ថ្មីៗនេះ អង្គការ យូនីសែហ្វ (UNICEF) បានផ្សាយថា រដ្ឋាភិបាលកម្ពុជាបានដឹកនាំការស្រាវជ្រាវមួយ ដោយបានតេស្តសាកល្បងទៅលើអំបិល ១០មុខ ដែលលក់នៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជា។
លទ្ធផលនៃការតេស្តទៅលើអំបិលទាំង១០មុខនោះ បានបង្ហាញថា មានតែអំបិលមួយមុខតែប៉ុណ្ណោះ ត្រូវបានរកឃើញថា មានផ្ទុកជាតិអ៊ីយ៉ូដគ្រប់គ្រាន់។
ការសិក្សានោះបញ្ជាក់បន្ថែមថា នេះគឺជាកង្វល់ដ៏ធ្ងន់ធ្ងរសម្រាប់សុខភាពសាធារណៈ បន្ទាប់ពីការស្រាវជ្រាវថ្មីនេះបង្ហាញថា អំបិលភាគច្រើនបំផុតដែលចរាចរលើទីផ្សារកម្ពុជា បែរជាពុំមានជាតិអ៊ីយ៉ូដនោះ។
ការសិក្សាដដែលនេះ ក៏បានធ្វើតេស្តទៅលើទឹកនោមរបស់ស្ត្រីមានផ្ទៃពោះ និងស្ត្រីធម្មតាទូទៅផងដែរ ដើម្បីរកមើលកម្រិតជាតិអ៊ីយ៉ូដនៅក្នុងខ្លួនមនុស្សស្រី។ លទ្ធផលនៃការធ្វើតេស្តបង្ហាញថា ស្ត្រីមានផ្ទៃពោះ និងស្ត្រីមិនមានផ្ទៃពោះ សរុបប្រហែល ៣០ភាគរយ មានកម្រិតជាតិអ៊ីយ៉ូដទាបជាង ៥០មីក្រូក្រាមក្នុងមួយលីត្រ ដែលនេះគឺជាកម្រិតអប្បបរមា។
ចុះបើអំបិលគ្មានផ្ទុកជាតិអ៊ីយ៉ូដ តើប៉ះពាល់អ្វីដល់សុខភាពសាធារណៈ?
អង្គការយូនីសែហ្វ បានពន្យល់ថា ទារកដែលកើតពីម្ដាយខ្វះជាតិអ៊ីយ៉ូដ ប្រឈមមុខនឹងបញ្ញាខ្សោយក្រោយកើតមក ឬមានកម្រិតបញ្ញា (IQ) ទាបជាងកម្រិត ១៣ពិន្ទុ។ ផលវិបាកសម្រាប់ក្មេងដែលកើតមកដោយខ្វះជាតិអ៊ីយ៉ូដនេះ មិនមែនមានរយៈពេលខ្លីនោះទេ ពោលគឺមានរយៈពេលពេញមួយជីវិតតែម្ដង។
ចុះបើអំបិលភាគច្រើនដែលចរាចរលើទីផ្សារកម្ពុជាគ្មានផ្ទុកជាតិអ៊ីយ៉ូដអ៊ីចឹង តើគួរដោះស្រាយដូចម្ដេច? អង្គការយូនីសែហ្វ មិនមែនបានត្រឹមតែរកឃើញទេ ប៉ុន្តែ នៅថែមផ្ដល់ជាមតិសម្រាប់កែលម្អទៀតផង។
អង្គការនេះប្រាប់ថា គេត្រូវការយុទ្ធសាស្ត្រថ្មីដើម្បីទប់ស្កាត់វិបត្តិសុខភាពសាធារណៈ ហើយកែលម្អបញ្ហាអំបិលគ្មានជាតិអ៊ីយ៉ូដនៅក្នុងប្រទេសកម្ពុជា។
យូនីសែហ្វ បានណែនាំនូវឧបករណ៍មួយហៅថា “Nimbler” ជាបច្ចេកវិទ្យាដ៏សាមញ្ញមួយ ដែលជួយបន្ថែមជាតិអ៊ីយ៉ូដទៅក្នុងផលិតផលអំបិលសម្រេច។ យូនីសែហ្វ ប្រាប់ថា ឧបករណ៍ “Nimbler” នេះ ទើបតែមាននៅស្រុកខ្មែរយើង ៦គ្រឿងប៉ុណ្ណោះ បន្ទាប់ពីមានជំនួយឧបត្ថម្ភពីអង្គការនេះដោយផ្ទាល់ និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ ហៅថា USAID Cambodia។
ចុះឧបករណ៍នេះសម្រាប់ឲ្យពលរដ្ឋខ្មែរទូទៅប្រើប្រាស់មែនទេ? ស្ថាបនិកមួយដែលបានបង្កើតឧបករណ៍នេះ គឺលោក Lorenzo Locatteli-Rossi បានប្រាប់ថា ឧបករណ៍ Nimbler គឺជាម៉ាស៊ីនបញ្ចូលជាតិអ៊ីយ៉ូដ ដែលត្រូវបានគេផលិតឡើងតម្រូវទៅតាមអ្នកផលិតអំបិលខ្នាតតូចនិងមធ្យម។
ឧបករណ៍នេះអាចដំណើរការបានទាំងនៅតំបន់មាន ឬក៏គ្មានភ្លើងអគ្គិសនី ហើយវាពិតជាសក្ដិសមល្អណាស់សម្រាប់អ្នកអាជីវករលក់អំបិលជាច្រើននៅតាមតំបន់ជនបទ ក្នុងប្រទេសកម្ពុជា។
ចុះបើការសិក្សានេះរកឃើញបែបនេះហើយ ប៉ុន្តែ បែរជាមិនមានការកែលម្អនោះ តើនឹងមានអ្វីកើតឡើង? អង្គការ យូនីសែហ្វ បញ្ជាក់ថា បញ្ហានេះធ្វើឲ្យអន្តរាយដល់គោលដៅជាតិរបស់រដ្ឋាភិបាលកម្ពុជា ដែលចង់កែលម្អលទ្ធផលនៃការសិក្សារបស់ប្រជាជន។ ការពិតទៅ រដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តតាំងពីយូរមកហើយ ដើម្បីលុបបំបាត់កង្វះខាតអំបិលអ៊ីយ៉ូដ នៅក្នុងប្រទេសកម្ពុជា ដែលការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនេះ កើតមានតាំងពីដើមទសវត្សរ៍២០០០មកម៉្លេះ៕