច្ចពិសេសនោះទេ គឺសុទ្ធតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែពាក់ព័ន្ធតំបន់សេដ្ឋកិច្ចពិសេសខ្លះមិនសូវទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារគម្រោងវិនិយោគនៅតំបន់នោះភាគច្រើន វាសមស្របនឹងស្ថានភាពវិនិយោគនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសច្រើនជាង។ ម្យ៉ាងវិញទៀត វិស័យមួយចំនួនដែលមានការចាប់អារម្មណ៍ពីវិនិយោគិនភាគច្រើនសុទ្ធតែនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈបច្ចុប្បន្នវិនិយោគិនភាគច្រើនបានងាកទៅចាប់អារម្មណ៍វិនិយោគនៅតាមតំបន់ជនបទច្រើនជាងទីប្រជុំជន។
យ៉ាងណាក៏ដោយសម្រាប់អ្នកជំនាញរូបនេះ ដើម្បីបង្កើនការចាប់អារម្មណ៍ពីក្រុមអ្នកវិនិយោគឲ្យមានការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កម្ពុជាគម្បីបង្កើនភាពងាយស្រួលសម្រាប់វិនិយោគិន ជាពិសេសកាត់បន្ថយនូវភាពស្មុគស្មាញដែលទាក់ទងឯកសារគតិយុត្តិផ្សេងៗ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាបានអនុម័តគម្រោងវិនិយោគ និងគម្រោងពង្រីកផលិតកម្ម ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៤៣គម្រោង ជាមួយទុនវិនិយោគសរុបជិត៥៨៨លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង១ម៉ឺន៧ពាន់កន្លែង។ ដោយឡែក នៅរយៈពេល៥ខែក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគ និងគម្រោងពង្រីកផលិតកម្ម ក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន១៦គម្រោង ជាមួយទំហំវិនិយោគជាង១រយលានដុល្លារ និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង៧ពាន់កន្លែង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕