ចិនថាខ្លួនមិនបានដាក់បម្រាមទៅលើទូរស័ព្ទ iPhone របស់ Apple ទេ

ចិនថា ខ្លួនមិនបានដាក់បម្រាមលើទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នោះទេ


ជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ អ្នកនាំពាក្យរដ្ឋាភិបាលចិនបាននិយាយថា ប្រទេសចិនមិនបានហាមឃាត់ការប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុនអាមេរិក Apple តាមរយៈច្បាប់ ឬបទបញ្ជាផ្លូវការណាមួយនោះទេ ខណៈដែលអ្នកវិភាគមួយចំនួនយល់ឃើញថា ការលក់ទូរស័ព្ទ iPhone 15 នៅទីផ្សារចិនក្នុងពេលខាងមុខនេះទំនងជាមិនសូវជាល្អប្រសើរនោះទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
ចិនថាខ្លួនមិនបានដាក់បម្រាមទៅលើទូរស័ព្ទ iPhone របស់ Apple ទេ
ដោយ

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃពុធថា ប្រទេសចិនមិនបានចេញច្បាប់ បទប្បញ្ញត្តិ ឬឯកសារគោលនយោបាយណាមួយហាមឃាត់ការទិញ និងប្រើទូរស័ព្ទដៃបរទេសដូចជា iPhone ជាដើមនោះទេ។ ការចេញមកបញ្ជាក់បែបនេះរបស់លោកស្រី ម៉ៅ នីង ធ្វើឡើងដើម្បីឆ្លើយតបនឹងសេចក្ដីរាយការណ៍របស់សារព័ត៌មានមួយចំនួន ដែលថាទីភ្នាក់ងាររដ្ឋាភិបាលចិនបានរឹតបន្តឹងលើការប្រើប្រាស់ទូរស័ព្ទ iPhone នៅក្នុងចំណោមបុគ្គលិករដ្ឋាភិបាល។

លោកស្រីបានបន្ថែមថា ថ្មីៗនេះចិនបានកត់សម្គាល់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីបញ្ហាសុវត្ថិភាពទាក់ទងនឹងទូរស័ព្ទ iPhone ដូច្នេះហើយរដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្លាំងចំពោះសន្តិសុខអ៊ីនធឺណិត និងព័ត៌មានវិទ្យានៅតាមក្រុមហ៊ុនចិន និងក្រុមហ៊ុនបរទេសស្មើៗគ្នា។

យ៉ាងណាមិញមានអ្នកខ្លះបានប៉ាន់ស្មានដោយផ្អែកលើការកត់សម្គាល់របស់រដ្ឋាភិបាលនេះថា រដ្ឋាភិបាលកំពុងដាក់ការកំណត់លើការប្រើប្រាស់ទូរស័ព្ទ iPhone សម្រាប់អាជីវកម្មផ្លូវការតាមរយៈការជូនដំណឹងដោយផ្ទាល់មាត់ ឬមធ្យោបាយក្រៅផ្លូវការផ្សេងទៀត។
ក្រសួងការបរទេសចិនជាមួយនឹងស្ថាប័នរដ្ឋាភិបាលកណ្តាលផ្សេងទៀតបានណែនាំជាយូរមកហើយដោយតម្រូវឱ្យបុគ្គលិកប្រើប្រាស់ផលិតផលរបស់ចិនជំនួសម៉ាកផលិតផលបរទេសដូចជាផលិតផលរបស់ក្រុមហ៊ុន Huawei Technologies ជាដើម។ រដ្ឋាភិបាលចិនបានរឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់បុគ្គលិក ដើម្បីឆ្លើយតបនឹងភាពតានតឹង ដែលកើនឡើងជាមួយអាមេរិក។
រដ្ឋាភិបាលក្នុងតំបន់ និងសហគ្រាសគ្រប់គ្រងដោយរដ្ឋ ក៏បានចាប់ផ្តើមដាក់កម្រិតលើការប្រើប្រាស់ iPhone សម្រាប់អាជីវកម្ម ឬការងារផ្លូវការផងដែរ ហើយអ្នកបម្រើសេវាសាធារណៈជាច្រើនមាន iPhone សម្រាប់ប្រើផ្ទាល់ខ្លួន ខណៈ iPhone មានចំណែកទីផ្សារប្រមាណ១៥%នៃទីផ្សារនៅប្រទេសចិន។
លោក អាឈី ហ្សាង (Archie Zhang) អ្នកវិភាគស្រាវជ្រាវនៅក្រុមហ៊ុន Counterpoint បាននិយាយថា នេះមិនមែនជាសញ្ញាល្អសម្រាប់ទូរស័ព្ទ iPhone 15 ក្នុងពេលខាងមុខនេះទេ ហើយម្យ៉ាងទៀតតម្រូវការមួយចំនួនត្រូវបានបំពេញរួចទៅហើយជាមួយផលិតផលរបស់ក្រុមហ៊ុន Huawei ដែលបានចេញលក់ថ្មីៗនេះ។ អ្នកវិភាគរូបនេះបានព្យាករថា ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី៣ និងទី៤ នឹងធ្លាក់ចុះជាងឆ្នាំមុនបន្តិចបន្តួច។
ចំណែកលោក Will Wong អ្នកវិភាគនៅក្រុមស្រាវជ្រាវឧស្សាហកម្ម IDC បានមើលឃើញការអភិវឌ្ឍវិស័យសាធារណៈថ្មីៗនេះ និងក្រុមហ៊ុន Huawei គឺជាឧបសគ្គសម្រាប់ក្រុមហ៊ុន Appleដោយលោកបញ្ជាក់ថា ការលក់ទូរស័ព្ទ iPhone 15 នឹងមិនងាយស្រួលនោះទេ ជាពិសេសចាប់តាំងពីអ្នកប្រើប្រាស់នៅចិនកំពុងប្រុងប្រយ័ត្នចំពោះចំណាយរបស់ពួកគេ ឬងាកទៅការកម្សាន្ត ឬក៏ការធ្វើដំណើរជំនួសវិញ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃគ្រោងបង្កើនកញ្ចប់ថវិកាចំណាយដល់ជាង៩៧ពាន់លានដុល្លារនៅឆ្នាំ២០២៤

រដ្ឋាភិបាលថៃដែលដឹកនាំដោយលោក ស្រ៊ីថា ថាវេស៊ីន ជានាយករដ្ឋមន្រ្តីគ្រោងនឹងស្នើសុំកញ្ចប់ថវិកាជាតិនៅឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់សរុបដល់ទៅជាង៣…

កូរ៉េខាងជើងប្តូរផ្តាច់គាំទ្រសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ខណៈម៉ូស្គូសន្យាជួយព្យុងយ៉ាងផលិតផ្កាយរណប

មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទីក្រុងភាគខាងកើតប្រទេសរុស្សីកាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា។ នៅក្នុងដំណើរដ៏កម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ