កិច្ចសហការរវាងកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ

កិច្ចសហការរវាងកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងត្រូវពង្រឹង និងពង្រីកឥតឈប់ឈរ និងនាំមកនូវលទ្ធផលផ្លែផ្កា


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជឿជាក់យ៉ាងមុតមាំថា កិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរហើយនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ក្រោមការដឹកនាំរបស់លោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងលោកស្រី Sandrine Boucher នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍថ្មីប្រចាំកម្ពុជា។
កិច្ចសហការរវាងកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងត្រូវពង្រឹង និងពង្រីកឥតឈប់ឈរ និងនាំមកនូវលទ្ធផលផ្លែផ្កា រូបភាព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយ

កន្លងមក AFD បានចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជនផងដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបសម្តែងការគួរសមជាមួយ លោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន។ ជាក់ស្តែង ក្នុងរយៈពេល៣០ ឆ្នាំចុងក្រោយនេះ តាមរយៈ AFD សាធារណរដ្ឋបារាំងបានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨៨ លាន អឺរ៉ូដល់កម្ពុជា ក្នុងនោះមានឥណទានសម្បទានចំនួន ៥៣៣ លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ១៧៨ លានអឺរ៉ូ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវជនបទ ប្រព័ន្ធធារាសាស្ត្រ កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំនិងសុខាភិបាល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បានឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ និងទាន់ពេលវេលាស្របតាមកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស បានអនុលោមទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, យុទ្ធសាស្ត្រចតុកោណ, យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណូលសាធារណៈ ក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវី១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ និងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២ - ២០២៤ ជាដើម ។

ទន្ទឹមនេះ លោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍថ្មី បានសម្តែងនូវអំណរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងទទួលបានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Jean-Pierre Marcelli បានគូសបញ្ជាក់ផងដែរថា AFD នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្ពុជាឱ្យស្របទៅនឹងបរិការណ៍បច្ចុប្បន្នផងដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលបារាំងនៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០-១២០ លានអឺរ៉ូ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD ដែលផ្តោតទៅលើគោលដៅសំខាន់បី គឹទី១.ការអភិវឌ្ឍដែលបន្សំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ទី២. ការចូលរួមបង្កើតការងារ និងកំណើនសេដ្ឋកិច្ច និងទី៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ៕




អត្ថបទបន្ទាប់


ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូទទួលបានការកក់ជាហូរហែនៅថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌខាងមុខ

ព័ត៌មាន
បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅតាមខេត្តគោលដៅទេសចរណ៍ធំៗមួយចំនួនទទួលបានការកក់ជាហូរហែពីភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅមុនមួយសប្ដា…

មេដឹកនាំប្រទេសធំៗនៅលើពិភពលោក អំពាវនាវឱ្យមានវិធានការជាបន្ទាន់លើបញ្ហាអសន្តិសុខស្បៀងអាហារ

ព័ត៌មាន
ស្របពេលដែលតម្លៃស្បៀងអាហារហក់ឡើងខ្ពស់ ចំពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង មេដឹកនាំពិភពលោកបានអំពាវនាវកាលពីថ្ងៃអង្គារ ទី ២០ ខែកញ្ញា ឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ