យោងតាមការចុះផ្សាយដោយសារព័ត៌មានធំៗមួយចំនួន ក្រុមហ៊ុនមានមូលដ្ឋាននៅតៃវ៉ាន់ ជ្រកក្រោមឈ្មោះ Hon Hai Precision Industry គ្រោងនឹងសាងសង់រោងចក្រផលិតគ្រឿងបន្លាស់ iPhone នៅលើផ្ទៃដីទំហំ១២០ហិចតា នៅជិតព្រលានយន្តហោះក្នុងទីក្រុង Bengaluru ភាគខាងត្បូងប្រទេសឥណ្ឌា។ ក្រៅផលិតគ្រឿងបន្លាស់ iPhone រោងចក្រនេះក៏អាចនឹងដំឡើងទូរសព្ទ និងគ្រឿងបន្លាស់ផ្សេងៗ សម្រាប់បម្រើដល់ដំណើរការផលិតឧបករណ៍អេឡិចត្រូវនិកនៅក្រោមផ្លាកសញ្ញាពាណិជ្ជ Apple ផងដែរ។
ក្រុមហ៊ុន Apple មិនបានបញ្ជាក់អំពីព័ត៌មាននេះនោះទេ ប៉ុន្តែគេដឹងថា ការវិនិយោគនេះគឺជាគម្រោងវិនិយោគដ៏ធំបំផុតមួយរបស់ Foxconn នៅក្នុងប្រទេសឥណ្ឌា ក្រោយពេលដែលក្រុមហ៊ុននេះកំពុងប្រឈមមុខនឹងបញ្ហាហានិភ័យលើដំណើរការផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសចិន។
នៅពេលនេះ ក្រុមហ៊ុន Apple និងក្រុមហ៊ុនម៉ាកយីហោអាមេរិកផ្សេងទៀតដែលកំពុងពឹងផ្អែកលើអ្នកផ្គត់ផ្គង់ដែលមានមូលដ្ឋាននៅប្រទេសចិន គឺកំពុងតែស្វែងរកទីតាំងនានាដើម្បីជំនួសដូចជាប្រទេសឥណ្ឌា និងវៀតណាមជាដើម។
ពាក់ព័ន្ធនឹងព័ត៌មាននេះ ប្រធានក្រុមហ៊ុន Hon Hai គឺ លោក យ៉ង់ លូ ដែលបានជួបនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏មិនបានធ្វើអត្ថាធិប្បាយលើការវិនិយោគនៅនេះដែរ ដោយលោក បាននិយាយថា ដំណើរកម្សាន្តរបស់លោកក្នុងសប្តាហ៍នេះ បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ Foxconn ក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ ជួបមិត្តចាស់ និងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការអភិវឌ្ឍន៍គ្រឿងអេឡិចត្រូនិក និងរថយន្តអគ្គិសនី។
លោកបានបន្តថា Foxconn នឹងបន្តទំនាក់ទំនងជាមួយរដ្ឋាភិបាលក្នុងតំបន់ ដើម្បីស្វែងរកឱកាសអភិវឌ្ឍន៍ដែលមានប្រយោជន៍បំផុតសម្រាប់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធទាំងអស់។ នៅពេលនេះមូលដ្ឋានផលិត iPhone ដ៏ធំទូលាយរបស់ក្រុមហ៊ុន Apple គឺនៅក្នុងទីក្រុងចេងចូវ ប្រទេសចិន ដោយនៅទីនោះមានបុគ្គលិកនិងកម្មករសរុបវប្រហែល២០ម៉ឺននាក់៕